ចំណុចទាំង៧ គន្លឹះជួយហ្វឹកហាត់ចិត្តគំនិតកូនអ្នកឲ្យបានល្អប្រសើរ

  • 2024-10-17 01:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លោកប៉ា អ្នកម៉ាក់គ្រប់រូបតែងមានកង្វល់ចំពោះកូនៗជាទីស្រលាញ់របស់ខ្លួន ពាក់ព័ន្ធនឹងការអភិវឌ្ឍផ្នែកស្មារតី និងចិត្តគំនិត ហើយតែងតែព្យាយាមរិះរកវិធីអប់រំពួកគេដើម្បីឲ្យកូនក្លាយជាបុគ្គលដែលមានចិត្តគំនិតល្អប្រសើរ។ ការបណ្តុះកូនឲ្យមានចិត្តគំនិតល្អប្រសើរតាំងពីកុមារភាពទៅនឹងក្លាយជាប្រយោជន៍ដ៏ល្អសម្រាប់ពួកគេនាថ្ងៃអនាគត។

ការយកចិត្តទុកដាក់ថែរក្សាសុខភាពចិត្តគំនិតរបស់កូននៅវ័យកុមារភាព នឹងផ្តល់ផលល្អដល់ពួកគេនាថ្ងៃអនាគត។ គន្លឹះ ៧ចំណុចខាងលើអាចជួយឲ្យលោកប៉ាអ្នកម៉ាក់ទាំងឡាយស្វែងយល់ អនុវត្តតាម និងកែប្រែប្រសិនបើការប្រព្រឹត្តនាពេលកន្លងមកមានកំហុសឆ្គងដើម្បីជាជំនួយដល់ឲ្យកុមារមានចិត្តគំនិតល្អប្រសើរ៖

១. ធ្វើជាគំរូរបស់កូន ដោយសារតែឪពុកម្តាយជាអ្នកដែលជិតស្និទ្ធ និងមានទំនាក់ទំនងស្អិតរមួតនឹងកូនជាងគេ ដូច្នេះការចូលរួមចំណែកពីលោកអ្នកជារឿងមួយសំខាន់។ ឪពុកម្តាយប្រៀបដូចជាកញ្ចក់ឆ្លុះសម្រាប់កុមារ ដោយសារស្ថិតនៅក្នុងវ័យនេះ កុមារអាចរៀនសូត្រចេះចាំបានយ៉ាងងាយនូវរាល់សកម្មភាព មិនថាជាកាយវិការ ពាក្យសម្តី ទម្លាប់ ឬអាកប្បកិរិយាផ្សេងៗ។ មាតាបិតាគួរគប្បីបង្ហាញនូវទម្លាប់ ឬអាកប្បកិរិយាល្អៗឲ្យកូនៗអនុវត្តតាម។

២. យកចិត្តទុកដាក់លើសកម្មភាព និងអាកប្បកិរិយាកូនៗ ការសង្កេតដោយយកចិត្តទុកដាក់លើសកម្មភាព និងអាកប្បកិរិយាកូនៗរបស់លោកអ្នកមានសារៈសំខាន់មិនត្រឹមតែធ្វើឲ្យឪពុកម្តាយមានឱកាសស្វែងយល់ពីកូនៗនោះទេ ថែមទាំងធ្វើឲ្យកុមារមានភាពក្លាហានក្នុងការបង្ហាញពីគំនិតនិងអារម្មណ៍របស់ពួកគេ។ កុមារតែងបង្ហាញអារម្មណ៍របស់គេតាមរយៈអាកប្បកិរិយា និងពាក្យសម្តី។ ដូច្នេះនៅពេលពួកគេមានកាយវិការ ឬសម្តីប្លែកខុសពីធម្មតា វាអាចជាសញ្ញាបង្ហាញថាកុមារមានបញ្ហាណាមួយដែលត្រូវការជំនួយការណែនាំ ឬការលើកទឹកចិត្ត។ ឪពុកម្តាយត្រូវព្យាយាមចំណាយពេលវេលាស្វែងយល់ សួរសំណួរនិងស្តាប់ពួកគេឲ្យបានច្រើន មិនថាជាចំណង់ចំណូលចិត្ត សកម្មភាព តម្រូវការ ឬបញ្ហាដែលពួកគេជួបប្រទះ។

៣. លើកសរសើរនៅពេលជោគជ័យ ជាជាងផ្តោតទៅលើថាតើកូនរបស់លោកអ្នកជោគជ័យ ឬមិនជោគជ័យលើរឿងអ្វីមួយ ឪពុកម្តាយគួរតែសាកល្បងលើកសរសើរ លើកទឹកចិត្តចំពោះការព្យាយាម និងប្រឹងប្រែងរបស់ពួកគេ។ នេះមិនត្រឹមតែជួយកូនៗក្នុងការជំនះឧបសគ្គ ថែមទាំងអាចជួយបណ្តុះគំនិត ពង្រឹងស្មារតីក្លាហានដែលជាកត្តាជំរុញឲ្យមានភាពជោគជ័យក្នុងជីវិត។

