តើទារកលើសទម្ងន់ពេលកើត អាចប្រឈមបញ្ហាឬទេ?

  • 2024-09-25 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទារកដែលលើសទម្ងន់ពេលកើត ជាទារកដែលមានទម្ងន់ពេលកើតលើសពី ៤000ក្រាម ឬលើសពី ៩០ percentile នៃទម្ងន់ជាមធ្យមរបស់ទារកធម្មតា។ តាមរយៈការសិក្សាជាច្រើនបានបង្ហាញថា ស្តី្រមានផ្ទៃពោះទាំងអស់ប្រហែលជា ១% ទៅ ១០% អាចផ្តល់កំណើតនូវទារកដែលលើសទម្ងន់។

១. មូលហេតុរួមមាន៖

មូលហេតុដែលបណ្តាលឲ្យទារកលើសទម្ងន់មាន

  • ម្តាយមានជំងឺទឹកនោមផ្អែមដែលការគ្រប់គ្រងជាតិស្ករពុំបានត្រឹមត្រូវ

  • ការឡើងទម្ងន់ខុសពីធម្មតារបស់ម្តាយក្នុងកំឡុងពេលមានគភ៌

  • កត្តាតំណពូជ (ឪពុក ឬម្តាយ មានមាឌធំ ឬធាត់)

២. ផលវិបាកដែលអាចកើតមាន៖

ក. កត្តាប្រឈមលើម្តាយ

  • ការសម្រាលតាមផ្លូវធម្មជាតិមានការពិបាក

  • អត្រាខ្ពស់ប្រឈមទៅនឹងការសម្រាលតាមការវះកាត់

ខ. កត្តាប្រឈមលើទារកក្នុងផ្ទៃ និងកំឡុងពេលសម្រាល

  • ការកើនឡើងនូវអត្រានៃភាពមិនប្រក្រតីពីកំណើត ទារកអាចប្រឈមនឹងការកើតពុំគ្រប់ខែ

  • ទារកអាចជាប់ស្មា រងរបួសពុំអាចលើកដៃរួច ឬ បាក់ឆ្អឹង

  • ទារកអាចប្រឈមនឹងការស្លាប់ក្នុងពោះ

គ. កត្តាប្រឈមលើទារកក្រោយកើត

  • ទារកអាចប្រឈមនឹងកង្វះជាតិស្ករ ដែលអាចបណ្តាលអោយប្រកាច់ ឬ ប៉ះពាល់ដល់ខួរក្បាល

  • ទារកអាចមានវិបត្តិផ្លូវដង្ហើម (ហត់ដង្ហក់ និងថ្ងូរ)

  • ទារកអាចមានកំហាប់ឈាមខាប់ខុសពីធម្មតា ដែលបណ្តាលអោយមានខាន់លឿងខ្លាំង និងរយៈពេលយូរ

  • ទារកអាចមានសាច់ដុំបេះដូងរីក

៣. វិធីបង្ការ និងព្យាបាល៖

  • ការតាមដានផ្ទៃពោះ ឲ្យបានទៀងទាត់ជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភព ការវាស់ប្រវែង និងប៉ាន់ប្រមាណទម្ងន់ទារកមុនសម្រាល តាមរយៈអេកូសាស្រ្តអាចប៉ាន់ស្មានទុកជាមុននូវការសម្រាលត្រឹមត្រូវ បើទារកមានទម្ងន់ធ្ងន់ រឺលើសទម្ងន់។

  • ការពិគ្រោះ និងប្រឹក្សាជាមួយគ្រូពេទ្យឯកទេសផ្នែកទឹកនោមផ្អែម ចំពោះស្រ្តីមានផ្ទៃពោះដែលមានជំងឺទឹកនោមផ្អែម ដើម្បីគ្រប់គ្រងជាតិស្ករឲ្យបានត្រឹមត្រូវ អាចកាត់បន្ថយអត្រាផ្តល់កំណើតទារកលើសទម្ងន់។

  • ការគ្រប់គ្រងរបបចំណីអាហារឲ្យបានត្រឹមត្រូវចំពោះស្រ្តី ជៀសវាងការឡើងទម្ងន់ខុសពីធម្មតាក្នុងកំឡុងពេលមានផ្ទៃពោះ។ ការឡើងទម្ងន់ខុសពីប្រក្រតី អាចបង្កឲ្យមានផលប៉ះពាល់ដល់ពេលអនាគតទាំង ម្តាយ និងទារក ដូចជាការប្រឈមមុខនឹងជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងលើសឈាម ព្រមទាំងជំងឺធាត់។

  • ទារកដែលមានទម្ងន់ធ្ងន់ ឬ លើសគីឡូ នឹងត្រូវបានវាយតំម្លៃ ពិនិត្យ តាមដាន និងព្យាបាល នៅផ្នែកទារកដោយគ្រូពេទ្យឯកទេសផ្នែកកុមារ។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម