កំហុស ៥ យ៉ាង ធ្វើឲ្យស្បែកមុខឡើងមុនមិនឈប់
- 2019-12-12 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំហុស ៥ យ៉ាង ធ្វើឲ្យស្បែកមុខឡើងមុនមិនឈប់
មានមនុស្សស្រី ៧០% ហើយ ដែលបារម្ភខ្វាយខ្វល់ពីរូបសម្រស់ ជាពិសេសគឺបញ្ហាកើតមុនតែម្តង។ ពេលខ្លះវាជាប្រភេទមុនអ័រម៉ូន និងខ្លះទៀតកើតឡើង ដោយសារប្រតិកម្មជាមួយគ្រឿងសម្អាង បញ្ហាសុខភាព និងការថែរក្សាមិនបានល្អ។ មានទម្លាប់មួយចំនួន ដែលអ្នកត្រូវបំបាត់ចោល ដើម្បីកុំឲ្យមុន ចេះតែចេះមកឥតឈប់ឈរ។
១. មិនរក្សាអនាម័យឲ្យបានល្អ
អនាម័យគឺជារឿងចាំបាច់ដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ។ របស់របរដែលអ្នកប៉ះរាល់ថ្ងៃ រួមមានអេក្រង់ទូរសព្ទ កុំព្យូទ័រ ស្រោមខ្នើយ ភួយ សុទ្ធតែផ្ទុកទៅដោយមេរោគនិងបាក់តេរីមើលនឹងភ្នែកទទេមិនឃើញ។ ហេតុនេះហើយ ត្រូវលាងសម្អាតសម្ភារៈប្រើប្រាស់ ឲ្យបានស្អាតល្អ ដើម្បីការពារមិនឲ្យបាក់តេរីអាក្រក់ៗឆ្លងចូលទៅក្នុងស្បែក ដែលជាកត្តាមួយអាចបណ្តាលឲ្យកើតមុនបានយ៉ាងងាយ។
២. ស្រ្តេស
ស្រ្តេស ភាពភ័យខ្លាចព្រួយបារម្ភ គិតច្រើនពេល ក៏ជាមូលហេតុនាំឲ្យចេញមុនដែរ។ ជាពិសេស សម្រាប់អ្នកដែលឆាប់ខឹង ខ្វល់ខ្វាយ និងឆាប់បញ្ចេញប្រតិកម្មពេលមានរឿងអ្វីមួយកើតឡើង ប្រៀបបានដូចជាអ្នក កំពុងតែធ្វើឲ្យរាងកាយបាត់បង់លំនឹងយ៉ាងច្រើន។ ប្រព័ន្ធភាពស៊ាំក៏ធ្លាក់ចុះ ដូច្នេះមុននឹងកើតចេញលើមុខជាក់ជាមិនខាន។ មិនតែប៉ុណ្ណោះ ស្បែករបស់អ្នក នឹងមានសភាពក្រៀមស្រអាប់មិនស្រស់ថ្លាផងដែរ។
៣. គេងមិនគ្រប់គ្រាន់
គេងមិនគ្រប់ ក្រៅពីធ្វើឲ្យអ្នកងងុយគេងនៅពេលថ្ងៃហើយ ថែមទាំងអាចបណ្តាលឲ្យរាងកាយចុះខ្សោយ បាក់តេរីកាន់តែកើនឡើងជាងពេលធម្មតា។ ទាំងនោះហើយ ជាមូលហេតុនាំឲ្យកើតមុន ភ្នែកស្រវាំង ឆាប់ភ្លេចភ្លាំង និងគ្មានអារម្មណ៍ស្រស់បស់ ដូចជាពេលគេងលក់ស្កប់ស្កល់ឡើយ។ សម្រាប់អ្នកដែលចូលចិត្តធ្វើការ ឬមើលរឿងភាគរហូតដល់យប់ជ្រៅខ្លាំងពេក ល្មមផ្លាស់ប្តូរទម្លាប់ចេញហើយ។
៤. ផឹកទឹកមិនបានគ្រប់គ្រាន់
ទឹកពិតជាសំខាន់ខ្លាំងណាស់ សម្រាប់សុខភាពនិងសម្រស់។ មិនត្រឹមតែជួយផ្តល់សំណើមដល់បំពង់កប៉ុណ្ណោះទេ ការផឹកទឹកឲ្យបានច្រើន អាចជួយបណ្តេញជាតិពុលពីក្នុងចំណីអាហារដែលអ្នកញ៉ាំចូលពោះ ដូចជាអាហារបំពង សាច់...។
៥. យកដៃប៉ះមុខញឹកញាប់
ជឿជាក់ថា គ្រប់គ្នាសុទ្ធតែមានទម្លាប់មួយនេះ ប៉ុន្តែយល់ល្អ គួរជម្រុះចោលឲ្យហើយទៅ។ នៅពេលដែលដៃមិនស្អាត វាអាចបញ្ជូនបាក់តេរីទៅកាន់ផ្ទៃមុខ បណ្តាលឲ្យចេញមុន នៅបរិវេណដែលអ្នកប៉ះនោះ។
យើងមិនអាចហាមឃាត់មុនបានទាំងស្រុងពិតមែន ប៉ុន្តែបើចេះពីវិធីការពារ យ៉ាងហោចណាស់ ក៏អាចទប់ស្កាត់បានច្រើនភាគរយដែរ៕
ចុចអានបន្ត៖ តិចនិក ៥ បួងសក់បានស្អាតរហ័សទាន់ចិត្ត