ចង់​ដឹង​គេ​ស្រឡាញ់​អ្នក​​ខ្លាំង​ប៉ុណ្ណា​ អាចមើល​តាម​រឿង​ទាំង​នេះ​បាន

  • 2019-01-20 07:20:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មនុស្ស​ជា​ច្រើន​អាច​និយាយ​ថា«ស្រឡាញ់» ​អ្នក តែ​មាន​មនុស្ស​តិច​ណាស់​ដែល​អ្នក​លះបង់​ដើម្បី​អ្នក​បាន។ បើ​សិន​ជា​អ្នក​ចង់​ដឹង​ថា​គេ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្លាំង​ប៉ុណ្ណា​​ចំពោះ​អ្នក​នោះ អ្នក​អាច​មើល​តាម​រឿង​ទាំង​នេះ​បាន ព្រោះ​បើ​​គេ​មាន​ចំណុច​ដូច​ខាង​ក្រោម​នេះ​ នោះ​គេ​ពិត​ជា​ចង់​រួម​រស់​ជាមួយ​អ្នក​មែន ៖​

រូបតំណាង

**១. ចែក​អាហារ​គ្នា​ញ៉ាំ**

មាន​មនុស្ស​ប្រុស​ជា​ច្រើន​មិន​សូវ​ជា​ចូលចិត្ត​ញ៉ាំ​អី​មួយ​២នាក់​ទេ ឬ​ក៏​ញ៉ាំ​របស់​​អី​ជាមួយ​គ្នា​នោះ​ទេ​ព្រោះ​គិត​ថា​មិន​សម។ ​បើ​គេ​អាច​ធ្វើ​រឿង​នេះ​បាន​មាន​ន័យ​ថា​ចិត្ត​គេ​ចំពោះ​អ្នក​គឺ​ខ្លាំង​លើស​ពី​ធម្មតា។ អ្នក​អាច​ចាត់​ទុក​ដូច​គ្រួសារ​តែ​មួយ​ដោយ​មិន​បាច់​ទើស​ទាល់​រឿង​ហ្នឹង។

២. តែង​ផ្ញើ​សារ​មក​សួរ​ពី​អ្នក

បើ​មិន​ឃើញ​អ្នក​ផ្ញើ​ទៅ​គេ​ទេ គេ​នឹង​ផ្ញើ​មក​សួរ​អ្នក។ ពេល​ខ្លះ​គ្រាន់​តែ​ចង់​ដឹង​ពី​អ្នក ក៏​គេ​សប្បាយ​ចិត្ត​ដែរ។ ពេល​ខ្លះ​គេ​អាច​នឹង​រវល់ តែ​មិន​ដែល​ភ្លេច​សួរ​ពី​អ្នក​ទេ ហើយ​ពេល​ខ្លះ​គ្រាន់​តែ​លឺ​សារ​ជា​សំឡេង​អ្នក​ថា​អ្នក​សុខសប្បាយ​​ក៏​គេ​ធូរចិត្ត​ដែរ។

៣. មិន​ដែល​ឆែកឆេរ​រឿង​ផ្ទាល់​ខ្លួន​អ្នក

មិន​ដែល​យក​ដៃ​គេ​ទៅ​លូកលាន់​ទូរស័ព្ទ​អ្នក ហើយ​ក៏​មិន​ដែល​ជីក​ឫស​ជីក​គល់​ពី​រឿង​ផ្ទាល់​ខ្លួន​អ្នក​ដែរ។ គេ​តែង​ផ្ដល់​ភាព​ជឿជាក់​ឲ្យ​អ្នក ធ្វើ​ឲ្យ​អ្នក​មាន​សុវត្ថិភាព​ដោយ​មិន​បាច់​តាម​ស៊ើប​ តាម​សួរ​នោះ​ទេ។ ត្រូវ​ចាំ​ថា​បើ​អ្នក​ណា​ឆែកឆេរ​រឿង​ឯកជន​អ្នក ម្នាក់​នោះ​គ្មាន​បំណង​នឹង​រួមរស់​ជាមួយ​អ្នក​ទេ ព្រោះ​គេ​មិន​អាច​ធ្វើ​ជា​មនុស្ស​ដែល​អ្នក​គួរ​តែ​ទុកចិត្ត​ឡើយ។

៤. តែង​តែ​ធ្វើ​រឿង​ជា​ច្រើន​សម្រាប់​អ្នក

ពេល​ខ្លះ​ទិញ​អាហារ​ដែល​អ្នក​ចូលចិត្ត​មក​ឲ្យ​អ្នក​ញ៉ាំ ខ្លះ​ក៏​ទិញ​របស់​អ្នក​ដែល​ស្រឡាញ់​ដោយ​អ្នក​មិន​បាច់​ទាមទារ។ ពេល​ខ្លះ​រឿង​តូច​តាច​ជា​ច្រើន​ដែល​អ្នក​គិត​ថា​គេ​មិន​សូវ​ខ្វល់​ តែ​គេ​បែរ​ជា​ខ្វល់។ មាន​មនុស្ស​ប្រុស​មិន​ច្រើន​ទេ ដែល​អាច​​ធ្វើ​រឿង​បែប​នេះ គឺ​មាន​តែ​មនុស្ស​ដែល​គេ​ស្រឡាញ់​អ្នក​ខ្លាំង​ប៉ុណ្ណោះ។

