របស់៥យ៉ាង ធ្វើឲ្យមនុស្សស្រីចែងចាំងលេចធ្លោជាងគេជាងឯង
- 2019-01-16 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របស់៥យ៉ាង ធ្វើឲ្យមនុស្សស្រីចែងចាំងលេចធ្លោជាងគេជាងឯង
វ័យកាន់តែច្រើន សម្រស់និងគំនិតក៏មានការប្រែប្រួល ជាពិសេសក្នុងវ័យចាប់ពី២០ឆ្នាំឡើងទៅ។ ក្នុងវ័យនេះដែរ សម្រស់កំពុងតែពេញស្អាត និងមានការវិវត្តទៅមុខទន្ទឹមគ្នា។ ដើម្បីការពារខ្លួន ឲ្យនៅតែស្រស់ស្អាតផូរផង់ ចែងចាំងលេចធ្លោ ត្រូវចេះថែរក្សាទាំងរូបសម្បត្តិនិងប្រកាន់ខ្ជាប់អាកប្បកិរិយាល្អៗ។
១. ថែរក្សាស្បែក
ស្បែកស្អាតមិនមែនមានន័យថា ត្រូវដុសខាត់ លាបឡេគីមីឲ្យសាច់សខ្ចីនោះទេ ប៉ុន្តែវាជាការថែរក្សា ដើម្បីជួយឲ្យស្បែកភ្លឺថ្លាពីខាងក្នុងមានសុខភាពល្អ ដោយការញ៉ាំបន្លែ ផ្លែឈើ ផឹកទឹកឲ្យបានច្រើន ប្រើប្រាស់ផលិតផលមានគុណភាពខ្ពស់ មានសារធាតុចិញ្ចឹមល្អៗ អាចផ្តល់សំណើម និងការពារស្បែកមិនឲ្យឆាប់ចាស់។ នៅពេលព្រឹក ត្រូវឲ្យស្បែកប៉ះនឹងពន្លឺថ្ងៃ ដើម្បីស្រូបយកវីតាមីនD ប៉ុន្តែមិនត្រូវឲ្យស្បែកស្ថិតក្រោមថ្ងៃក្តៅខ្លាំងយូរពេកទេ ព្រោះអាចប្រឈមនឹងជំងឺមហារីកបាន។
២. ថែរក្សារាង
ឃើញគេមានរាងស្រឡូនស្អាត មិនមែនជារឿងងាយស្រួលឡើយ។ បើមិនជ្រើសរើសរបបអាហារឲ្យបានត្រឹមត្រូវ ហាត់ប្រាណឲ្យបានទៀតទាត់ទេ គីឡូក៏មិនដាច់ចិត្តចាកចេញពីអ្នកដែរ។ បើតាំងចិត្តថាតមមិនញ៉ាំរបស់ធាត់ ត្រូវធ្វើឲ្យបាន ហើយឆ្លៀតហាត់ប្រាណយ៉ាងហោចណាស់ឲ្យបាន១០-២០ នាទីក្នុងមួយថ្ងៃ ឬ ៣-៤ដងក្នុងមួយអាទិត្យ។
៣. ចេះលេងស្ទីលស្លៀកពាក់
ដើម្បីឲ្យខ្លួនឯងមើលទៅស្អាតទានសម័យ មិនចាំបាច់ទិញខោអាវថ្លៃៗ ម៉ាកល្បីតាមគេក៏បាន។ គ្រាន់តែចេះជ្រើសរើសម៉ូដឲ្យស័ក្តិសមនឹងរូបរាង មានស្ទីលផ្ទាល់ខ្លួន ចេះផ្គុំចូលគ្នា ស្លៀកពាក់តាមកាលតាមវេលា គឺគ្រប់គ្រាន់ណាស់ទៅហើយ។
៤. រៀបចំខ្លួន
ការចេះរៀបចំឲ្យបានស្អាតបាតពិតជាសំខាន់ណាស់ដើម្បីបង្កើតភាពទាក់ទាញនិងទំនុកចិត្ត។ តាំងពីរបៀបដើរ ឈរ អង្គុយ ត្រូវមានកាយវិការល្អស្វាហាប់មោះមុត។ សូម្បីតែសក់ក្បាល ក្រចក និងដងខ្លួន ក៏ត្រូវមានអនាម័យ មានក្លិនល្អជានិច្ច។
៥. អត្តចរិត
គ្រប់យ៉ាងដែលបានរៀបរាប់ខាងលើត្រឹមជារបស់ក្រៅខ្លួនដែលអាចទាក់ភ្នែកតែប៉ុណ្ណោះ របស់សំខាន់មួយទៀតដែលអាចទាក់ចិត្ត បន្ថែមមន្តស្នេហ៍ខ្វះមិនបាន គឺតម្លៃនៅក្នុងខ្លួន។ ពេលមានអត្តចរិត ឫកពាល្អ មានស្នាមញញឹម មានគំនិតវិជ្ជមាន និងមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន នោះភាពទាក់ទាញលេចធ្លោនឹងកើតឡើងដោយឯកឯង។
**មនុស្សស្រីទាំងអស់សុទ្ធតែមានភាពស្រស់ស្អាតមួយបែបម្នាក់ ហើយភាពស្រស់ស្អាតពិតប្រាកដ មិនអាស្រ័យលើសំបកក្រៅតែមួយមុខ ប៉ុន្តែត្រូវមានចេញពីក្នុងចិត្ត៕