កុំទុកឲ្យហួសពេល! ត្រូវតាមដានសុខភាពផ្នែកប្រព័ន្ធរំលាយអាហាររបស់អ្នកឲ្យបានទៀងទាត់!

  • 2024-06-08 01:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

របៀបនៃការរស់នៅប្រកបដោយសុខភាពល្អ គឺជាកត្តាចាំបាច់ និងជាជម្រើសដ៏គាប់ពិសិដ្ឋសម្រាប់ជីវិតរបស់មនុស្សម្នាក់ៗ។ ក្នុងន័យនេះ ការថែទាំសុខភាពរាងកាយទាំងក្នុង និងក្រៅឲ្យបានល្អ គឺជារឿងដែលយើងម្នាក់ៗ មិនត្រូវមើលរំលងនោះឡើយ។ ជាក់ស្ដែង ប្រព័ន្ធរំលាយអាហារ គឺជាបណ្ដាញសរីរាង្គ ដ៏សំខាន់ មានតួនាទីក្នុងការថែរក្សាសុខភាពទូទៅរបស់មនុស្ស ព្រោះវាតែងតែធ្វើការដោយគ្មាននឿយហត់ ដើម្បីរំលាយអាហារ ទាញយកសារធាតុចិញ្ចឹមសំខាន់ៗ និងផ្ដល់ថាមពលដល់រាងកាយរបស់មនុស្ស។ ប៉ុន្ដែ ប្រសិន មិនមានការថែរក្សាប្រព័ន្ធរំលាយអាហារឲ្យបានល្អទេ នោះសុខភាពទូទៅរបស់មនុស្សម្នាក់ៗ ក៏អាចនឹងប្រឈមហានិភ័យដែលអាចកើតមានផ្សេងៗផងដែរ។

**លោកវេជ្ជបណ្ឌិត Jaideep Rao ឯកទេសផ្នែកវះកាត់ទូទៅ នៃមន្ទីពេទ្យ Mount Elizabeth នៅប្រទេសសិង្ហបុរី ** បានគូសបញ្ជាក់ថា បញ្ហាដែលតែងតែកើតមានចំពោះប្រព័ន្ធរំលាយអាហារផ្នែកខាងលើរបស់មនុស្ស គឺការច្រាលឡើងនៃអាស៊ីតក្នុងក្រពះ ដែលអាចបង្កទៅជារលាកក្រពះ, ក្រួសនៅក្នុងថង់ទឹកប្រម៉ាត់ និងអ្វីដែលគួរឲ្យបារម្ភខ្លាំងនោះ គឺជំងឺមហារីកក្រពះ និងមហារីកលំពែង។ លោកវេជ្ជបណ្ឌិត បានបន្ថែមថា ជំងឺទាក់ទងនឹងប្រព័ន្ធរំលាយអាហារខាងលើនេះ គឺអាចធ្វើឲ្យអ្នកជំងឺមានអាការៈឧស្សាហ៍ឈឺចុកចាប់ក្នុងពោះ ហើមពោះ និងក្ដៅចុកអួលៗនៅផ្នែកចុងដង្ហើមជាដើម។

ករណីដែលមានអាការៈដូចរៀបរាប់ខាងលើនេះ លោកវេជ្ជបណ្ឌិត Jaideep Rao ណែនាំឲ្យអ្នកជំងឺស្វែងរកការប្រឹក្សាជាមួយគ្រូពេទ្យជំនាញ និងពិនិត្យតាមដានឲ្យបានត្រឹមត្រូវ ដើម្បីព្យាបាលឲ្យបានទាន់ពេល ជៀសវាងជំងឺវិវត្តទៅរកស្ថានភាពធ្ងន់ធ្ងរ។ ចំពោះ ការធ្វើរោគវិនិច្ឆ័យទៅលើជំងឺដំបៅក្រពះ និងដំបៅដើមពោះវៀនតូច គេអាចធ្វើឡើងតាមវិធីដាក់ឧបករណ៍ភ្ជាប់ជាមួយកាមេរ៉ាតូចឆ្មារ ចូលតាមមាត់អ្នកជំងឺ រហូតដល់ថង់ក្រពះ ហើយពេលខ្លះ គេអាចប្រើឧបករណ៍នោះច្រឹបសាច់ ដែលសង្ស័យថាមហារីក មកពិនិត្យបន្ថែមផងដែរ។ វិធីសាស្ត្រពិនិត្យមួយទៀតនោះ គឺការឆ្លុះអេកូ ដែលអាចឲ្យគេពិនិត្យមើលទៅលើសរីរាង្គក្រពះ លំពែង ថង់ទឹកប្រមាត់ និងថ្លើមជាដើម។ តាមរយៈការឆ្លុះអេកូ គេអាចដឹងថា តើអ្នកជំងឺមានការដុះដុំគីស ឬដុំសាច់នៅក្នុងសរីរាង្គទាំងនោះ ឬក៏អត់។

