រឿង​សម្ងាត់ទាំង៦​ សំណួរនេះ មិន​គួរនិយាយ ឬសួរ​ទៅកាន់មិត្តរួម​ការងារដាច់ខាតមិនល្អ

  • 2024-10-21 02:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅកន្លែងការងារ មានរឿងរ៉ាវជាច្រើនដែល អ្នកមិនត្រូវរ៉ាយរ៉ាប់ប្រាប់អ្នករួមការងាររបស់អ្នកនោះឡើយ។ អ្នកតែងតែភ្លេចថា ដោយសារតែអ្នកទុកចិត្តអ្នករួមការងារណាម្នាក់ វាបានធ្វើឲ្យអ្នកបង្ហើបរឿងរ៉ាវសំខាន់ៗស្ទើរតែទាំងអស់។ អ្នកអាចគិតថា នៅពេលអ្នកនិយាយរឿងទាំងនោះចេញមក វាអាចធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្បើយ ក៏ប៉ុន្តែអ្នកប្រហែលជាមិនបានគិតពីហានិភ័យដែលត្រឡប់មកវិញនោះឡើយ។

ចូរក្រឡេកមើលបញ្ហាសំខាន់ៗជាច្រើនហើយសូមគិតឡើងវិញ ខាងក្រោមនេះអ្នកមិនគួរនិយាយប្រាប់ទៅក្រុមការងាររបស់អ្នក៖

១.ហាមដាច់ខាតសួររឿងប្រាក់ខែ មូលហេតុបង្ហាញថា អ្នកមិនមានលក្ខណៈវិជ្ជាជីវៈជាអ្នករួមការងារ ហើយម្យ៉ាងទៀតអាចធ្វើឲ្យមានការថ្នាំងថ្នាក់នៅក្នុងកន្លែងការងារប្រសិនបើអ្នកមានតំណែងដូចគ្នា ប៉ុន្តែទទួលបានប្រាក់ខែខុសគ្នា។

២.ពឹងពាក់ខ្ចីលុយមិនលោះខែ ប្រសិនបើអ្នកភ្លេចកាបូបលុយមកកន្លែងការងារ ឬពឹងពាក់ខ្ចីលុយម្តងម្កាលពេលចាំបាច់ដូចជាទិញអាហារហូបចុកជាដើម វាមិនមែនជាបញ្ហានោះឡើយ។ ប៉ុន្តែបើអ្នកឧស្សាហ៍ខ្ចី លុយអ្នករួមការងារសឹងតែមិនលោះពេល សាកគិតទៅមើលប្រសិនបើជាអ្នក តើអ្នកមានអារម្មណ៍បែបណា?

៣.និយាយដើមអ្នករួមការងារ ឬចៅហ្វាយនាយ ការនិយាយមិនល្អនៅពីក្រោយខ្នងអ្នករួមការងារ ឬ ចៅហ្វាយនាយទៅឲ្យអ្នកផ្សេងទៀតស្តាប់ មិនបង្ហាញថា អ្នកជាបុគ្គលិកមានក្រមសីលធម៌ និងគួរឲ្យគោរពនោះឡើយ។ ផ្ទុយទៅវិញ វាបង្ហាញថា អ្នកជាបុគ្គលិកមិនល្អជាងអ្នករួមការងារ ឬចៅហ្វាយនាដែលអ្នកនិយាយដើមទៅទៀត ហើយថ្ងៃណាមួយ អ្នកដែលអ្នកបាននិយាយប្រាប់ នឹងនិយាយដើមអ្នកឲ្យអ្នកផ្សេង ទៀតស្តាប់មិនខាន។

៤.និយាយរឿងចង់រកការងារនៅកន្លែងថ្មី ការចែករំលែកព័ត៌មាននេះជាមួយអ្នករួមការងាររបស់អ្នក អាចធ្វើឲ្យពួកគេមានអារម្មណ៍ឃ្លាតឆ្ងាយពីអ្នក ហើយគិតថាអ្នកនឹងលែងជាផ្នែកមួយនៃក្រុមការងារតទៅទៀតដែលធ្វើឲ្យផលិតភាពការងារអាចនឹងធ្លាក់ចុះ។

៥.កុំនិយាយរឿងទំនាក់ទំនងស្នេហាផ្ទាល់ខ្លួនច្រើនពេក រឿងទំនាក់ទំនងស្នេហាផ្ទាល់ខ្លួន វាមិនមែនជាប្រធានបទសំខាន់ ដែលអ្នកយកទៅនិយាយប្រាប់អ្នករួមការងារនោះទេពីព្រោះថា វាប្រៀបដូចជាអ្នកនាំភ្លើងក្នុងរបស់អ្នកចេញទៅក្រៅដូច្នេះដែរ។ ម្យ៉ាងទៀតវាប៉ះពាល់ដល់អារម្មណ៍អ្នករួមការងារដែលកំពុងផ្តោតលើការងាររៀងៗខ្លួនទៀតផង។

៦.កុំនិយាយអ្នករួមការងារណាមួយជាមនុស្សនាំបញ្ហា ប្រធានបទជាច្រើនដូចជា បញ្ហានយោបាយ ឬបញ្ហាផ្ទាល់ខ្លួនអាចត្រូវបាននិយាយនៅកន្លែងការងារ។ ដូច្នេះពេលខ្លះការលើកយកប្រធានបទទាំងនេះមកកន្លែងការងារពីអ្នករួមការងារ អាចធ្វើឲ្យបរិយាកាសការងារមានភាពអាប់អួ។ ក៏ប៉ុន្តែ អ្នកត្រូវនិយាយចំៗទៅអ្នករួមការងារជាមនុស្សនាំ បញ្ហានោះឡើយ។ វាបង្ហាញថា អ្នកជាមនុស្សគ្មានវិជ្ជាជីវៈ មិនចេះប្រើភាសាទំនាក់ទំនងដោយឆ្លាតវៃ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម