Zhao Li Ying មួម៉ៅ​ដោយ​សារ តារា​ស្រីសិស្ស​ប្អូន​ជះ​លុយ​ទិញ​តួ​ក្នុង​រឿង​ថ្មី

  • 2020-03-25 02:40:00
  • ចំនួនមតិ 273 | ចំនួនចែករំលែក 281

កម្រង​រូបភាព និង​វីដេអូ​ក្រៅ​ឆាក​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា កំពូល​តារា​សម្ដែង​ស្រី​ចិន Zhao Li Ying ហាក់​មិន​ពេញ​ចិត្ត​នឹង​តួ​រង​ក្នុង​រឿង​ថ្មី​របស់​ខ្លួន​ឡើយ ខណៈ​មាន​ប្រភព​ឲ្យ​ដឹង​ថា តារា​រូប​នេះ​ចំណាយ​លុយ​ទិញ​តួ។

បណ្ដាញ​ព័ត៌មាន Sohu បាន​រាយការណ៍​ថា ក្រោយ​ផ្អាក​អស់​មួយ​រយៈ​ពេលដោយ​សារ​វីរុស Covid 19នោះ នៅ​ពេល​នេះ ក្រុម​ការងារ​របស់​ខ្សែភាពយន្ត​ភាគ The Legend of Fei ដែល​មាន​កំពូល​តារា​សម្ដែង​ស្រី​ចិន Zhao Li Ying ជា​តួឯក​នោះ បាន​ដំណើរ​ការ​ថត​វិញ​ជា​ធម្មតាវិញ​ហើយ។

នៅ​ក្នុង​កម្រង​រូបភាព និង​វីដេអូ​ដែល​ត្រូវ​បាន​បញ្ចេញ​ដោយ​ប្រភព​ខាង​លើ​នោះ គេ​សង្កេត​ឃើញ​មាន​ឈុត​សម្ដែង​របស់ Zhao Li Ying និង Zhou Jieqiong អតីត​សមាជិក​ក្រុម​ចម្រៀង IOI។ តាម​ប្រភព​ជា​ច្រើន មុន​នោះ អ្នក​ម្ដាយ​កូន​១​ មិន​ពេញ​ចិត្ត​នឹង​តារា​ស្រី​ជើង​ថ្មី​រូប​នេះ​ឡើយ ត្បិត​នៅ​ក្នុង​រឿង Jieqiong បាន​ត្រឹម​ដើរ​តួ ជា​ប្អូន​ថ្លៃ​របស់ Li Ying និង​ជា​តួ​បន្ទាប់​បន្សំ​តែ​ប៉ុណ្ណោះ ។

យ៉ាងណាក្ដី ដោយ​សារ​តែ​មាន​ផលិតកម្មធំ​ឈរ​ពី​ក្រោយ​ខ្នង ក្រោយ​មក​ផលិតកម្ម​នេះ​ក៏​បោះ​ទុនបន្ថែម​ដើម្បី​បង្កើន​សាច់​រឿង​ឲ្យ​តារា​ថ្មី​ខាងលើ ដើម្បី​ឲ្យ​នាង​មាន​ឈុត​សម្ដែង​ច្រើន​ជាង​មុន ថែម​ទាំង​មាន​ឈុត​ស្និទ្ធិស្នាល​នឹង​តួ​ឯក​ប្រុស​ទៀត​ផង។

ការ​ឲ្យ​តារា​ថែម​សាច់​រឿង​ខ្លួន​ឯង​បែប​នេះ បាន​ធ្វើ​ឲ្យ​ប្រពន្ធ​របស់​តារា​សម្ដែង​ប្រុស Feng Shao Feng មួម៉ៅ​យ៉ាង​ខ្លាំង​ដោយ​សារ​ខុស​សាច់​រឿង​ដើម​ដែល​នាង​ពេញ​ចិត្ត។ ប្រការ​នេះ​ក៏​ធ្វើ​ឲ្យ​រឿង​អូស​បន្លាយ​រយៈ​ពេល​ថត​ជាង​គម្រោង​ដើម​ដែរ។

នៅ​ក្នុង​កម្រង​រូប​ដែល Suho បញ្ចេញ គេ​សង្កេត​ឃើញ​ថា នៅ​ពេល​ឈរ​ក្បែរ​តួ​ដទៃ អ្នក​ម្ដាយ​កូន​១​វ័យ ៣២​ឆ្នាំ មាន​ទឹក​មុខ​រួសរាយ​ធម្មតា តែ​នៅ​ពេល​​ក្បែរ ស្រី​ស្អាត​វ័យ​២១​ឆ្នាំ ទឹក​មុខ​នាង​មិន​រីក​ឡើយ។ តាម​ប្រភព​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ការ​ដែល​ផលិតកម្ម​របស់​តារា​ស្រី​ថ្មី​នេះ ទិញ​ថែម​ឈុត​សម្ដែង​ឲ្យ​នាង​នោះ​គឺ ដោយ​សារ​រាល់​រឿង​ដែល Zhao Li Ying សម្ដែង​គឺ​តែង​ល្បី​ខ្លាំង ទើប​ពួក​គេ​មិន​ក្រែង​ក្នុង​ការ​ថែម​លុយ​ខ្លួនឯង ដើម្បី​ឲ្យ​តារា​ខ្លួន​ល្បី​ឡើយ។ The Legend of Fei គ្រោង​ចាក់​ផ្សាយ​នៅ​ចុង​ឆ្នាំ​២០២០​នេះ លើ​ប៉ុស្តិ៍ Hunan៕

អានបន្ត ច្បាស់​ណាស់​ថា​កម្ម៉ង់​ទិញ​រ៉ូប​ព្រះនាង តែ​ពេល​មក​ដល់​ដៃ​បែរ​ជា​រ៉ូប​អ្នក​បំរើទៅវិញ

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel