ការលែងចាបគឺជាការសាងបាបច្រើនជាងបុណ្យ?
- 2018-03-29 10:36:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការលែងចាបគឺជាការសាងបាបច្រើនជាងបុណ្យ?
ការលែងចាប លែងត្រី លែងអណ្ដើក និងសត្វផ្សេងៗមួយចំនួនទៀត គឺជាជំនឿមួយសម្រាប់អ្នកធ្វើបុណ្យ ដោយមានការយល់ឃើញថាគឺជាការផ្ដល់សេរីភាពដល់សត្វ និងធ្វើឲ្យខ្លួនរួចផុតពីទុក្ខភ័យដូចសត្វទាំងនោះដែរ។ យ៉ាងណាមិញបើយើងក្រឡេកមើលឲ្យបានស៊ីជម្រៅជាងនេះ យើងនឹងអាចយល់ថាការលែងសត្វគឺជាការសាងបាបជាមួយសត្វច្រើនជាងការធ្វើបុណ្យទៅទៀត។
ខាងក្រោមនេះគឺជារបាយការណ៍របស់កម្មវិធីមួយនៅប្រទេសថៃ ដែលបានបង្ហាញពីការពិតមួយចំនួនពីក្រោយទម្លាប់លែងសត្វនេះ ថាតើមានផលប៉ះពាល់យ៉ាងណាខ្លះដល់ជីវិតសត្វ និងបរិស្ថាន។
ចំពោះសត្វចាប៖ មិនយូរមិនឆាប់សត្វចាបអាចនឹងត្រូវដាច់ពូជ ដោយសារអ្នកចាប់ៗមកញាត់ក្នុងទ្រុងតូចចង្អៀត។ ចាបខ្លះត្រូវបាក់ជើង រឹងស្លាប ងាប់នៅក្នុងទ្រុង។ ចំណែកចាបដែលនៅរស់ក៏ត្រូវមានរបួស មានការឈឺចាប់ទម្រាំត្រូវបានលែង ហើយខ្លះក៏ត្រូវងាប់ទៅវិញដោយសារមិនអាចរកចំណីក្នុងទីក្រុងបាន ដូចព្រៃ ឬកន្លែងដែលវារស់នៅពីមុន។
ចំពោះសត្វអណ្ដើក៖ អណ្ដើកគឺជាសត្វល្មូន ប៉ុន្តែមនុស្សភាគច្រើនយល់ថាវាជាសត្វដែលរស់នៅលើគោកក៏បានក្នុងទឹកក៏បាន ហើយនៅពេលលែងចូលទឹកដែលគ្មានអ្វីឲ្យវាតោង វានឹងត្រូវហែលទឹករហូតដាច់ខ្យល់ស្លាប់ ដោយសារអស់កម្លាំង។ អណ្ដើកគឺជាសត្វមានអាយុវែងជាងគេបំផុតក្នុងលោក ប៉ុន្តែបើអណ្ដើកត្រូវបានយកមកលែងនៅទឹកដែលកខ្វក់ គ្មានកន្លែងតោង វានឹងក្លាយជាសត្វដែលគួរឲ្យអាណិតបំផុតក្នុងលោកវិញ។
ហេតុអ្វីការលែងសត្វនៅសម័យនេះអាចមានបាបច្រើនជាងបុណ្យ?
១. ព្រោះការលែងមិនត្រូវកន្លែង និងមិនត្រូវរបៀប ទាំងសភាពនៅពេលលែង និងសភាពធម្មជាតិ គឺធ្វើឲ្យសត្វដែលលែងទៅនោះមានឱកាសរស់រានមានជីវិតស្ដួចស្ដើង។
២. ព្រោះវាជំរុញឲ្យមានការចាប់សត្វដែលកំពុងរស់នៅតាមធម្មជាតិយ៉ាងស្ងប់សុខមកឃុំឃាំង ដាក់ទ្រុង រងទុក្ខវេទនា។
៣. នៅគ្រប់ដំណាក់កាលនៃការចាប់ ការឃាំងទុក ការដឹកជញ្ជូន និងការចាំអ្នកមកទិញ គឹមានសត្វជាច្រើនដែលត្រូវងាប់យ៉ាងវេទនាមុននឹងបានមានសេរីភាព។ ដូច្នេះហើយវាស្មើនឹងការបៀតបៀន ធ្វើទុក្ខបុកម្នេញជីវិតអ្នកដទៃ ដែលប្រាសចាកពីសីលប្រាំរបស់ព្រះពុទ្ធសាសនា ៕