៤. បង្កើតទម្លាប់ល្អក្នុងការរស់នៅ ការបរិភាគអាហារមានតុល្យភាព ការសម្រាកបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណទៀងទាត់ជាគន្លឹះសំខាន់ ដែលវាមិនត្រឹមតែ ជួយឲ្យកុមារលូតលាស់ផ្នែករាងកាយ និងបង្កើតទម្លាប់ល្អសម្រាប់ខ្លួនគេតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអភិវឌ្ឍនូវបញ្ញាស្មារតីរបស់កុមារផងដែរ។ ឪពុកម្តាយគួរតែផ្តល់និងលើកទឹកចិត្តឲ្យកូនបរិភោគអាហារទាំងឡាយណាដែលផ្តល់ផលល្អដល់សុខភាព រួមទាំងចំណាយពេលធ្វើសកម្មភាពផ្សេងៗដូចជាលេងកីឡា ធ្វើដំណើរកម្សាន្តនានា ចូលរួមសកម្មភាពផ្សេងៗ និងណែនាំពួកគេឲ្យមានទម្លាប់គេងល្អ។

៥. ផ្តល់បរិយាកាសរស់នៅល្អ ការផ្តល់ឲ្យកុមារនូវបរិយាកាសរស់នៅប្រកបដោយក្តីស្រលាញ់ ភាពកក់ក្តៅ ការជឿជាក់ និងការយល់ចិត្តក៏ជាកត្តាមួយសំខាន់ដែរ។ កុមារមួយចំនួនដែលរស់នៅក្នុងស្ថានភាពខ្វះភាពកក់ក្តៅ ខ្វះភាពស្និទ្ធស្នាល បាត់បង់ទំនុកចិត្ត អាចបណ្តាលឲ្យពួកគេមិនអាច គ្រប់គ្រងអារម្មណ៍បាន និងក្លាយជាកុមារមានបញ្ហាផ្នែកស្មារតី។ កុមារមួយចំនួនត្រូវធំធាត់មកប្រឈមមុខនឹងស្ថានភាពបែបនេះតែម្នាក់ឯង ជាហេតុបណ្តាលឲ្យមានបញ្ហាក្នុងការលូតលាស់ចិត្តគំនិតរបស់ពួកគេ។

៦. ផ្តល់ឱកាសសម្រាប់កូនៗអ្នក ការផ្តល់ឱកាសឲ្យកូនរបស់លោកអ្នកមានឯករាជ្យភាពខ្លះ ក៏ជាកត្តាដ៏ចាំបាច់មួយសម្រាប់ពង្រឹងចិត្តគំនិតរបស់កុមារ។ នៅពេលកូនៗជួបបញ្ហា ឪពុកម្តាយអាចជួយពួកគេស្វែងយល់ពីបញ្ហានោះ ហើយបង្រៀនឲ្យពួកគេចេះរកដំណោះស្រាយ។ លោកអ្នកគួរតែសាកល្បងផ្តល់ឱកាសឲ្យពួកគេអាចសម្រេចចិត្តដោយខ្លួនឯងបាន។ឋ កាលណាពួកគេមានសេរីភាពក្នុងការគិត ពេលនោះផ្លូវចិត្តរបស់ពួកគេក៏មានភាពរឹងមាំផងដែរ។

៧. តែងតែស្វែងរកការពិគ្រោះជាមួយគ្រូពេទ្យឯកទេស ឬអ្នកជំនាញចិត្តសាស្ត្រ ប្រសិនបើលោកអ្នកសង្ស័យថាកូនមានបញ្ហាផ្លូវចិត្តលោកអ្នកគួរតែស្វែងរកការពិគ្រោះជាមួយគ្រូពេទ្យឯកទេស ឬអ្នកជំនាញផ្នែកចិត្តសាស្ត្រដើម្បីទប់ស្កាត់ និងព្យាបាលបញ្ហានេះ។ ផលវិបាកនៃការប៉ះពាល់ផ្លូវចិត្តរបស់កុមារនឹងបណ្តាលឲ្យកុមារមានគំនិតអវិជ្ជមានចំពោះខ្លួនឯង មានឥរិយាបថមិនល្អនៅសាលារៀន ក៏ដូចជាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ឪពុកម្តាយមានតួនាទីសំខាន់ណាស់ក្នុងការធានាការលូតលាស់ផ្នែកចិត្តគំនិត និងស្មារតីរបស់កូនៗខ្លួន។

ប្រភព៖ kidshealth ប្រែ​សម្រួល៖ សិរីរត្នន៍