តើ​ការ​រួម​ភេទ​ មាន​ប្រយោជន៍​អ្វី​ខ្លះ​ចំពោះ​បុរស និង​ស្រ្តី​?​

  • 2024-03-30 11:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ការ​រួម​ភេទ​ជា​ផ្នែក​មួយ​នៃ​ជីវិត​។ ក្រៅ​ពី​ការ​បន្ត​ពូជ​ ការ​រួម​ភេទ​ក៏​ជា​ការ​បង្ហាញ​ពី​ក្ដី​ស្រឡាញ់ និង​ភាព​រីក​រាយ​ផង​ដែរ​។ ការ​រួម​ភេទ​រវាង​បុរស និង​ស្រ្តី ឬ​ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​គុណ​ប្រយោជន៍​ច្រើន​យ៉ាង​ដល់​បុរស និង​ស្រ្តី​។

គុណ​ប្រយោជន៍​សម្រាប់​បុរស​

​ការ​សិក្សា​ថ្មីៗ​នេះ​រក​ឃើញ​ថា​បុរស​ដែល​បាន​រួម​ភេទ​ជា​មួយ​ដៃ​គូ​ជា​ស្រ្តី​ញឹក​ញាប់ បាន​រួម​ចំណែក​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​។ ការ​សិក្សា​បាន​រក​ឃើញ​ថា​​បុរស​ដែល​បាន​បញ្ចេញ​ទឹក​កាម​ចាប់​ពី​៤,៦ដង​ទៅ​៧​ដង​ក្នុង​មួយ​សប្ដាហ៍​​ទំនង​ជា​អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​ក្រពេញ​ប្រូស្តាត​បាន​៣៦​ភាគ​រយ​មុន​ឈាន​ដល់​អាយុ​៧០​ឆ្នាំ​។ ទិន្នន័យ​នេះ​ គឺ​ធៀប​ទៅ​នឹង​បុរស​ដែល​បាន​បញ្ចេញ​ទឹក​កាម​ត្រឹម​២,៣​ដង ឬ​តិច​ជាង​នេះ​ក្នុង​មួយ​សប្ដាហ៍​។​

ការ​សិក្សា​ផ្សេង​ទៀត​ដែល​គេ​បាន​តាម​ដាន​លើ​បុរស​រយៈ​ពេល​១០​ឆ្នាំ បាន​រក​ឃើញ​ថា​​បុរស​ដែល​បាន​រួម​​ភេទ​​ដល់​ចំណុច​កំពូល​ពីរ​ដង​ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​សប្ដាហ៍​មាន​អាយុ​​វែង​ជាង​បុរស​ដែល​មិន​សូវ​បាន​រួម​ភេទ​ដល់​ចំណុច​កំពូល​។​​ ​

គុណ​ប្រយោជន៍​សម្រាប់​ស្រ្តី​

​សម្រាប់​ស្រ្តី​ការ​រួម​ភេទ​ដែល​បាន​ឈាន​ដល់​ចំណុច​កំពូល​នឹង​ជួយ​បង្កើន​លំហូរ​នៃ​ឈាម ព្រម​ទាំង​បាន​បញ្ចេញ​សារធាតុ​គីមី​​ធម្មជាតិ​ដែល​មាន​ឥទ្ធិ​ពល​បំបាត់​ការ​ឈឺ​ចាប់​បាន​ផង​ដែរ។ ដូច​គ្នា​ដែរ សកម្ម​ភាព​រួម​ភេទ ជួយ​ស្រ្តី​ឲ្យ​បង្កើន​សមត្ថភាព​គ្រប់​គ្រង​លើ​ប្លោក​នោម កាត់​បន្ថយ​ការ​លេច​នោម​ដោយ​ឯកឯង ពង្រឹង​សាច់ដុំ​ត្រគាក និង​បង្កើន​ទឹក​រម្អិល​ទ្វារ​មាស​ជា​ដើម​។​

​​​​បន្ថែម​ពី​នេះ​សកម្ម​ភាព​រួម​ភេទ​បាន​ជួយ​ពង្រឹង​បាត​អាង​ត្រគាក ដែល​ការណ៍​នេះ​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​រួម​ភេទ និង​កាត់​បន្ថយ​ហានិភ័យ​បញ្ហា​ស្រុត​ស្បូន​ផង​ដែរ។​

ក្រៅ​ពី​នេះ ការ​រួម​ភេទ​ក៏​មាន​គុណ​ប្រយោជន៍​ដល់​សុខ​ភាព​រាង​កាយ​ទាំង​បុរស និង​ស្រ្តី​ដូច​ជា​បញ្ចុះ​សម្ពាធ​ឈាម ដុត​កាឡូរី ពង្រឹង​សុខ​ភាព​បេះដូង ពង្រឹង​សាច់​ដុំ កាត់​បន្ថយ​ហានិភ័យ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល និង​លើស​សម្ពាធ​ឈាម​។​

ប្រភព៖ healthline ប្រែសម្រួល៖ សុខា