មូលហេតុដែលធ្វើឲ្យកើតមហារីកសុដន់ដែលស្ត្រីគួរយល់ដឹង

  • 2024-10-07 00:48:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រីៗគ្នាយើងប្រាកដជាធ្លាប់បានដឹងស្គាល់ហើយអំពីឃាតករលាក់មុខដ៏កាចសាហាវដែលកំពុងឆាបយកអាយុជីវិតស្ត្រីជាច្រើននាក់ទូទាំងពិភពលោក។ ឃាតករលាក់មុខនេះត្រូវបានគេស្គាល់ថា ជាជំងឺមហារីកសុដន់ ដែលកើតឡើងពីការវិវត្តន៍នៃកោសិកាក្រពេញដោះ។

បច្ចុប្បន្ននៅលើពិភពលោកជំងឺមហារីកសុដន់ ជាកង្វល់ទី១ ក្នុងចំណោមជំងឺមហារីករបស់ស្ត្រីទាំងអស់។ ចំណែកនៅប្រទេសកម្ពុជាយើង ជំងឺនេះស្ថិតក្នុងចំណាត់ថ្នាក់ទី២ នៃជំងឺមហារីករបស់ស្ត្រី។ គេសង្កេតឃើញជំងឺនេះច្រើនមាននៅលើស្ត្រីវ័យចំណាស់ ប៉ុន្តែស្ត្រីវ័យក្មេងក៏អាចជួបប្រទះដែរ។

ជំងឺមហារីកសុដន់បណ្តាលមកពីច្រើនកត្តា ទាំងកត្តាតំណពូជ និងកត្តាការរស់នៅផ្សេងៗទៀតដូចជា៖

  • កត្តាអ័រម៉ូនស្ត្រី: ស្ត្រីខ្លះឆាប់ពេញវ័យពេក (មុន១២ឆ្នាំ) និងស្ត្រីខ្លះទៀតអស់រដូវយូរពេក (ក្រោយ ៥៥ឆ្នាំ)
  • ស្ត្រីដែលមានបុត្រទី១ ក្រោយអាយុ ៣០ឆ្នាំ
  • ស្ត្រីដែលប្រើថ្នាំពន្យាការមានរដូវ
  • បញ្ហាតំណពូជ
  • របបចំនីអាហារ
  • អ្នកមិនសូវទទួលទានបន្លែ
  • អ្នកមិនបានហាត់កីឡា
  • អ្នកធាត់ខ្លាំង
  • អ្នកញាំស្រា ៥០០ml ក្នុងមួយថ្ងៃ
  • ជក់បារី
  • ប្រវត្តិក្រុមគ្រួសារមានជំងឺមហារីកសុដន់ មហារីកដៃស្បូន (អត្រាអាចកើតជំងឺមហារីកសុដន់មានពី ២០%-៣០% ក្នុងលក្ខណៈតំណពូជ) ។

តើជំងឺមហារីកសុដន់មានរោគសញ្ញាដូចម្តេចខ្លះ?

  • មានដុំមួយ ឬច្រើននៅក្នុងសុដន់ ទំហំតូច ឬធំគែមជុំវិញ ដុំមិនច្បាស់លាស់ រឆេងរឆូញមិនអាចរំកិលបានជាប់ស្អិតជាមួយសាច់ដុំ
  • ស្បែកសុដន់រាងដូចសំបកក្រូច
  • ក្បាលដោះផតចូលក្នុង
  • ដោះប្រែប្រួលទំហំខុសធម្មតាខ្លាំង
  • ចេញទឹកដោះលាយឈាម
  • មានកូនកណ្តុរនៅក្រោមឃ្លៀក
  • សញ្ញាផ្សេងៗទៀត។

ជំងឺនេះជួនកាលការធ្វើរោគវិនិច្ឆ័យ និងព្យាបាលយឺត នាំឲ្យដុំនោះអាចលូតលាស់រាលដាលទៅកន្លែងផ្សេង និងបណ្តាលឲ្យមានអការៈក្អួតចង្អោរ ស្រកទម្ងន់ ស្បែកឡើងពណ៌លឿង ឈឺសន្លាក់ឆ្អឹង ឈឺក្បាល ក្អកជាដើម។

គួរបញ្ជាក់ថា អត្រានៃអ្នកជំងឺមហារីកសុដន់រួមមាន៖

  • ១០% អាចកើតលើស្ត្រីវ័យក្រោម ៣៥ឆ្នាំ
  • ២០% អាចកើតលើស្ត្រីវ័យក្រោម ៥០ឆ្នាំ
  • ៥០% អាចកើតលើស្ត្រីវ័យចន្លោះ ៥០-៦៩ឆ្នាំ
  • ២៨% អាចកើតលើស្ត្រីវ័យចន្លោះ ៦៩ឆ្នាំ ឡើងទៅ។

ប្រភព៖ Thehealthsite ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម