ឲ្យកូនលេងទូរសព្ទ ឬ iPad តាំងពីតូច ប្រៀបដូចបំំផ្លាញអនាគតពួកគេដោយហេតុផល ៥យ៉ាង
- 2018-12-06 05:05:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឲ្យកូនលេងទូរសព្ទ ឬ iPad តាំងពីតូច ប្រៀបដូចបំំផ្លាញអនាគតពួកគេដោយហេតុផល ៥យ៉ាង
ឪពុកម្ដាយគ្រប់រូបតែងចង់ឲ្យកូនខ្លួនធំឡើងក្លាយជាមនុស្សមានសមត្ថភាព ហើយដើម្បីសម្រេចគោលដៅមួយនេះពួកគេត្រូវធ្វើរឿងជាច្រើនរាប់មិនអស់ ចាប់ពីការផ្ដល់ការសិក្សាអប់រំឲ្យកូន ការអប់រំផ្នែកសុជីវធម៌ ការបង្ហាត់បង្រៀន និងការយកចិត្តទុកដាក់ជាច្រើនទៀត។ ក៏ប៉ុន្តែប្រសិនបើចង់បំផ្លាញអនាគតកូន គឺជារឿងងាយ ដោយគ្រាន់តែទិញស្មាតហ្វូនឲ្យគេមួយនោះជាការស្រេច។ អត្ថបទខាងក្រោមនេះនឹងពន្យល់កាន់តែច្បាស់ថាតើហេតុអ្វី ទូរសព្ទស្មាតហ្វូនតែមួយអាចបំផ្លាញអនាគតកូនរបស់អ្នកបាន។
១. លទ្ធផលសិក្សាធ្លាក់ចុះ
កុមារដែលមានស្មាតហ្វូន បើគ្មានការគ្រប់គ្រងដិតដល់ពីឪពុកម្ដាយទេ ពួកគេនឹងចំណាយពេលច្រើនតែជាមួយទូរសព្ទ ដូច្នេះហើយការសិក្សានឹងធ្លាក់ចុះទៅតាមនោះដែរ។ ការញៀនលេងទូរសព្ទដល់យប់ជ្រៅ នឹងធ្វើឲ្យគេគ្មានថាមពលរៀន និងងងុយគេងពេលរៀនក្នុងថ្នាក់ ហើយសមត្ថភាពក្នុងការចងចាំក៏ធ្លាក់ចុះដូចគ្នា។
២. ចេះល្បិចបន្លំតាំងពីតូច
ជាមួយទូរសព្ទដៃស្មាតហ្វូន ក្មេងៗនឹងលែងមានគំនិតប្រឹងប្រែងក្នុងការរៀនសូត្រ និងធ្វើលំហាត់ កិច្ចការផ្សេងៗដោយខ្លួនឯង ខណៈដែលពួកគេអាចរកចម្លើយបានយ៉ាងងាយពីអ៊ីនធឺណិត ហើយពេលខ្លះពួកគេប្រើទូរសព្ទដើម្បីបើកចាក់ពេលប្រឡងថែមទៀត។
៣. បណ្ដុះគំនិត និងរូបភាពអវិជ្ជមានក្នុងខួរក្បាល
ព័ត៌មាន រូបភាព ឬវីដេអូលើអ៊ីនធឺណិត ជាពិសេសលើបណ្ដាញសង្គមភាគច្រើន សុទ្ធតែអាចផ្ដល់ផលអវិជ្ជមានសម្រាប់ការគិតរបស់កុមារ ដូចជាអំពើហិង្សា ការប្រើពាក្យពេចន៍ រូបភាពបែបអាសអាភាស។
៤. មានភាពខ្សោយ ទាំងផ្លូវកាយ និងចិត្តគំនិត
ប្រសិនបើកុមារញៀននឹងការលេងទូរសព្ទក្នុងរយៈពេលកាន់តែយូរ នោះវានឹងប៉ះពាល់ដល់សុខភាព កែវភ្នែក និងការវិវត្តខួរក្បាលរបស់ពួកគេ។ កុមារតូចនឹងអាចមានបញ្ហាភ្នែកក្រោយពីពួកគេបានសម្លឹងមើលពន្លឺពីទូរសព្ទ ឬឧបករណ៍អេឡិចត្រូនិចរយៈពេលយូរ។ កុមារជាច្រើនរូបបានប្រឈមបញ្ហាក្រចេះនិយាយ នៅពេលឪពុកម្ដាយពួកគេទម្លាប់ឲ្យពួកគេមើលទូរសព្ទមុនពួកគេចេះនិយាយ។
៥. ប៉ះពាល់ដល់ការសម្រេចចិត្តទៅអនាគត
ទូរសព្ទដៃស្មាតហ្វូននឹងជះឥទ្ធិពលខ្លាំងដល់ចក្ខុវិស័យរបស់ក្មេង អនាគតរបស់ក្មេង ការសិក្សា រួមទាំងអាជីពការងាររបស់គេយ៉ាងប្រាកដ។
៦. ខ្សោយទំនាក់ទំនងក្នុងសង្គម
កុមារជាច្រើនដែលមានទូរសព្ទស្មាតហ្វូននឹងអាចនិយាយពិភាក្សាដោយមិនខ្លាចឡើយជាមួយអ្នកដទៃនៅលើអ៊ីនធឺណិត ប៉ុន្តែក្នុងជីវិតពិត ពួកគេតែងមានបញ្ហាក្នុងទំនាក់ទំនងផ្ទាល់ជាមួយមនុស្ស ឬខ្វះជំនាញទាក់ទងសង្គម។ ចំណុចនេះនឹងមានផលប៉ះពាល់ខ្លាំងដល់ការអភិវឌ្ឍរបស់ក្មេង ហើយសូម្បីតែគ្រួសារក៏ពួកគេអាចនឹងលែងរវល់ជាមួយដែរ។
៧. ងាយទទួលរងការបោកប្រាស់
កុមារមានសមត្ថភាពទាបក្នុងការបែងចែកថាអ្វីខុស អ្វីត្រូវ ល្អ ឬអាក្រក់ ដូច្នេះហើយពួកគេនឹងងាយរងគ្រោះ ដោយការចាញ់បោកក្រុមមនុស្សដែលមានបំណងអាក្រក់ ពិសេសក្រុមចាប់ជំរិតក្មេងដែលមានសកម្មភាពយ៉ាងសកម្មតាមបណ្ដាញអ៊ីនធឺណិត។
ដោយសារទំនោរសង្គមបច្ចុប្បន្ន ធ្វើឲ្យឪពុកម្ដាយមិនអាចទប់ស្កាត់កូនមិនឲ្យប៉ះពាល់ទូរសព្ទស្មាតហ្វូននោះទេ តែយ៉ាងណាឪពុកម្ដាយត្រូវការពារកុំឲ្យកូនៗញៀននឹងទូរសព្ទដៃឲ្យសោះ ពុំដូច្នោះទេបញ្ហាទាំងប៉ុន្មានខាងលើនឹងអាចកើតមានលើកូនអ្នកចៀសមិនរួច ៕ ចុចអានបន្ត៖
កុំរើសយូរពេក! ៧មូលហេតុបង្ហាញថាអ្នកមិនគួរនៅ Single ទៀតទេ
ប្តីល្អ គ្មានថ្ងៃធ្វើរឿង ៥ យ៉ាងនេះចំពោះប្រពន្ធឡើយ