តើអ្វីទៅជាការមករដូវ? តើសុខភាពរដូវសំខាន់ឬអត់សម្រាប់ស្ត្រី? តស់! មកយល់ដឹងទាំងអស់គ្នា!

  • 2025-08-02 03:34:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាធម្មជាតិរបស់មនុស្សស្រី ការមករដូវ គឺជាដំណើរនៃការធ្លាក់ឈាមប្រចាំខែ ដែលមានទំនាក់ទំនងទៅនឹងការបង្កកំណើត។ ចាប់តំាងពីដំណាក់កាលមករដូវ រហូតដល់អស់ឈាមរដូវ ការមករដូវបានប៉ះពាល់ដល់សុខុមាលភាពរាងកាយ ផ្លូវចិត្ត និង សង្គម ហេតុដូច្នេះវាពិតជាចាំបាច់ ដែលមនុស្សស្រីគ្រប់រូបគប្បីស្វែងយល់ឱ្យបានលម្អិត និង តាមដានវាជាប្រចាំ។ នៅក្នុងអត្ថបទនេះ ស្រ្តីនឹងបានយល់ដឹងស៊ីជម្រៅអំពី៖ ការមករដូវ និង វដ្តរដូវ, ដំណាក់កាលនៃរដូវ, រោគសញ្ញា, ការមករដូវមិនទៀង, បូករួមគន្លឹះថែទាំ និង ការការពារខ្លួនដ៏មានសារប្រយោជន៍។

តើអ្វីទៅជាការមករដូវ?

ការមករដូវ គឺជាដំណើរហូរឈាមពីស្រទាប់ខាងក្នុងនៃស្បូន។ អំឡុងពេលមករដូវ ស្រទាប់ខាងក្នុងនៃស្បូនត្រូវបានដាច់ជ្រុះ លាយឡំជាមួយឈាមដែលហូរចេញតាមរយៈមាត់ស្បូន រួចហូរមកក្រៅខ្លួនតាមទ្វារមាសស្ត្រី។ ការមករដូវមានន័យថា រាងកាយរបស់ស្ត្រីកំពុងធ្វើការលូតលាស់ និង ជាពេលវេលាកំពុងត្រៀមខ្លួនសម្រាប់ការបង្កកំណើត ឬ មានកូនបាន។

ជាការពិតណាស់ ដំណើរមករដូវត្រូវបានកំណត់ដោយអ័រម៉ូនរបស់ស្ត្រី។ ក្រពេញអ៊ីប៉ូភីស (pituitary gland) ដែលនៅក្នុងខួរក្បាល និង កន្សោមពងញី ovaries ដែលជាផ្នែកមួយនៃប្រព័ន្ធបន្តពូជ វានឹងបង្កើត និង បញ្ចេញអ័រម៉ូននៅពេលជាក់លាក់ណាមួយក្នុងអំឡុងវដ្តរដូវ។ អ័រម៉ូនទាំងនេះធ្វើឱ្យស្រទាប់ក្នុងនៃស្បូនឡើងក្រាស់ ត្រៀមសម្រាប់ឱកាសបង្កកំណើត។ កាលណាមេជីវិតញីធ្លាក់ ហើយមិនបានបង្កកំណើតជាមួយមេជីវិតឈ្មោល នៅពេលស្រទាប់ក្នុងនៃស្បូនឡើងក្រាស់ខ្លាំង រួចដាច់ជ្រុះក្លាយជាឈាមរដូវ។

ចុះអ្វីទៅជាវដ្តរដូវ? ហើយរដូវធម្មតាមានដំណើរដូចម្តេច?