តើគេអាចវះកាត់ព្យាបាលជំងឺមហារីកក្រពះដោយវិធីណាខ្លះ?
តាមការអះអាងរបស់ លោកវេជ្ជបណ្ឌិត Jaideep Rao ការវះកាត់ព្យាបាលជំងឺមហារីកក្រពះ មានច្រើនវិធី ក្នុងនោះ ប្រសិនបើអ្នកជំងឺមហារីកក្រពះស្ថិតក្នុងដំណាក់កាលដំបូង នោះគេអាចប្រើប្រាស់វិធីសាស្ត្រ អង់ដូស្គូពិក សឺជឺរី (Endoscopic Surgery) ដែលជាការដាក់ឧបករណ៍ឆ្លុះមើល និងការវះកាត់សាច់ផ្នែកណាមួយនៃដុំសាច់មហារីកនោះចេញ។ ស្រដៀងគ្នានេះ ការវះកាត់ប្រភេទ ឡាប៉ារ៉ូស្គូពិក (laparoscopic) ក៏ជាជម្រើសវិធីសាស្ត្រល្អសម្រាប់ការវះកាត់ផងដែរ។ ផ្សេងពីនេះ វិធីសាស្ត្រដែលទំនើប និងកំពុងមានការពេញនិយមប្រើប្រាស់ក្នុងការវះកាត់ជំងឺមហារីកក្រពះ គឺការប្រើប្រាស់មនុស្សយន្ដ ឬ រ៉ូបូត ដើម្បីវះកាត់។ វិធីសាស្ត្រនេះ វេជ្ជបណ្ឌិតជំនាញ នឹងបំពាក់ប្រព័ន្ធ Censer នៅលើម្រាមដៃដើម្បីបញ្ជាទៅលើមនុស្សយន្ដ ដើម្បីធ្វើការវះកាត់ឲ្យបានត្រឹមត្រូវ ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាវីដេអូ 3D ដែលអនុញ្ញាតឲ្យគេអាចមើលឃើញច្បាស់នៅកន្លែងដែលត្រូវវះកាត់នោះ។

ការវះកាត់ដោយប្រើមនុស្សយន្ដ ឬរ៉ូបូតនេះ ត្រូវបានលោកវេជ្ជបណ្ឌិត Jaideep Rao គូសបញ្ជាក់ថា គឺជាការវះកាត់ចោះរន្ធពោះក្នុងទំហំតូច មិនដូចជាការវះកាត់តាមបែបប្រពៃណី ដែលត្រូវវះកាត់បើកពោះ ឬមុខរបួសធំនោះទេ។ អត្ថប្រយោជន៍ នៃការវះកាត់ដោយប្រើមនុស្សយន្ដនេះ គឺបន្សល់ស្នាមរបួសតូច បាត់បង់ឈាមតិច មិនប្រឈមខ្ពស់ក្នុងការឆ្លងមេរោគ ហើយអ្នកជំងឺឆាប់ជាសះស្បើយ ដោយមិនចាំបាច់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យយូរថ្ងៃក្រោយវះកាត់នោះឡើយ។

លោកវេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ទៀតថា ជាទូទៅតាមបទពិសោធន៍ ដែលលោកបានវះកាត់អ្នកជំងឺនៅមន្ទីរពេទ្យ Mount Elizabeth ការវះកាត់ដោយប្រើមនុស្សយន្ដ ឬការវះកាត់ដែលបន្សល់ស្លាកស្នាមមុខរបួសតូច គឺជាជម្រើសពេញនិយមបំផុតសម្រាប់អ្នកជំងឺមហារីកក្រពះ ឬការវះកាត់ដុំសាច់ក្នុងពោះ លើកលែងតែការវះកាត់ដុំសាច់នោះវាមានទំហំខ្លាំងពេក ទើបគេត្រូវប្រើប្រាស់វិធីសាស្ត្រវះកាត់បើកពោះ ដែលបន្សល់នូវមុខរបួសធំ។