៥. កែប្រែ​អ្នក​ពី​អាក្រក់​ទៅ​ល្អ

ពេល​ខ្លះ​ប្រហែល​ជា​គេ​អាច​ស្ដី​ឲ្យ​អ្នក និង​ព្យាយាម​ផ្លាស់​ប្ដូរ​អ្នក​ តែ​បើ​នោះ​គ្រាន់​តែ​ចង់​ឲ្យ​អ្នក​ល្អ​ នោះ​អ្នក​ពិត​ជា​សំណាង​ណាស់​ដែល​មាន​គេ។ មាន​តែ​មនុស្ស​ដែល​មិន​ស្រឡាញ់​អ្នក​ទេ តែ​ទ្រាំ​មើល​អ្នក​ដើរ​ផ្លូវ​ខុស ហើយ​មិន​ជួយ​ទាញ​អ្នក​មក​វិញ តែ​បើ​គេ​ព្យាយាម​អូស​អ្នក​មក​ផ្លូវ​ល្អ​នោះ​គឺ​គេ​គិត​ពី​អ្នក ស្រឡាញ់​អ្នក។

៦. ទ្រាំ​ជាមួយ​អ្នក​គ្រប់​រឿង​ទាំង​អស់

ពេល​ខ្លះ​ប្រហែល​អ្នក​ធ្លាប់​ស្រែក​ខ្លាំង​ដាក់​គេ រុញ​គេ​ចេញ តែ​គេ​នៅ​តែ​ជា​មនុស្ស​ដែល​ក្បែរ​អ្នក​គ្រប់​កាលៈទេសៈ។ ពេល​ខ្លះ​អ្នក​ក៏​ប្រហែល​លេង​សើច​ជ្រុល តែ​គេ​នៅ​តែ​មិន​យក​ទោស​ពៃរ៍​ពី​អ្នក។ លើស​ពី​នេះ​ទោះ​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក៏​គាត់​នៅ​តែ​អាច​ទ្រាំ​ជាមួយ​អ្នក ដោយមិន​ចាកចេញ​ពី​អ្នក ហើយ​អភ័យ​គ្រប់​រឿង​រ៉ាវ។

៧. គេ​តែង​មាន​មោទនភាព​ដែល​មាន​អ្នក

អ្នក​ជា​មនុស្ស​ដែល​ល្អ​បំផុត​ក្នុង​កែវ​ភ្នែក​គេ ហើយ​គ្មាន​អ្នក​ណា​ជំនួស​បាន។ គេ​តែង​តែ​សប្បាយ​ចិត្ត​គ្រប់​ពេល​មាន​អ្នក ហើយ​មិន​ដែល​ខ្មាស​អៀន​ពេល​មាន​អ្នក​ជា​ដៃគូ។ គេ​តែង​តែ​សរសើរ​អ្នក គេ​តែងតែ​ផ្ដល់​ឲ្យ​អ្នក​នូវ​ភាព​ជាក់លាក់​មួយ​ដែល​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​គេ​ស្រឡាញ់។

រូបតំណាង

៨. មិន​ដែល​ចោល​អ្នក​ពេល​អ្នក​មាន​បញ្ហា

មនុស្ស​អាច​មើល​ឃើញ​ចិត្ត​គ្នា​នៅ​ពេល​មាន​បញ្ហា ហើយ​បើ​គេ​រត់ចោល​អ្នក​ពេល​មាន​រឿង​នោះ​ គឺ​គ្មាន​អី​ត្រូវ​ចាំ​ទៀត​ទេ។ បើ​គ្រប់​គេ​តែងតែ​មាន​គេ​ចេញ​មុខ មិន​ទុក​ឲ្យ​អ្នក​ដោះស្រាយ​តែ​ម្នាក់​ឯង​នោះ អ្នក​អាច​ទុកចិត្ត​បាន​ហើយ​ថា​គេ​ពិត​ជា​មាន​ឆន្ទៈ​ក្នុង​ការ​រួម​ដំណើរ​ជាមួយ​អ្នក​មែន។

៩. អ្នក​ស្ដាប់​យោបល់​អ្នក

រឿង​ខ្លះ​គេ​ក៏​ស្ដាប់​តាម​អ្នក​ព្រោះ​មិន​ចង់​ឲ្យ​អ្នក​ពិបាក​ចិត្ត ហើយ​ម្យ៉ាង​ទៀត​នេះ​មក​ពី​គេ​គិត​អ្នក​ជា​មនុស្ស​ម្នាក់​ដែល​សំខាន់។ មាន​ពេល​ខ្លះ​គេ​អាច​នឹង​ចង់​ធ្វើ តែ​បើ​វា​ប៉ះពាល់​ដល់​អ្នក​គេ​ក៏​លះបង់​ចោល។

រូបតំណាង

មាន​មនុស្ស​មិន​ច្រើន​ទេ​ដែល​អាច​កាន់​ដៃ​អ្នក​ដើរ​រួម​ផ្លូវ​ជីវិត​ជាមួយ​គ្នា ដូច្នេះ​បើ​អ្នក​មាន​មនុស្ស​បែប​នេះ​ហើយ សូម​ថែរក្សា​គេ​ផង៕

ចុចអាន៖បើ​រាល់​ថ្ងៃ​មាន​ចំណុច​នេះ​ គឺ​អ្នកកំពុង​ស្រឡាញ់​គេ​ខ្លាំង​ជាង​ខ្លួន​ឯង​ហើយ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម