មេរោគខ្លាំង! របស់១០យ៉ាងមិនត្រូវប្រើចូលគ្នាដាច់ខាត ទោះមនុស្សជិតស្និទ្ធយ៉ាងណាក៏ដោយ

  • 2019-05-21 09:06:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា ការ​ប្រើ​របស់​​រួម​គ្នា​មួយ​ចំនួន​អាច​បង្ក​ជា​មេរោគ​ឆ្លង និង​ធ្វើ​ឱ្យ​គ្រោះថ្នាក់​បាន ទោះ​បី​មនុស្ស​ជិត​ស្និទ្ធ​ជាមួយ​គ្នា​កម្រិត​ណា​ក៏​ដោយ។ ដូច្នេះ​គួរ​ទុក​របស់​របរ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ឱ្យ​បាន​ស្រួល ហាម​ខ្ចី​គ្នា​ប្រើ បើ​មិន​ចង់​ឆ្លង​រោគ​ពី​គ្នា​ទេ​នោះ។ តួយ៉ាង​ដូច​របស់​ទាំង​១០​ខាង​ក្រោម​នេះ​ជា​ដើម៖

១. កន្ត្រៃ​កាត់​ក្រចក

តើ​អ្នក​ដឹង​ទេ? ក្នុង​ក្រចក​ដៃ​ក្រចក​ជើង​មនុស្ស​​យើង​មាន​មេរោគ​​និង​វីរុស​ច្រើន​ដែល​អាច​បង្ក​ជា​ជំងឺ​ផ្សិត​ដែល​ភ្នែក​ទទេ​មិន​អាច​មើល​ឃើញ។ ដូច្នេះ​ហើយ កន្ត្រៃ​កាត់​ក្រចក​អាច​ជា​អ្នក​ចម្លង​មេរោគ​និង​ជំងឺ​បាន​ងាយ។

២. ក្រវិល

នៅ​ក្នុង​ត្រចៀក​មនុស្ស​យើង​មាន​សរសៃ​ឈាម​ជា​ច្រើន​​ ហើយ​ពេល​ពាក់​ក្រវិល​ម្ដងៗ​អាច​មុត​ឬ​រលាស់​ឈាម​ដោយ​កន្ទុយ​ដង​​ក្រវិល​ដែល​មិន​ល្អ​ឡើយ​សម្រាប់​ការ​យក​មក​ប្រើ​រួម​គ្នា។ ប៉ុន្តែ​បើ​ជៀស​មិន​ផុត​ត្រូវ​ខ្ចី​ក្រវិល​គ្នា​ពាក់​ដោយ​ករណី​បន្ទាន់​ណា​មួយ​ គួរ​ជូត​សម្អាត​គន្លឹះ​ក្រវិល​ដោយ​អាល់កុល​ដើម្បី​សម្លាប់​មេរោគ​ជា​មុន​សិន។

៣. ក្រែម​លាប​មាត់

មិន​ថា​ជា​ក្រែម​លាប​មាត់​ប្រភេទ​ណា​ទេ ដាច់​ខាត​មិន​គួរ​យក​ទៅ​ប្រើ​ច្រើន​គ្នា​ឡើយ។ មូលហេតុ​គឺ​ថា​អាច​មាន​មេរោគ​ច្រើន​យ៉ាង​ដែល​នៅ​ជាប់​បបូរ​មាត់​មនុស្ស​ម្នាក់ៗ ជាពិសេស​ពពួក​វីរុស​ដែល​នាំ​ឱ្យ​បបូរ​មាត់​ទៅ​ជា​រមាស់ រយះ ឬ​រលាក​ជា​ដើម។ មិន​មែន​ជា​ការ​រើស​អើង ប៉ុន្តែ​យើង​មិន​ដឹង​ឡើយ​ថា​ ម្នាក់​ដែល​យើង​ត្រូវ​ចែក​រំលែក​ក្រែម​ជាមួយ​នោះ​បាន​សម្អាត​មាត់​ស្អាត​យ៉ាង​ណា​ឡើយ។

៤. ចន្ទាស​ដក​រោម

ការ​ប្រើ​ចន្ទាស​ដក​រោម មិន​ថា​រោម​ត្រង់​ណា​នៃ​ដង​ខ្លួន​ឡើយ វា​អាច​ទៅ​ជា​ដាច់​សាច់​ ឬ​ដក​ខ្លាំង​ពេក​ចេញ​ឈាម​ជា​ដើម។ ហេតុ​នេះ​បើ​យក​ទៅ​ប្រើ​រួម​គ្នា អាច​ចម្លង​មេរោគ​ដោយ​ប្រការ​ណាមួយ​មិន​ដឹង​ខ្លួន។

៥. រ៉ូលអន​លាប​ក្លៀក

​របស់​មួយ​នេះ ទោះ​មិន​បាច់​ប្រាប់​ក៏​ប្រហែល​គ្នា​យើង​ភាគ​ច្រើន​ដឹង​ដែរ។ ដោយ​សារ​ការ​ប៉ះពាល់​ផ្ទាល់​ជាមួយ​ស្បែក វា​អាច​ជាប់​បាក់តេរី​ដែល​មាន​នៅ​ក្រោម​ក្លៀក។ ដូច្នេះ​បើ​ប្រើ​រួម​គ្នា​ច្រើន​នាក់​អាច​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​មិន​ស្រណុក​ចិត្ត ឬ​រអើម សូម្បី​តែ​សមាជិក​ក្នុង​គ្រួសារ​តែ​មួយ​ក៏​ដោយ។ ម្យ៉ាង​ទៀត ផលិតផល​ប្រភេទ​នេះ​ត្រូវ​ប្រើ​នៅ​ពេល​ស្បែក​ស្ងួត តែ​អ្នក​ខ្លះ​មិន​ដឹង​ក៏​ប្រើ​ទាំង​ស្បែក​នៅ​សើម​ជា​អាច​​បង្ក​ជា​មេរោគ​ដោយ​ងាយ។

៦. សាប៊ូ​ដុំ​ដុស​ខ្លួន

មនុស្ស​ភាគ​ច្រើន​គិត​ថា​សាប៊ូ​ដុស​ខ្លួន​មាន​សមត្ថភាព​សម្លាប់​មេរោគ អ៊ីចឹង​ប្រើ​រួម​គ្នា​ប្រហែល​មិន​អី​ទេ។ ការ​គិត​បែប​នេះ​គឺមិន​ត្រឹម​ត្រូវ​ឡើយ ព្រោះ​មេរោគ​ខ្លះ​មិន​អាច​សម្លាប់​បាន​ទាំង​អស់​នោះ​ទេ ហើយ​វា​នឹង​ស្ថិត​នៅ​ជាប់​សាប៊ូ ពេល​មនុស្ស​ម្នាក់​ទៀត​យក​ទៅ​ដុស​ខ្លួន​ វា​នឹង​តោង​ជាប់​ស្បែក​ជា​មិន​ខាន។

៧. ក្រាស់​សិត​សក់

កុំ​ប្រើ​ក្រាស់​​​របស់​អ្នក​ដទៃ​មក​សិត​លើ​សក់​របស់​អ្នក​ឡើយ ព្រោះ​វា​អាច​បង្ក​ជា​ការ​ចម្លង​របស់​មិន​ស្អាត ដូច​ជា​ចៃ អង្គែ ឬ​កម​ដែល​មាន​នៅ​លើ​ស្បែក​គេ​ដោយ​មិន​ដឹង​ខ្លួន។