វដ្តរដូវសំដៅដល់រង្វិលជុំនៃការមករដូវ ដើម្បីត្រៀមខ្លួនសម្រាប់ការបង្កកំណើតប្រចាំខែ។ វដ្តរដូវ គឺជាពេលវេលារាប់ចាប់តាំងពីថ្ងៃដំបូងនៃការមករដូវ រហូតដល់ថ្ងៃដំបូងនៃការមករដូវបន្ទាប់។ មនុស្សស្រីម្នាក់ៗអាចមករដូវខុសគ្នាបន្តិចបន្តួច ប៉ុន្តែដំណើរប្រព្រឹត្តិទៅគឺដូចគ្នា។ វដ្ដរដូវ ជាមធ្យមមានរយៈពេល ២៨ ថ្ងៃ ប៉ុន្តែស្ត្រីខ្លះមានវដ្តឈាមរដូវ ២១ ថ្ងៃ ហើយស្ត្រីខ្លះទៀត ៣៥ ថ្ងៃ វាជាដំណើរធម្មតា។ ចំណែកការធ្លាក់ឈាមរដូវអាចចន្លោះពី ៣ ទៅ ៧ ថ្ងៃជាដំណើរធម្មតា។

ដំណាក់កាលនៃវដ្តរដូវ

វដ្ដរដូវវិវដ្តទៅ ៤ ដំណាក់កាល៖

១) ដំណាក់កាលធ្លាក់ឈាមរដូវ : ជាដំណាក់កាលដែលមានឈាមហូរលាយជាមួយកម្ទេចភ្នាសសើមនៃស្បូនតាមទ្វារមាសមកក្រៅ ហៅថាការមករដូវ ដែលជាធម្មតាមានរយៈពេលពី ៣ ទៅ ៧ ថ្ងៃ។

២) ដំណាក់កាលត្រៀមបញ្ចេញមេជីវិតញី : ជាដំណាក់កាលមួយដែលអ័រម៉ូនភេទស្ត្រីចាប់ផ្តើមកើនឡើង ភ្ញោចឱ្យអូវែមានដំណើរការលើការទុំនៃពងញី (អូវុល) ហើយត្រៀមបញ្ចេញមកក្នុងដៃស្បូន។

៣) ដំណាក់កាលបញ្ចេញមេជីវិតញី : ជាថ្ងៃដែលអូវែបញ្ចេញពងញី (អូវុល) មកក្នុងដៃស្បូន រង់ចាំការបង្កកំណើតជាមួយមេជីវិតឈ្មោល។

៤) ដំណាក់កាលឈានទៅរកការធ្លាក់ឈាមរដូវ : ជាដំណាក់កាលដែលស្រទាប់ក្នុងនៃស្បូនក្រាស់ខ្លាំង ត្រៀមសម្រាប់ការមានគភ៌។ ក្នុងករណីគ្មានការបង្កកំណើត ភ្នាសទាំងនេះក៏ដាច់ធ្លាក់បង្កើតបានជាឈាមរដូវហូរចេញមកតាមទ្វារមាសនៅថ្ងៃមករដូវ។

តើវដ្តរដូវចាប់ផ្តើមនៅអាយុប៉ុន្មាន? មានរោគសញ្ញាអ្វីខ្លះកើតឡើង?

ជាមធ្យមស្ត្រីចាប់ផ្តើមមានរដូវនៅអាយុ ១២ ឆ្នាំ តែក៏អាចចាប់ផ្តើមលឿននៅអាយុ ៨ ឆ្នំា ឬ យឺតបំផុតនៅអាយុ ១៦ ឆ្នាំ។ តាមលក្ខណៈទូទៅ ស្ត្រីភាគច្រើននឹងមករដូវក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំ បន្ទាប់ពីសុដន់រីក និង ដុះរោមលើប្រដាប់បន្តពូជ។

ចំពោះរោគសញ្ញាវិញ ពេលមករដូវស្ត្រីច្រើនមានរោគសញ្ញាមួយចម្បង គឺការចុកនៅតំបន់អាងត្រគាក។ ក្រៅពីនេះរួមមាន៖ អារម្មណ៍ប្រែប្រួល, គេងពុំលក់, ឈឺក្បាល, ចំណង់អាហារ, ហើមពោះ, អស់កម្លាំង, ឈឺសុដន់, និង កើតមុន ជាដើម។ ស្ត្រីខ្លះក៏អាចមិនមានរោគសញ្ញាទាំងនេះផងដែរ។

អ្វីគួរកត់សម្គាល់ផងនោះ វដ្តរដូវអាចប្រែប្រួលទៅតាមវ័យ វាអាចផ្លាស់ប្តូរតាំងពីវ័យជំទង់ រហូតដល់វ័យ ៤០ ឬ ៥០ ឆ្នាំ។ ជាក់ស្តែង នៅពេលចាប់ផ្តើមមករដូវលើកដំបូង តាមធម្មតាវាមានរយៈពេលរង្វិលជុំរាងយូរ ឬ ហូរឈាមរដូវច្រើន។ ចំពោះក្មេងស្រី វដ្តរដូវដំបូងអាចមិនជាក់លាក់ រហូតដល់ ៣ ឆ្នាំបន្ទាប់ ទើបត្រលប់មកទៀងទាត់ធម្មតា ជាពិសេសនៅពេលឈានចូលវ័យ ២០ ឆ្នាំ។ ដូចបានលើកឡើង វដ្តរដូវប្រព្រឹត្តទៅធម្មតា មានរយៈពេលពី ២១ ថ្ងៃ ដល់ ៣៥ ថ្ងៃ ហើយការធ្លាក់ឈាមមានចន្លោះពី ៣ ទៅ ៧ ថ្ងៃ។

កត់សម្គាល់ភាពមិនប្រក្រតី!

បើទោះការមករដូវ ជាដំណើរធម្មជាតិត្រៀមសម្រាប់បង្កកំណើត តែទន្ទឹមគ្នានេះស្ត្រីក៏គួរគប្បីយកចិត្តទុកដាក់តាមដាន ជាពិសេសការមករដូវមិនទៀង។ ការមករដូវមិនទៀងរួមមាន៖ ការមករដូវតិចជាង ២១ ថ្ងៃ ឬ ច្រើនជាង ៣៥ ថ្ងៃ, មិនមករដូវរយៈពេល ៣ ខែ ឬ ៩០ ថ្ងៃ, ធ្លាក់ឈាមតិចជាង ឬ ច្រើនជាងធម្មតា, ធ្លាក់ឈាមយូរជាង ៧ ថ្ងៃ, ធ្លាក់ឈាមជាមួយអាការចុកឆ្អល់ខ្លាំង រួមទាំងក្អួតចង្អោរ, និង ឈាមរដូវមានសភាពកកដុំៗ។

បរិមាណឈាមរដូវធ្លាក់ ក៏ជាចំណុចតាមដានសំខាន់។ បើតាម VIYA Cambodia ដែលជាវេទិកាឌីជីថលប្រមូលផ្តុំព័ត៌មានចំណេះដឹង និង សេវាសុខភាពស្ត្រីប្រកបដោយគុណភាព បរិមាណឈាមជាមធ្យម ពេលមករដូវរៀងរាល់ខែ មាន ៣៥ មីលីលីត្រ ដែលចាត់ទុកថាឈាមរដូវមកធម្មតាចន្លោះពី ១០ ទៅ ៨០ មីលីលីត្រ។ សារធាតុរាវនៃរដូវ គឺជាឈ្មោះត្រឹមត្រូវសម្រាប់រំហូរនេះ ទោះបីមនុស្សជាច្រើនចូលចិត្តហៅវាថាជាឈាមរដូវក៏ដោយ។ សារធាតុរាវពេលមកឈាមរដូវមានពណ៌ក្រហមត្នោត ពណ៌ក្រមៅជាងឈាមពីសរសៃឈាមវ៉ែនបន្តិច។

ហេតុដូច្នេះ បើសម្គាល់ខ្លួនឯងមករដូវមិនទៀង ឬ ស្ថានភាពរដូវមិនប្រក្រតីដូចខាងលើ ស្ត្រីគប្បីស្វែងរកការពិភាក្សាជាមួយអ្នកប្រឹក្សាជំនាញ ឬ ឆ្ពោះទៅជួបគ្រូពេទ្យឱ្យបានកាន់តែឆាប់ កាន់តែប្រសើរ។

