ហេតុអ្វីអង្គុយធ្វើការយូរម៉ោងក្នុងមួយថ្ងៃៗមិនល្អចំពោះសុខភាព?
- 2024-04-17 13:29:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីអង្គុយធ្វើការយូរម៉ោងក្នុងមួយថ្ងៃៗមិនល្អចំពោះសុខភាព?
បច្ចុប្បន្នមនុស្សជាច្រើនធ្វើការនៅក្នុងការិយាល័យដែលត្រូវអង្គុយច្រើនម៉ោងក្នុងមួយថ្ងៃៗ ហើយអ្នកខ្លះសឹងតែអង្គុយជាប់នឹងកៅអីភ្លេចទាំងក្រោកដើរផងក៏មាន។ ការសិក្សាជាច្រើនបានរកឃើញថាការអង្គុយយូរម៉ោងក្នុងមួយថ្ងៃៗអាចបង្កផលប៉ះពាល់ច្រើនយ៉ាងដល់សុខភាព ព្រមទាំងអាចធ្វើឲ្យឆាប់ស្លាប់ផងដែរ។ ការសិក្សាខ្លះទៀតបានរកឃើញពីទំនាក់ទំនងរវាងការអង្គុយយូរម៉ោងក្នុងមួយថ្ងៃៗទៅនឹងជំងឺទឹកនោមផ្អែម ឡើងទម្ងន់ ធ្លាក់ទឹកចិត្ត បញ្ហាដំណេក និងជំងឺមហារីកមួយចំនួនផងដែរ។
ការចំណាយពេលអង្គុយយូរម៉ោងក្នុងមួយថ្ងៃៗបានដាក់សម្ពាធទៅលើរចនាសម្ព័ន្ធឆ្អឹងខ្នង ក៏ដូចជាសន្លាក់ផ្សេងទៀត ដែលរួមមានស្មា ត្រគាកផងដែរ។ ពេលអង្គុយមុខកុំព្យូទ័រ យើងតែងឱនទៅមុខដែលនេះជាឥរិយាបថខុសប្រក្រតីមួយ។ ដូចគ្នាដែរ អង្គុយយូរក៏បានដាក់សម្ពាធបន្ថែមលើខ្នងផ្នែកខាងក្រោម និងកាត់បន្ថយភាពបត់បែនរបស់ឆ្អឹងខ្នងដែរ ដែលការណ៍នេះអាចនាំឲ្យមានការឈឺចាប់ត្រង់ខ្នងផ្នែកខាងក្រោម និងត្រគាក។ ដូចគ្នានេះ ការអង្គុយយូរម៉ោង មិនធ្វើចលនាអាចនាំឲ្យឆ្អឹងចុះខ្សោយផងដែរ។
ដើម្បីដោះស្រាយបញ្ហាទាំងនេះ មនុស្សវ័យចន្លោះពី១៨ទៅ៦៤ឆ្នាំ គួរហាត់ប្រាណដូចជាដើរ ជិះកង់ ឬហែលទឹកឲ្យបានយ៉ាងតិច១៥០នាទីក្នុងមួយសប្ដាហ៍ បើសិនជាយើងមិនអាចទៅក្លឹបហាត់ប្រាណបាន។ ដូចគ្នាដែរពេលម៉ោងធ្វើការ គួរឧស្សាហ៍ងើបដើរឲ្យបានញឹកញាប់ បើសិនជាអាចគួរងើបដើរបន្តិចរាល់៣០នាទីម្ដង។
ការសិក្សាខ្លះទៀតបានរកឃើញពីភាពពាក់ព័ន្ធគ្នារវាងការអង្គុយយូរម៉ោង និងការឡើងទម្ងន់ជាពិសេសមានទំនាក់ទំនងខ្លាំងទៅនឹងជំងឺទឹកនោមផ្អែម។ អ្នកស្រាវជ្រាវបានលើកឡើងថាកាលពី១០០ឆ្នាំមុនមនុស្សធ្វើចលនាច្រើនជាប្រចាំ ប៉ុន្តែបច្ចុប្បន្នមនុស្សចំណាយពេលច្រើននៅមួយកន្លែងធ្វើការ អង្គុយញ៉ាំអាហារមើលទូរទស្សន៍ ដែលការណ៍នេះអាចនាំឲ្យពួកគេញ៉ាំអាហារកាន់តែច្រើន និងធ្វើឲ្យឡើងទម្ងន់។
ដូចគ្នាដែរ ការអង្គុយយូរម៉ោង គឺបានន័យថាយើងមិនបានបញ្ចេញសកម្មភាពរាងកាយនោះដែរ ដែលការណ៍នេះអាចធ្វើឲ្យយើងប្រឈមនឹងជំងឺបេះដូង ដែលជាជំងឺមួយនាំមុខគេបណ្ដាលឲ្យបុរសស្រ្តីបាត់បង់ជីវិត។ អ្នកស្រាវជ្រាវលើកឡើងថាយើងអង្គុយកាន់តែយូរ យើងទំនងជាកាន់តែប្រឈមនឹងបញ្ហាគាំងបេះដូង ឬស្លាប់ដោយសារគាំងបេះដូង។
អង្គុយធ្វើការយូរម៉ោងក្នុងមួយថ្ងៃៗមិនមែនជាទម្លាប់ល្អនោះទេ ហើយទម្លាប់នេះក៏រួមចំណែកក្នុងការបង្កហានិភ័យជំងឺមហារីកដែរ ប្រៀបដូចទៅនឹងការញ៉ាំសាច់ក្រហមច្រើន ឬជក់បារីអីចឹងដែរ។ ដើមដោះស្រាយបញ្ហានេះ អ្នកជំនាញណែនាំឲ្យយើងដូរទម្លាប់ និងបញ្ចេញសកម្មភាពឲ្យបានច្រើន។