៨. កន្សែង​ជូត​ខ្លួន

ការ​ពិត​កន្សែង​ជូត​ខ្លួន​គឺ​ជា​សម្បុក​សម្រាប់​មេរោគ​យ៉ាង​ងាយ ជា​ពិសេស​កាល​ណា​ព្យួរ​កន្សែង​ក្នុង​បន្ទប់​ទឹក​ដែល​មាន​សភាព​សើម​ជាប់ វា​នឹង​មាន​ក្លិន​ផ្អួរ ឬ​ដុះ​ផ្សិត​ដែល​បង្ក​ជា​មេរោគ​ផ្សេងៗ។ ជា​លទ្ធផល បើ​អ្នក​ប្រើ​កន្សែង​រួម​គ្នា ឬ​សូម្បី​តែ​ប្រើ​ម្នាក់​ឯង​ក៏​ដោយ​តែ​មិន​បាន​សម្អាត​ឱ្យ​ស្អាត វា​នឹង​ធ្វើ​ឱ្យ​អ្នក​ឡើង​មុន កើត​រមាស់ ឬ​កន្ទួល​លើ​ស្បែក​ជា​ដើម។

៩. កាស​ស្ដាប់​ត្រចៀក

ដូច​គ្នា​ដែរ ទោះ​មិន​បាច់​ប្រាប់​ក៏​មាន​អារម្មណ៍​ថា​រអើម​ ពេល​ប្រើ​កាស​រួម​គ្នា​ដែរ។ ហេតុ​ផល​គឺ​ថា ក្នុង​ត្រចៀក​មនុស្ស​ម្នាក់​សុទ្ធ​តែ​មាន​របស់​មិន​ស្អាត ហើយ​បើ​យក​ពី​ត្រចៀក​គេ​ដែល​ពាក់​ហើយ​មក​ដាក់​ក្នុង​ត្រចៀក​យើង​ គឺ​ច្បាស់​ជា​របស់​មិន​ស្អាត​ទាំង​នោះ​ចូល​មក​ក្នុង​ត្រចៀក​យើង​ដែរ​មិន​ខាន។

១០. ជក់​​ឬ​ប៉ុង​ផាត់​មុខ

​បើ​អ្នក​មិន​ចង់​ដេក​ខូច​ចិត្ត​រឿង​ឡើង​មុន​លើ​មុខ​ទេ​នោះ ដាច់​ខាត​មិន​ត្រូវ​ខ្ចី​ ឬ​ឱ្យ​អ្នក​ណា​ខ្ចី​ជក់​ឬ​ប៉ុង​ផាត់​មុខ​ឡើយ។ ធម្មតា​ស្បែក​មនុស្ស​យើង​មាន​សភាព​ខុស​គ្នា​ អ្នក​ខ្លះ​ក៏​ស្បែក​ស្ងួត អ្នក​ខ្លះ​ស្បែក​ឡើង​ប្រេង​ អ្នក​ខ្លះ​រន្ធ​ញើស​ធំ​-តូច ខុស​គ្នាៗ​គ្នា។ ដូច្នេះ​បើ​យក​ជក់ ឬ​ប៉ុង​ដែល​ប៉ះ​ផ្ទាល់​លើ​ស្បែក​មុខ​មក​ប្រើ​រួម​គ្នា វា​នឹង​បង្ក​ជា​មេរោគ ឬ​មុន​លើ​ស្បែក​បាន។ វិធី​ល្អ​បំផុត គឺ​ទិញ​ជក់​និង​ប៉ុង​រៀង​ខ្លួន ហើយ​ប្រើ​ដោយ​ឧស្សាហ៍​សម្អាត​ទើប​សុវត្ថិភាព។

ក្រៅ​ពី​របស់​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ ក៏​នៅ​មាន​របស់​ផ្សេង​ទៀត​ដែល​អ្នក​មិន​គួរ​ប្រើ​រួម​គ្នា​ឡើយ​ដូច​ជា ច្រាស​ដុស​ធ្មេញ ប្រដាប់​កោរ​ពុកមាត់ជាដើម ព្រោះ​មេរោគ​មាន​នៅ​គ្រប់​កន្លែង ហើយ​មនុស្ស​ម្នាក់ៗ​ក៏​មាន​ការ​សម្អាត​ខុស​ៗ​គ្នា​ ស្ថានភាព​សុខភាព​ក៏​ខុស​គ្នា​ដែល​គួរ​មាន​របស់​ផ្ទាល់​ខ្លួន​ ជា​ជាង​​ប្រើ​ជាមួយ​គ្នា៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម