ជំងឺលើសសម្ពាធឈាម ដែលស្ត្រីមានផ្ទៃពោះគួរយល់ដឹង!
- 2025-04-29 06:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំងឺលើសសម្ពាធឈាម ដែលស្ត្រីមានផ្ទៃពោះគួរយល់ដឹង!
ក្នុងចំណោមស្រ្ដីមានផ្ទៃពោះចំនួន១០នាក់ មានម្នាក់មានជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះ ដែលអាចបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរ ឬអាចមានគ្រោះថ្នាក់ខ្ពស់ដល់ជីវិត។
១) តើជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះជាជំងឺដូចម្តេច?
ជាការពិតទៅ ជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះ មាននិយមន័យដូចទៅនឹងជំងឺលើសសម្ពាធឈាមលើស្ត្រី ដែលអត់មានផ្ទៃពោះ ដោយសម្ពាធឈាមខាងលើ (Systolic) លើសពី១៤០mmHg និងខាងក្រោម (Diastolic) លើសពី៩០mmHg ហើយលើសពីនោះ វាក៏ជាកត្តាដែលប្រឈមទៅនឹង ការស្លាប់ម្ដាយ ទាំងកូនផងដែរ។
ជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះត្រូវបានចែកចេញជា៤ប្រភេទគឺ៖
ក) ជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃ (Pre-existing or chronic hypertension)៖ មានន័យថាអ្នកជំងឺមានការលើសសម្ពាធឈាមមុន ២០សប្ដាហ៍នៃគភ៌(ពពោះ) ក៏មានន័យថាមុនពេលមានផ្ទៃពោះស្រ្ដីជាម្ដាយមានជំងឺលើសសម្ពាធឈាមរួចទៅហើយ។
ខ) ជំងឺលើសសម្ពាធឈាមពេលមានផ្ទៃពោះ (Gestational hypertension)៖ ជាការលើសសម្ពាធឈាមក្រោយ២០សប្ដាហ៍នៃការពពោះ។
គ) ជំងឺបម្រុងក្រឡាភ្លើង (Preeclampsia)៖ មានន័យថាអ្នកជំងឺមានលើសសម្ពាធឈាម រួមជាមួយនឹង ជាតិប្រូតេអ៊ីននៅក្នុងទឹកនោម (proteinuria) លើសពី៣០០មីលីក្រាម ក្នុង២៤ម៉ោង។
ប៉ុន្តែក្នុងការណែនាំថ្មីនៃការធ្វើរោគវិនិច្ឆ័យជំងឺបម្រុងក្រឡាភ្លើង គឺយើងអាចរួមបញ្ចូលទៅនឹងរោគសញ្ញាដទៃទៀតដូចជា៖
ស្រវាំងភ្នែក
ការប៉ះពាល់ទៅលើមុខងារថ្លើម សម្គាល់បានដោយ ឈឺនៅឆ្អឹងជំនីក្រោម ខាងស្ដាំ ការឡើងខ្ពស់នៃអង់ស៊ីម Transaminase
ការប៉ះពាល់ទៅលើ តម្រងនោមដោយមាន ការកើនឡើងនៃ Creatinine
អាចឃើញមាន ជំងឺហើមសួត (Pulmonary edema) ផងដែរ
ឃ) ជំងឺបម្រុងក្រឡាភ្លើង រួមនឹង ជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃ៖ មានន័យថា អ្នកជំងឺមានលើសសម្ពាធឈាមមុនពពោះ រួមជាមួយរោគសញ្ញា នៃជំងឺបម្រុងក្រឡាភ្លើង ក្រោយ២០សប្តាហ៍នៃការពពោះ។
២) តើមានកត្តាណាខ្លះជំរុញឲ្យកើតជំងឺលើសសម្ពាធឈាម អំឡុងពេលមានផ្ទៃពោះ?
កត្តាដែលស្ត្រីមានផ្ទែពោះងាយប្រឈមមុខនឹងជំងឺលើសសម្ពាធឈាមមានដូចជា៖
ស្រ្ដីដែលមានផ្ទៃពោះមានអាយុលើសពី៤០ឆ្នាំ ឬតិចជាង១៨ឆ្នាំ
ស្រ្ដីធាត់ខ្លាំង
ស្រ្ដីធ្លាប់មាន ជំងឺបម្រុងក្រឡាភ្លើងពីមុនមក
ស្រ្ដីពពោះកូនភ្លោះ
ស្រ្តីមាន ជំងឺលើសឈាម
ស្រ្ដីមាន វិបត្តិតម្រងនោម
ស្រ្ដីមាន ជំងឺពាក់ព័ន្ធទៅនឹង ប្រព័ន្ធប្រឆាំងរាងកាយ (autoimmune disease)
ឬស្រ្ដីមាន ជំងឺទឹកនោមផ្អែម
៣) តើជំងឺនេះផ្តល់ផលប៉ះពាល់ណាខ្លះទៅលើម្ដាយ និងកូន?
