បង្កើនទំនុកចិត្តពេលស្លៀកខ្លី មិនខ្លាចជើងធំ ស្បែកខ្មៅស្រអាប់អាក្រក់មើល

  • 2019-09-23 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រៅ​ពី​មាន​ផ្ទៃ​មុខ​ស​រលោង​ហើយ ​ក្តី​ប្រាថ្នា​មួយ​ទៀត​របស់​នារី​គឺ​បាន​ជើង​ស្រឡូន ​ទន់​រលោង​។ ​ពេល​ស្លៀក​ខ្លី​​ម្តង​ៗ ​បើ​ជើង​ធំ​ដូច​ជើង​ជ្រូក ​ស្បែក​ជើង​​ឡើង​ខ្មៅ​ស្រអាប់ ប្រាកដ​ជា​អាក្រក់​មើល​មិន​ខាន​ឡើយ។ ​ដូច្នេះ ​កុំ​ឲ្យ​ពិបាក​ពេល​ខោ​ឬ​រ៉ូប​​ចេញ​ម៉ូដ​ថ្មី ហើយ​មិន​អាច​ស្លៀក​បាន ​គួរ​អនុវត្ត​តាម​វិធី​ខាង​ក្រោម៖

​១. ធ្វើ​លំហាត់​ប្រាណ​

​​អ្នក​អាច​ចាប់​ផ្តើម​ដោយ​ការ​ហាត់​ប្រាណ​លក្ខណៈ​ពិសេស​ដោយ​ផ្តោត​តែ​លើ​​ជើង។ ​លំហាត់​ងាយ​ៗ អ្នក​អាច​តម្រេក​ខ្លួន​លើ​កម្រាល ​ហើយ​លើក​ជើង​​ទាំង​ពីរ​ឡើង​លើ រួច​ធ្វើ​ចលនា​ដូច​ធាក់​កង់។ ​ធ្វើ​បែប​នេះ​១០-​១៥ ​នាទី​រាល់​ថ្ងៃ​។ ​ម្យ៉ាង​ទៀត ​អ្នក​អាច​រត់ ​ឬ​​ហែល​ទឹក ​និង​ជិះ​កង់​ក៏​បាន ​ដើម្បី​កាត់​បន្ថយ​ខ្លាញ់​នៅ​កំភួន​ជើង ​ឲ្យ​មើល​ទៅ​ស្លីម​ស្អាត។

២. ​ស្ក្រាប់​ស្បែក​ជើង​ឲ្យ​បាន​ទៀង​ទាត់

ខាត់​ស្បែក​អ្នក​យ៉ាង​ហោច​ឲ្យ​បាន​ ១​ -​ ២ ​ដង​ក្នុង​មួយ​អាទិត្យ ដើម្បី​ឲ្យ​ស្បែក​ស្អាត ពិសេស​តំបន់​ជើង​ដែល​នារី​ៗ​ប្រាថ្នា​ឲ្យ​ស្បែក​ស ទន់​រលោង ស្អាត។ ​ខាត់​ស្បែក​ជួយ​ជម្រុះ​កោសិកា​ចាស់​ៗ​ និង​ស្រូប​វីតាមីន​ពី​គ្រឿង​ផ្សំ​ធម្មជាតិ​របស់​ស្រ្កាប់។ ​អ្នក​អាច​យក​អំពិល​ទុំ ទឹក​ឃ្មុំ ក្រូច​ឆ្មា និង ស្ករ លាយ​គ្នា​ធ្វើ​ស្ក្រាប់​ នោះ​នឹង​បាន​ស្បែក​ជើង​ទន់​រលោង និង​ស​ស្អាត។

៣. លាប​ប្រេង​ផ្ដល់​សំណើម

ក្រោយ​ខាត់​ស្បែក​ដោយ​ប្រើ​ស្ក្រាប់​ហើយ ​​ជា​​ទូ​ទៅ​ស្បែក​តែង​ស្ងួត​ ដូច្នេះ​អ្នក​ត្រូវ​លាប​ឡេ​ផ្ដល់​សំណើម​ ដែល​ប្រៀប​ដូច​ជា​បន្ថែម​ជាតិ​ទឹក​ដល់​ស្បែក​ដែរ។ ម្ល៉ោះ​ហើយ ​អ្នក​គួរ​​លាប​ប្រេង​អូ​លីវ ​ប្រេង​ដូង ​ដែល​ជួយ​បន្ថែម​សំណើម​ដល់​ស្បែក​ និង​ជួយ​ឲ្យ​ស្បែក​ទន់​និង​មើល​ទៅ​ស្អាត​។

៤. ​កោ​រោម​ជើង

ដើម្បី​ឲ្យ​កាន់​តែ​មាន​ទំនុក​ចិត្ត នារី​ច្រើន​រូប មិន​ភ្លេច​វិធី​កោ​រោម​ជើង​ទេ ព្រោះ​យល់​ថា​មាន​តែ​វិធី​នេះ​ទេ​ទើប​សំខាន់។ ប៉ុន្តែ​អ្នក​អាច​នូវ​មាន​វិធី​ផ្សេង​ទៀត ដោយ​ក្រៅ​ពី​កោ​រោម​ជើង​ដោយ​ប្រើ​ផ្លែ​ឡាម ​អ្នក​អាច​ប្រើ​គ្រីម​សម្រាប់​ជំ​រុះ​រោម​ និង ​បាញ់​ Laser ​។

៥. ​លាប​​ឡេ​ជា​​ប្រចាំ

​​​​បើ​អ្នក​​តែង​នៅ​ក្នុង​បន្ទប់​ការិយាល័យ ឬ​ថ្នាក់​រៀន​មាន​ម៉ាស៊ីន​ត្រជាក់ នោះ​ស្បែក​នឹង​ឆាប់​បឺត​សំណើម​ដោយ​មិន​ដឹង​ខ្លួន។ ​ដូច​នេះ​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោយ​ការ​លាប​ឡេ​ឲ្យ​បាន​ញឹក​ញាប់ មិន​ថា​តែ​ស្បែក​រាង​កាយ​ទេ ​ស្បែក​កំភួន​ជើង​ក៏​ត្រូវ​លាប​ដែរ។

​៦. ​ប្រើ​គ្រីម​ជំនួយ

​សម្រាប់​អ្នក​ដែល​មាន​ស្នាម​សន្លាក់ ​ជ្រួញ ឬ​ស្នាម​មូ​ស​ខាំ​ អុជ​ខ្មៅ​លើ​ជើង ​​​ច្បាស់​ជា​គ្មាន​ទំនុក​ចិត្ត​ពេល​ស្លៀក​ខ្លី​ឡើយ។ ​ម្ល៉ោះ​ហើយ ត្រូវ​​ប្រើ​គ្រីម​លាប​ណា​ដែល​ផ្ទុក​ជាតិ​បំបាត់​​ស្នាម​ជ្រួញ វីតាមីន​ E ​វី​តាមីន ​C ​ដើម្បី​បាន​ស្បែក​ទន់​រលោង ​និង​កាន់​តែ​មាន​ជំ​នឿ​ចិត្ត​៕

ចុចអាន៖ ​​ ទិញផលិតផលប្រើរាល់ដង តិចអត់ដឹងអត្ថន័យនិមិត្តសញ្ញាទាំងនេះ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម