ការសិក្សា​៖ ស្រ្តី​ធ្វើ​ការ​ក្រោម​កម្ដៅ​ថ្ងៃ​ខ្លាំង​ប្រឈម​ហានិភ័យ​កូន​ស្លាប់​ក្នុង​ផ្ទៃ​ទ្វេ​ដង​

  • 2024-04-10 13:44:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា​បាន​រក​ឃើញ​ថា​ការ​​​ធ្វើ​ការ​ក្នុង​បរិយាកាស​ក្ដៅ​អាច​ធ្វើ​ឲ្យ​ស្រ្តី​មាន​ផ្ទៃពោះ​ប្រឈម​នឹង​បញ្ហា​កូន​ស្លាប់​ក្នុង​ផ្ទៃ​ ឬ​រលូត​ទ្វេ​ដង​​ខ្ពស់​ជាង​អ្នក​ធ្វើ​ការ​នៅ​កន្លែង​មាន​បរិយាកាស​ត្រជាក់​។ ការ​សិក្សា​នេះ​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌា លើ​ស្រ្តី​មានផ្ទៃ​ពោះ​ចំនួន​ប្រាំ​បី​ពាន់​នាក់​ចាប់​​ពី​ឆ្នាំ​២០១៧ និង​ត្រូវ​បាន​ចុះ​ផ្សាយ​លើ​សារព័ត៌មាន​BBC កាលពី​ខែ​មីនា ឆ្នាំ​២០២៤។​​​​​​

កន្លែង​ធ្វើ​ការ​ដែល​មាន​បរិយាកាស​ក្ដៅ ដែល​ការសិក្សា​មួយ​នេះ​រាប់​បញ្ចូល​រួម​មាន​ស្រ្តី​ធ្វើ​ការ​ក្នុង​វិស័យ​កសិកម្ម​ដូច​ជា​ចម្ការ​អំពៅ នៅស្រែ​អំបិល និង​ឡ​ឥដ្ឋ។ ទី​តាំង​មួយ​ចំនួន​ទៀត​ដូចជា​សាលារៀន ឬ​មន្ទីរ​ពេទ្យ​ថ្វី​បើ​នៅ​ក្នុង​អគារ​មាន​បរិយាកាស​ត្រជាក់ តែ​ក៏​មាន​បុគ្គលិក​ខ្លះ​ប្រឈម​នឹង​ការ​បំពេញ​ការងារ​នៅ​កន្លែង​ដែល​មាន​បរិយាកាស​ក្ដៅ​ដូច​គ្នា​។ ​យ៉ាង​ណា​ ការសិក្សា​មិន​បាន​បញ្ជាក់​ថា​តើ​សីតុណ្ហភាព​កម្រិត​ណា​ដែល​ថា​ក្ដៅ​ខ្លាំង និង​ប៉ះពាល់​សុខភាព​រាង​កាយ​នោះ​ដែរ។

តាម​លទ្ធ​ផល​សិក្សា​បាន​បង្ហាញ​ថា​ស្រ្តី​ដែល​ធ្វើ​ការ​នៅ​កន្លែង​ដែល​មាន​បរិយាកាស​ក្ដៅ គឺ​មាន​អត្រា​ប្រឈម​ខ្ពស់​នឹង​ការ​រលូត​កូន ​កូន​កើត​មុន​ខែ​ឬ​កូន​ស្លាប់​ក្នុង​ផ្ទៃ និង​កើត​មិន​គ្រប់​គីឡូ​មាន​ប្រហែល​ពីរ​ដង​ខ្ពស់​ជាង​ស្រ្តី​ដែល​ធ្វើ​ការ​នៅ​កន្លែង​មាន​​បរិយាកាស​ត្រជាក់​។

​អង្គការ​សុខ​ភាព​ពិភព​លោក​បាន​ប៉ាន់​ប្រមាណ​ថា​នៅ​ចុង​សតវត្ស​នេះ​សីតុណ្ហភាព​ផែន​ដី​នឹង​កើន​ឡើង​៣​អង្សា​​ខ្ពស់​ជាង​មុន​យុគ​ឧស្សាហកម្ម។ ការណ៍​នេះ អង្គការ​សុខភាព​ពិភព​លោក​ថា​ការ​ឡើង​កម្ដៅ​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​​ធ្ងន់​ធ្ងរ​ដល់​ស្រ្តី​មាន​ផ្ទៃ​ពោះ​។ ទោះ​យ៉ាង​នេះ​ក្ដី ​ការ​សិក្សា​នៅ​មិន​ទាន់​រក​ឃើញ​​ពី​យន្ត​ការ​ជាក់​លាក់​ និង​គួរ​ឲ្យ​យល់​បាន​ដែល​ថា​​កម្ដៅ​​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ស្រ្តី​មាន​ផ្ទៃពោះ និង​ការ​លូត​លាស់​របស់​គភ៌​នៅ​ឡើង​ដែរ​។

​ទ្រឹស្ដី​មួយ​ដែល​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​លើក​ឡើង​គឺ​ថា​នៅ​ពេល​ស្រ្តី​មាន​ផ្ទៃ​ពោះ​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង ឈាម​ដែល​ធ្លាប់​តែ​រត់​ទៅ​កាន់​គភ៌​នឹង​បែរ​ទិស​ដៅ​មក​កាន់​រាង​កាយ​ម្ដាយ​វិញ ដើម្បី​ជួយ​បញ្ចុះ​កម្ដៅ​ដល់​រាង​កាយ​ម្ដាយ​។​​​​​​

​ដោះ​ស្រាយ​បែប​ណា?

​ក្រុម​អ្នក​ស្រាវ​ជ្រាវ​លើក​ទឹក​ចិត្ត​ឲ្យ​ស្រ្តី​ដែល​ធ្វើ​ការ​ក្រោម​កម្ដៅ​ថ្ងៃ​ខ្លាំង​កាត់​បន្ថយ​រយៈ​ពេល​ត្រូវ​កម្ដៅ​ថ្ងៃ ស្វែង​រក​ម្លប់​ជ្រក​ឲ្យ​បាន​ញឹក​ញាប់ កាត់បន្ថយការ​ចេញ​​ក្រៅ​អគារ​ បើមេឃ​មាន​សភាព​ក្ដៅ​ខ្លាំង​។ បន្ថែម​ពី​នេះ គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ជាង​ពេល​ធម្មតា​ផង​ដែរ។​

ប្រភព៖ BBC ប្រែសម្រួល៖ សុខា