អ្វីដែលជាក្ដីបារម្ភទៅលើស្ត្រីដែលកើតមានជំងឺលើសឈាមកំឡុងពេលមានផ្ទៃពោះ គឺជាផលវិបាកយ៉ាងធ្ងន់ធ្ងរ ជាពិសេសចំពោះអ្នកដែលស្ថិតក្នុងក្រុមបម្រុងក្រឡាភ្លើង ឬក្រឡាភ្លើងដែលអាចប៉ះពាល់ទៅលើអាយុជីវិតទាំងម្ដាយ និងកូន។
ការប៉ះពាល់ផ្នែកខាងម្ដាយ៖ ស្រ្ដីជាម្ដាយអាចប្រឈមទៅនឹងការដាច់សរសៃឈាមខួរក្បាល ឬកើតមានជំងឺហើមសួត (Pulmonary Edema) ដោយស្រ្ដីនោះមានរោគសញ្ញាហត់ខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត មិនតែប៉ុណ្ណោះ ក្នុងពេលតែមួយក៏អាចមាននូវការប្រកាច់ បែកគ្រាប់ឈាម ការថយចុះនៃចំនួនប្លាកែត ព្រមទាំងមានវិបត្តិថ្លើម និងតម្រង់នោមធ្ងន់ធ្ងរទៀតផង ហើយប្រសិនបើពុំមានការព្យាបាលត្រឹមត្រូវនោះទេ អ្នកជំងឺនឹងឈានទៅរកសេចក្ដីស្លាប់រហូតទៅដល់ ១០ ទៅ ១៥%។
៤) តើត្រូវព្យាបាលជំងឺនេះដូចម្តេច?
យើងអាចធ្វើការព្យាបាលទៅលើជំងឺនេះបាន ប៉ុន្តែយើងមិនអាចប្រាកដថាមិនមានគ្រោះថ្នាក់ដល់ជីវិត១០០%នោះទេ ដោយក្នុងនោះមាន១០% ទៅ ១៥% ជាករណីដែលយើងមិនអាចគ្រប់គ្រងបាន។ ប៉ុន្តែជាទូទៅ ប្រសិនបើអ្នកជំងឺស្ថិតក្នុងក្រុមដែលលើសសម្ពាធឈាមពេលមានផ្ទៃពោះ ឬភាសាបច្ចេកទេសហៅថា “Gestational Hypertension” ការលើសសម្ពាធឈាមនឹងត្រឡប់ទៅរកសភាពធម្មតាវិញបន្ទាប់ពីសម្រាលកូនរួច ៣ ទៅ ៤សប្តាហ៍ ឬ៣ខែក្រោយ ដែលវាអាស្រ័យទៅលើមនុស្សម្នាក់ៗ។ ចំណែកឯអ្នកជំងឺដែលស្ថិតក្នុងក្រុមលើសសម្ពាធឈាមរ៉ាំរ៉ៃវិញ ការលើសសម្ពាធឈាមនឹងមិនបាត់ទៅវិញឡើយ ដែលតម្រូវឲ្យអ្នកជំងឺប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធឈាមយូរអង្វែង។
៥) តើជំងឺនេះអាចបង្កាបានយ៉ាងដូចម្តេច?
ចំពោះវិធីបង្កាវិញ ប្រសិនបើស្រ្តីដែលធ្លាប់កើតមានជំងឺនេះម្ដងរួចទៅហើយ ដូច្នេះគាត់ត្រូវតែទៅតាមដានជាមួយគ្រូពេទ្យជំនាញឲ្យបានជាប់លាប់ បើសិនជាគាត់ចង់មានគភ៌លើកក្រោយទៀត ដើម្បីចៀសវាងគ្រោះថ្នាក់ក្នុងការកើតជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះម្ដងទៀត។
ប្រសិនបើស្រ្តីមានផ្ទៃពោះ រួចសង្ស័យថាខ្លួនឯងមានរោគសញ្ញាដូចជា ឈឺក្បាល ស្រវាំងភ្នែក ឬចុកចុងដង្ហើម សូមប្រញាប់ប្រញាល់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីកាត់បន្ថយអត្រាការស្លាប់របស់ម្ដាយ និងទារកអំឡុងពេលមានផ្ទៃពោះ និងពេលសម្រាល។
#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital