អ៊ុង ច័ន្ទសោភា៖ ឧស្សាហ៍ញញឹម ជួយរក្សាសម្រស់ឲ្យកាន់តែនៅក្មេង
- 2017-07-14 06:04:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ុង ច័ន្ទសោភា៖ ឧស្សាហ៍ញញឹម ជួយរក្សាសម្រស់ឲ្យកាន់តែនៅក្មេង
នៅថ្ងៃនេះ Kanha សូមបង្ហាញជូនលោកអ្នកនាង ឲ្យបានស្គាល់នូវ ផលិតករ (producer) និងពិធីការនីព័ត៌មានរបស់ទូរទស្សន៍ CNC/CTN ដែលមានឈ្មោះល្បីល្បាញម្នាក់ គឺកញ្ញា អ៊ុង ច័ន្ទសោភា។
កញ្ញា អ៊ុង ច័ន្ទសោភា ត្រូវបានមហាជនកោតសរសើរថា មានទេពកោសល្យក្នុងការរាយការណ៍ព័ត៌មាន ដែលប្រកដដោយវិជ្ជាជីវៈជាយូរឆ្នាំមកហើយ។ មិនត្រឹមតែប៉ុណ្ណោះ កញ្ញា សោភា ដែលមានវ័យ ៣៤ឆ្នាំ ទៅហើយនោះ នៅតែអាចថែរក្សាសម្រស់បានស្រស់ស្អាតគ្រប់ពេល ទោះបីជាមានការមហាញឹក ក្នុងអាជីពប៉ុណ្ណាក៏ដោយ។
កញ្ញា សោភា បានប្រាប់ Kanha ថា៖ «ខ្ញុំរវល់ខ្លាំងជាមួយនឹងការងារជារៀងរាល់ថ្ងៃ ប៉ុន្តែខ្ញុំក៏ចាំបាច់ត្រូវគិតពីការថែរក្សាសម្ផស្សផងដែរ។ ខ្ញុំប្រើតែផលិតផលល្អៗ សម្រាប់ស្បែកមុខ និងស្បែកដងខ្លួន ហើយខ្ញុំក៏ព្យាយាមគេងឲ្យបានគ្រប់គ្រាន់។ លើសពីនេះ ខ្ញុំឧស្សាហ៍ម៉ាស្សាមុខ ហាត់កីឡា ហើយខ្ញុំចូលចិត្តញញឹម និងគិតរឿងវិជ្ជមានឲ្យបានច្រើន។ ពេលទំនេរពីការងារ ខ្ញុំក៏ចូលចិត្តដើរផ្សារទិញគ្រឿងសំអាង ខោអាវ ស្បែកជើងជាដើម។ ខ្ញុំគិតថា មនុស្សស្រី ទោះជារវល់យ៉ាងណា ក៏ត្រូវថែរក្សាខ្លួនដែរ ព្រោះថាបើខ្លួនយើងស្អាត យើងក៏មានទំនុកចិត្តលើការងារទៅតាមនោះដែរ»។
ចំពោះភាពជោគជ័យក្នុងការងារវិញ អ្នកសារព័ត៌មាន ដែលមានជំនាញក្នុងផ្នែកនេះ ១៣ឆ្នាំមកហើយ បាននិយាយថា បើចង់ឲ្យសម្រេចការងារអ្វីមួយ យើងត្រូវតែមានទំនុកចិត្តលើខ្លួនឯង ហើយធ្វើអ្វីដែលខ្លួនស្រលាញ់ឲ្យអស់ពីចិត្ត។
«គ្រប់ពេលយើងត្រូវធ្វើជាខ្លួនឯង ហើយកុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃជាដាច់ខាត។ យើងអាចប្រៀបធៀបខ្លួនឯង សម្រាប់ថ្ងៃម្សិលមិញ និងថ្ងៃនេះ ដើម្បីពង្រឹងអ្វីដែលខ្វះខាតបន្ថែម។ មួយវិញទៀត យើងក៏មិនត្រូវខ្វល់នឹងសម្តីរបស់អ្នកដទៃច្រើនពេកនោះដែរ។ ត្រូវព្យាយាមធ្វើអ្វីឲ្យបានល្អ និងអស់ពីចិត្ត នោះការងារយើង គង់នឹងជោគជ័យទៅតាមហ្នឹងដែរ។»
សូមបញ្ជាក់ថា កញ្ញា អ៊ុង ច័ន្ទសោភា បានចាប់ផ្តើមធ្វើជាអ្នកកាសែតឲ្យសារព័ត៌មានបារាំង Cambodge Soir តាំងពីឆ្នាំ ២០០៤ បន្ទាប់មកធ្វើការឲ្យស្ថានីយ៍វិទ្យុ និងបន្តធ្វើការនៅទូរទស្សន៍រហូតមកដល់សព្វថ្ងៃ។
តាមកញ្ញា សោភា អ្វីដែលកញ្ញាមាននៅពេលនេះ គឺបានមកពីការខិតខំប្រឹងប្រែងតាំងពីជំហានដំបូង ដែលបើទោះបីជាធ្លាប់ប្រឈមនូវហេតុការណ៍លំបាកៗយ៉ាងណា ក៏កញ្ញា មិនដែលគិតថាចុះចាញ់នោះដែរ។ កញ្ញា តែងតែប្តេជ្ញាធ្វើវា រហូតទាល់តែបានសម្រេច៕
ចុចអាន៖ អាយុសុទ្ធតែជាង៣០ហើយ តែសម្រស់តារាទាំង ៥ នេះមិនប្រែប្រួលសោះ
សុខ វរល័ក្ខណ អត់ខ្លាចខ្មៅ តែហែលទឹកធ្វើឲ្យខ្លួនខ្លាំង ស្រឡូនស្អាត