ហេតុអ្វីមនុស្សវ័យចំណាស់ងាយមានបញ្ហាសុខភាពពេលអាកាសធាតុក្ដៅ?
- 2024-04-05 08:57:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីមនុស្សវ័យចំណាស់ងាយមានបញ្ហាសុខភាពពេលអាកាសធាតុក្ដៅ?
ពេលយើងមានវ័យកាន់តែច្រើន យើងក៏កាន់តែមានហានិភ័យកើតមានបញ្ហាសុខភាពដោយសារតែអាកាសធាតុក្ដៅ ជាពិសេសអ្នកដែលរស់នៅតែឯង ឬមានជំងឺប្រចាំកាយ ឬកំពុងប្រើប្រាស់ថ្នាំជាក់លក់មួយចំនួន។ រាងកាយយើងប្រែប្រួលទៅតាមវ័យ ហើយពេលខ្លះយើងងាយនឹងបាត់បង់ជាតិទឹក ឬឡើងកម្ដៅរាងកាយដោយមិនដឹងខ្លួន។ មនុស្សមានវ័យចំណាស់ ការចេញញើសក៏មិនងាយបញ្ចុះសីតុណ្ហភាពរាងកាយនោះដែរ។
ពិសេសអ្នកមានវ័យលើសពី៦៥ឆ្នាំ គឺងាយមានបញ្ហាសុខភាពជាងអ្នកផ្សេងទៀតដោយសារតែអាកាសធាតុក្ដៅនេះ។ បើសិនជាក្នុងផ្ទះយើងមានសមាជិកគ្រួសារមានវ័យប្រហាក់ប្រហែលនេះគួរតាមដានសុខភាពពួកគាត់ឲ្យបានជាប្រចាំពេលអាកាសធាតុក្ដៅបែបនេះ។
មនុស្សវ័យចំណាស់ពិបាកសម្របខ្លួនទៅនឹងការឡើងកម្ដៅភ្លាមៗរបស់អាកាសធាតុណាស់។ មួយវិញទៀត មនុស្សវ័យចំណាស់ខ្លះទៀត ក៏មានជំងឺប្រចាំកាយដែរ ដែលធ្វើឲ្យរាងកាយពួកគាត់មិនអាចឆ្លើយតបបានល្អទៅនឹងអាកាសធាតុក្ដៅ។ បន្ថែមពីនេះ ពួកគាត់មួយចំនួនអាចកំពុងប្រើប្រាស់ថ្នាំជាក់លាក់មួយចំនួនដែរ ដែលជាហេតុធ្វើឲ្យរាងកាយបាត់បង់សមត្ថភាពក្នុងការគ្រប់គ្រងសីតុណ្ហភាពរាងកាយ និងការបញ្ចេញញើស។
ពេលអាកាសធាតុក្ដៅយើងគួររៀបចំឲ្យសមាជិកគ្រួសារដែលមានវ័យចំណាស់នៅក្នុងផ្ទះ ឬអគារដែលមានខ្យល់ចេញចូលល្អ និងនៅមុខកង្ហារ ឬបើផ្ទះមានម៉ាស៊ីនត្រជាក់ យើងគួររៀបចំឲ្យពួកគាត់នៅក្នុងផ្ទះដែលមានបើកម៉ាស៊ីនត្រជាក់។
បន្ថែមពីនេះ ការរៀបចំឲ្យពួកគាត់ញ៉ាំទឹកឲ្យបានច្រើនជាងពេលធម្មតា ក៏ជារឿងចាំបាច់ដែរ គឺមិនត្រូវចាំទាល់តែពួកគាត់ស្រេកទឹកនោះទេ។ ប៉ុន្តែសម្រាប់មនុស្សវ័យចំណាស់ខ្លះអាចត្រូវគ្រូពេទ្យណែនាំឲ្យកម្រិតជាតិទឹក ហេតុដូចនេះ គួរប្រឹក្សាជាមួយគ្រូពេទ្យពីបរិមាណជាតិទឹកដែលពួកគាត់អាចញ៉ាំបានពេលអាកាសធាតុក្ដៅ។
ក្រៅពីនេះ ការងូតទឹក និងស្លៀកសំលៀកបំពាក់រលុងៗ ក៏ជាចំណែកជួយឲ្យរាងកាយមិនស្អុះស្អាប់ពេលអាកាសធាតុក្ដៅផងដែរ។ យ៉ាងណាបើសិនជាមាននរណាម្នាក់មានរោគសញ្ញាដូចជាឈឺក្បាល ក្អួតចង្អោរ ឬរមួលសាច់ដុំខ្លាំង គួរស្វែងរកជំនួយពីគ្រូពេទ្យ។