តើធ្វើដូចម្តេចទើបដឹងថា អ្នកមានជំងឺបេះដូងខ្សោយ
- 2024-08-13 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើធ្វើដូចម្តេចទើបដឹងថា អ្នកមានជំងឺបេះដូងខ្សោយ
១. ដូចម្ដេចដែលហៅថាជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ?
ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមិនមានន័យថា បេះដូងរបស់យើងឈប់ដើរនោះទេ។ ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ គឺជាការចុះខ្សោយនូវសមត្ថភាពរបស់បេះដូងក្នុងការច្របាច់បញ្ជូនឈាមអោយបានគ្រប់គ្រាន់ដល់សរីរាង្គផ្សេងៗក្នុងខ្លួនយើង។ ជំងឺនេះអាចកើតមានលើមនុស្សគ្រប់អាយុ គ្រប់វ័យ ប៉ុន្តែជាទូទៅជំងឺនេះច្រើនកើតលើមនុស្សដែលមានវ័យចំណាស់។
២ តើជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមានរោគសញ្ញាដូចម្តេចខ្លះ?
ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ មានរោគសញ្ញាចំបងដូចជា៖
ហត់ដង្ហក់ ពិបាកដកដង្ហើមពេលធ្វើចលនា ពេលនៅស្ងៀម ឬពេលគេងផ្ងារ
អស់កំលាំង ល្ហិតល្ហៃជារឿយៗ
ហើមជើងទាំងសងខាង
ញ័រទ្រូង ឬចង្វាក់បេះដូងលោតញាប់ជាងធម្មតា
ក្អកជាប្រចាំ ឬដកដង្ហើមលឺសូរ “ងឺៗ” ហើយមានកំហាកពណ៌ស ឬពណ៌ផ្កាឈូក លាយឈាម
រោគសញ្ញាទាំងនេះអាចកើតមានភ្លាមៗយ៉ាងស្រួចស្រាវ ឬកើតមានបន្តិចម្តងៗ អាស្រ័យទៅតាមមូលហេតុ និងស្ថានភាពនៃជំងឺ។
៣ តើមូលហេតុអ្វីខ្លះដែលបណ្ដាលអោយកើតជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ?
មូលហេតុដែលបណ្តាលអោយកើតជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមានដូចជា៖
ជំងឺស្ទះសរសៃឈាមបេះដូង និងស្លោកសាច់បេះដូង (Ischemic Heart Disease and Heart Attack)
ជំងឺលើសឈាម ឬលើសសម្ពាធឈាម (Hypertension)
ជំងឺខូចប្រើសបេះដូង (Valvular Heart Disease)
ជំងឺវិបត្តិសាច់ដុំបេះដូង (Cardiomyopathy) និងរលាកសាច់ដុំបេះដូង (Myocarditis)
ជំងឺវិបត្តិចង្វាក់បេះដូង (Arrhythmia) ដូចជា ជំងឺបេះដូងដើរលឿនខុសចង្វាក់ (Atrial Fibrillation)
ជំងឺបេះដូងពីកំណើត (Congenital Heart Disease) ដូចជា ជំងឺបេះដូងចំហរ ថតខាងលើ (Atrial Septal Defect)
ជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាជំងឺទឹកនោមផ្អែម ជំងឺអេដស៍ ជំងឺពកក។ល។
៤ តើមានវិធានការអ្វីខ្លះដើម្បីបង្ការជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ?
គន្លឹះដ៏សំខាន់ក្នុងការបង្ការកុំអោយកើតមាន ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ គឺត្រូវធ្វើយ៉ាងណាកាត់បន្ថយហនិភ័យផ្សេងៗដែលនាំអោយកើតមានជំងឺនេះ។ ការកាត់បន្ថយហនិភ័យទាំងនេះតំរូវអោយយើងមានទំលាប់រស់នៅ ដែលនាំអោយមានសុខភាពល្អ និងការព្យាបាលបង្ការជំងឺដែលជាដើមហេតុនៃជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ។ ទំលាប់រស់នៅ ដែលនាំអោយមានសុខភាពល្អដើម្បីបង្ការជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមានដូចជា៖
កុំជក់បារី និងពិសារគ្រឿងស្រវឹង
ព្យាលបាលជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ឬលើស សម្ពាធឈាមអោយបានត្រឹមត្រូវ
ធ្វើលំហាត់ប្រាណអោយបានខ្ជាប់ខ្ជួន
បរិភោគអាហារដែលនាំអោយមានសុខភាពល្អ ដូចជា បន្លែ និងត្រី
រក្សាទំងន់អោយសមស្រប
កាត់បន្ថយភាពស្ត្រេសតានតឹងអារម្មណ៍
៥ អ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើសំរាប់អ្នកជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ
អ្វីដែលគួរធ្វើមានដូចជា៖
ត្រូវលេបថ្នាំអោយបានទៀងទាត់ និងត្រឹមត្រូវតាមវេជ្ជបញ្ជា
ត្រូវរក្សាទំងន់អោយបានសមស្រប
ត្រូវកាត់បន្ថយការបរិភោគអំបិល ជាតិប្រៃ និងបន្ថយការហូបជាតិទឹក
ត្រូវស្វែងរកណាត់ជួបគ្រូពេទ្យ បើមានជារោគសញ្ញាមិនធម្មតា ឬធ្ងន់ធ្ងរកើតមានឡើង
អ្វីដែលមិនគួរធ្វើមានដូចជា៖
មិនត្រូវភ្លេចលេបថ្នាំឡើយ
មិនត្រូវជក់បារី និងសេពគ្រឿងស្រវឹងឡើយ
មិនត្រូវលេបថ្នាំតាមចិត្តខ្លួនឯងឡើយ
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital