៦យ៉ាងត្រូវធ្វើឲ្យបានមុនអាយុ ៣០ឆ្នាំ ដើម្បីជីវិតកាន់តែមានន័យ
- 2018-09-20 09:16:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦យ៉ាងត្រូវធ្វើឲ្យបានមុនអាយុ ៣០ឆ្នាំ ដើម្បីជីវិតកាន់តែមានន័យ
មួយជីវិតនេះតើមាន ១០ឆ្នាំប៉ុន្មានដង? ហេតុអីអ្នកត្រូវចំណាយវាដោយគ្មានន័យ? ត្រូវដាស់ស្មារតីខ្លួនឯងថា ជីវិតគួរតែល្អ គួរតែសប្បាយជាងនេះមិនមែនបែបហ្នឹងនោះទេ ហើយរឿងខាងក្រោមនេះអ្នកគួរតែធ្វើមុនពេលឈានដល់វ័យ ៣០ឆ្នាំ ៖
១. ដំណើរម្នាក់ឯង (Solo Trip)
មិនចាំបាច់ឆ្ងាយពេកក៏បាន ត្រឹមខេត្តជិតៗក៏បានព្រោះវាអាចនាំអ្នកជួបបទពិសោធន៍ និងអារម្មណ៍ថ្មីៗដែលអ្នកគួរតែស្គាល់មុនឈានចូលអាយុ ៣០ឆ្នាំ។ បើអ្នកនៅតែមិនអាចដើរហើរខ្លួនឯងបាន អ្នកគួរតែរកមូលហេតុ ហើយពិចារណាលើវា ព្រោះវ័យនេះគឺជាវ័យដែលឯករាជ្យមួយ ដូច្នេះការប្រឡូកក្នុងរឿងជីវិតក៏ត្រូវមានច្រើនដែរ។
២. បង្កើតទម្លាប់ថ្មីៗ
គួរតែបណ្ដុះខ្លួនឯងជាមួយទម្លាប់ និងការងារថ្មីៗដែលអ្នកមិនទាន់ធ្លាប់ធ្វើ ដើម្បីឲ្យជីវិតកាន់តែរីករាយជាងនេះ។ បើអ្នកមានទម្លាប់ចេញពីធ្វើការទៅផ្ទះ ចេញពីផ្ទះទៅធ្វើការ អ្នកគួរតែផ្លាស់ប្ដូរដូចជាទៅហាត់ Yoga ទៅហែលទឹក ឬទៅរៀនជំនាញខ្លីៗដូចជាគំនូរ ថតរូប ឬលេងភ្លេងជាដើម។
៣. ពិនិត្យមើលផែនការរបស់អ្នក
មកដល់អាយុប៉ុណ្ណឹង អ្នកបានប៉ុន្មានភាគរយនៃគោលដៅអ្នកហើយ? អ្នកត្រូវត្រួតពិនិត្យមើលវា ហើយបន្ត Update វាជានិច្ច។ ត្រូវព្យាយាមស្វែងរកគន្លឹះណាដែលជួយឲ្យអ្នកឈានទៅរកអ្វីដែលអ្នកចង់បាន មិនមែនសរសេរចោលហើយបណ្ដោយតាមយថាកម្មឡើយ។
៤. ថែរក្សារូបរាង និងសុខភាព
វ័យនេះជាវ័យដែលស្រស់ស្អាត និងមាំទាំបំផុតដូច្នេះអ្នកមិនត្រូវបណ្ដែតបណ្ដោយឲ្យខ្លួនក្លាយជាមនុស្សចាស់មុនអាយុ ឬសុខភាពមិនរឹងមាំដែរ។ ត្រូវថែរក្សារូបរាង សម្រស់ឲ្យបានស្អាតផូរផង់ដើម្បីគប្បីនឹងខ្លួនឯង។
៥. មានស្នេហា
មុនចូលដល់វ័យ ៣០ឆ្នាំ អ្នកមិនគួរធ្វើជាមនុស្សដែលគ្មានបទពិសោធន៍ស្នេហាខ្លះនោះទេ ព្រោះវ័យនេះអ្នកអាចនឹងមានគ្រួសារបាន ដូច្នេះបើគ្រាន់តែស្នេហាក៏អ្នកមិនធ្លាប់ឆ្លងកាត់ អ្នកប្រាកដទេថាស្នេហាដែលអ្នកនឹងមានល្អប្រសើរ? ត្រូវស្វែងយល់ពីវាដើម្បីអនាគតអ្នកមិនរើសមនុស្សខុស ម្យ៉ាងទៀតក្នុងវ័យប៉ុណ្ណេះគឺជាវ័យដែលកំពុងពេញស្រឡាញ់ កំពុងពេញដោយមនោសញ្ចេតនា ដូច្នេះកុំឲ្យវាហួសទៅដោយគ្មានន័យ។
៦. បោះជំហានក្នុងជីវិតការងារឲ្យបានខ្ពស់
មុនពេលដើរដល់អាយុ ៣០ អ្នកត្រូវប្រាកដថាអ្នកបានឆ្លងកាត់លើវិថីការងារ មិនមែននៅលាដៃសុំលុយអ្នកផ្ទះចាយទៀតនោះទេ។ បទពិសោធន៍ការងារអ្នកកាន់តែច្រើន ឱកាសអ្នកក៏កាន់តែច្រើន ហើយជីវិតអ្នកក៏មានជម្រើសច្រើនមិនមែននៅតែមួយកន្លែងឡើយ។
កុំបណ្ដោយខ្លួនឯងឲ្យគ្មានអីសោះក្នុងដៃ រួចបន្តចូលវ័យមួយទៀត ព្រោះពេលនោះអ្នកនឹងអាចមានអារម្មណ៍ស្ដាយក្រោយព្រោះវ័យដែលអ្នកគួរតែមានជីវិតអស្ចារ្យជាងនេះត្រូវបានបញ្ចប់៕
ចុចអាន៖គន្លឹះរស់នៅដោយសុភមង្គលជាមួយក្ដីស្រមៃ ទោះមិនទាន់ជោគជ័យក៏ដោយ