តើក្រុមមនុស្សប្រភេទណា ដែលប្រឈមនឹងការកើតមានជំងឺមហារីកក្រពះ និងមហារីកបំពង់អាហារ? ហើយគេត្រូវការពារខ្លួនដោយវិធីណា? បើតាមលោកវេជ្ជបណ្ឌិត Jaideep Rao ជាទូទៅមនុស្ស ដែលមានវ័យចាប់ពី៥០ឆ្នាំឡើងទៅ និងស្ថិតនៅក្នុងប្រវត្តិគ្រួសារ ដែលមានអ្នកកើតជំងឺមហារីក គឺជាបុគ្គលដែលប្រឈមខ្ពស់នឹងការកើតមានជំងឺមហារីកក្រពះ ឬមហារីកបំពង់អាហារ។ ជាមួយគ្នានេះ អ្នកដែលផឹកស្រា និងជក់បារីច្រើន ក៏ប្រឈមនឹងជំងឺមហារីកក្រពះដូចគ្នា រួមទាំងអ្នកដែលមានកើតមានរោគក្រពះរ៉ាំរៃផងដែរ។

ចំពោះការការពារកុំឲ្យឈានដល់កើតមានជំងឺមហារីកក្រពះ ឬមហារីកបំពង់អាហារវិញ វេជ្ជបណ្ឌិតមកពីប្រទេសសិង្ហបុរីរូបនេះ បានណែនាំឲ្យអ្នកជំងឺធ្វើការតាមដានពិនិត្យសុខភាពឲ្យបានទៀងទាត់ រៀងរាល់៦ខែ ឬ១ឆ្នាំម្ដង។

ចំពោះអ្នកកំពុងមានជំងឺមហារីកក្រពះ ឬមហារីកបំពង់អាហារ លោកវេជ្ជបណ្ឌិត Jaideep Rao ណែនាំឲ្យស្វែងរកមន្ទីរពេទ្យ និងវេជ្ជបណ្ឌិត ដែលមានឯកទេសច្បាស់លាស់ ហើយការវះកាត់គួរតែអនុវត្តលើវិធីសាស្ត្រវះកាត់ដែលបន្សល់ស្លាកស្នាមរបួសតូច ឬហៅថា Minimally Invasive surgeries ព្រោះវាមានប្រសិទ្ធភាពខ្ពស់ និងផ្ដល់អត្ថប្រយោជន៍ច្រើនសម្រាប់អ្នកជំងឺនៅក្រោយការវះកាត់។

លោកវេជ្ជបណ្ឌិតបន្ថែមថា ចំពោះការវះកាត់ព្យាបាលជំងឺមហារីកក្រពះ និងមហារីកបំពង់អាហារ នៅមន្ទីរពេទ្យសិង្ហបុរី Mount Elizabeth គឺត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់បំផុត ខណៈដែលមន្ទីរពេទ្យមួយនេះ គឺជាមន្ទីរពេទ្យដែលមានកេរ្ដិ៍ល្បីល្បាញមួយប្រចាំនៅសិង្ហបុរី។ ល្បីល្បាញ ក៏ដោយសារតែ នៅមន្ទីរពេទ្យនេះ មានក្រុមវេជ្ជបណ្ឌិត សុទ្ធសឹងជាអ្នកដែលមានជំនាញឯកទេសជាន់ខ្ពស់ ហើយពួកគេធ្វើការងារជាក្រុម ដើម្បីតាមដាន វិភាគ និងព្យាបាលអ្នកជំងឺបានយ៉ាងល្អបំផុត រួមជាមួយនឹងឧបករណ៍ប្រើប្រាស់ក្នុងមន្ទីរពេទ្យសុទ្ធសឹងជាឧបករណ៍ទំនើបៗចុងក្រោយស្ដង់ដារអន្តរជាតិ។ ជាក់ស្ដែង តាមបទពិសោធន៍កន្លងមក ការវះកាត់នៅមន្ទីរពេទ្យ Mount Elizabeth គឺមានអត្រាជោគជ័យខ្ពស់បំផុត៕

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការប្រឹក្សា និងការណាត់ជួបព្យាបាលជំងឺនៅមន្ទីរពេទ្យសិង្ហបុរី Mount Elizabeth លោកអ្នកអាចទំនាក់ទំនងទៅកាន់ការិយាល័យ IHH Healthcare Singapore – Cambodia Office ដោយផ្ទាល់តាមរយៈលេខទូរសព្ទ៖ 098 531 911ឬទំព័រហ្វេសប៊ុក ៖

ចុចលីងមន្ទីរពេទ្យ៖https://www.facebook.com/IHHHealthcareSingaporeKH

អត្ថបទ៖ សិរីរត្នន៍