គន្លឹះបន្ថែមមានប្រយោជន៍

របៀបគណនាថ្ងៃមករដូវ : ប្រើប្រតិទិន ដោយគូសខ្វែង (X) នៅលើថ្ងៃមករដូវ បន្ទាប់មកគូសខ្វែងថ្ងៃធ្លាក់ឈាមបន្តបន្ទាប់ រហូតដល់ថ្ងៃឈប់ធ្លាក់ឈាម។ នៅពេលមានរដូវជាថ្មី អនុវត្តគូសម្តងទៀត នោះអ្នកនឹងអាចតាមដានដឹងថា ថ្ងៃមករដូវប្រចាំខែរបស់ខ្លួននៅថ្ងៃណា មានប៉ុន្មានថ្ងៃ ហើយធ្លាក់ឈាមប៉ុន្មានថ្ងៃ។

អ្វីគួរធ្វើ និង មិនគួរធ្វើនៅអំឡុងពេលមករដូវ : តាមការណែនាំពី VIYA Cambodia អ្វីដែលគួរធ្វើមានដូចជា៖ ញុំាទឹកឱ្យបានច្រើន, ប្រើបន្ទះស្អំកម្តៅ, ធ្វើលំហាត់ប្រាណតិចៗ, ធ្វើឱ្យខ្លួនឯងសប្បាយចិត្ត។ អ្វីដែលមិនគួរធ្វើរួមមាន៖ លើកទម្ងន់ធ្ងន់ និង លំហាត់ប្រាណខ្លាំងៗ, ញុំាជាតិកាហ្វេអ៊ីន និង ពិសាគ្រឿងស្រវឹង, អាហារប្រៃពេក និង ផ្អែមពេក, អសកម្ម, ស្លៀកសម្លៀកបំពាក់តឹង។

ការពារឆ្លងមេរោគនៅរដូវភ្លៀង ៖ ការមករដូវនៅខែភ្លៀង ជាពេលងាយប្រឈមឆ្លងមេរោគបំផុត ជាពិសេសការឆ្លងរោគលើផ្លូវទឹកនោម។ ជៀសវាងពាក់សម្លៀកបំពាក់សើម សម្លៀកបំពាក់ហប់ខ្យល់ កុំពន្យារពេលប្តូរសំឡីអនាម័យ និង អនាម័យពេលប្រើបង្គន់សាធារណៈ។

ជារួមមក ការមករដូវ និង វដ្ដរដូវ ជាដំណើរធម្មជាតិរបស់មនុស្សស្រីសម្រាប់ការបង្កកំណើត ឬ មានគភ៌។ វដ្តរដូវធម្មតាមានរយៈពេលពី ២១ ដល់ ៣៥ ថ្ងៃ និង ធ្លាក់ឈាមក្នុងចន្លោះ ៣ ទៅ ៧ ថ្ងៃ។ ដោយឡែក ការមករដូវមិនទៀង វាអាចបង្ហាញពីស្ថានភាពសុខភាពដែលតម្រូវធ្វើការព្យាបាល។ ហេតុដូចនេះ បើមិត្តៗនារីចង់ដឹងបន្ថែម ឬ មានចម្ងល់ទាក់ទងនឹងសុខភាពរដូវ អ្នកអាចចូលទៅកាន់គេហទំព័រ VIYA Cambodia ដែលជាវេទិកាឌីជីថលសម្រាប់ស្ត្រី ដែលចង់បានចំណេះដឹង និង សេវាសុខភាពប្រកបដោយគុណភាព ដោយតម្រូវតាមសុខភាពផ្លូវភេទ ព្រមទាំងគោរពឯកជនភាពរបស់ស្ត្រីផងដែរ៕

សម្រាប់ព័ត៌មានបន្ថែម :

Hotline: 012 999 124/ 078 999 124/ 010 485 585

Facebook Page: https://www.facebook.com/viyacambodiapsi

Telegram: https://t.me/viyacambodia

TikTok: @viya.cambodia

Instagram: viyacambodia

Website: https://www.viyahealth.com.kh