គន្លឹះ​បី​សំខាន់​ៗ​ ជួយ​បង្ការ​បញ្ហា​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរក្បាល​

  • 2024-03-30 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ទាន់​យឺត​ពេល​ទេ​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បង្ការ​បញ្ហា ឬ​ជំងឺ​​​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល មិន​ថា​យើង​ស្ថិត​ក្នុង​វ័យ​ណា​ក៏​ដោយ​​។ ​ជា​ការពិត​វ័យ​កាន់​តែ​ច្រើន​ក៏​នឹង​ធ្វើ​ឲ្យ​យើង​កាន់​តែ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​មួយ​នេះ​ដែរ។ ការ​យល់​ដឹង​ពី​វិធី​បង្ការ​គឺ​ជា​រឿង​ចាំបាច់ ហើយ​វិធី​បង្ការ​ខ្លះ​មិន​ជា​លំបាក​ណាស់​ណា​ទេ ហើយ​យើង​ទាំង​អស់​គ្នា​ពិត​ជា​អាច​ធ្វើ​បាន​។

ញ៉ាំ​អាហារ​មាន​ជាតិ​ប្រៃ​តិច​

​អ្នក​ខ្លះ​ងាយ​ប្រតិកម្ម​ទៅ​នឹង​ជាតិ​ប្រៃ​ណាស់​ ដែល​ងាយ​នឹង​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ឡើង​សម្ពាធ​ឈាម​។ ការណ៍​នេះ​មាន​ន័យ​ថា​កាលណា​ញ៉ាំ​អាហារ​មាន​ជាតិ​ប្រៃ​ច្រើន​ អ្នក​នោះ​នឹង​កើន​ឡើង​សម្ពាធ​ឈាម ដែល​នឹង​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​បេះដូង និង​ជំងឺ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។

បើ​សិន​ជា​យើង​កាត់​បន្ថយ​ទម្លាប់​ញ៉ាំ​អាហារ​ប្រៃ​ ឬ​កាត់​បន្ថយ​បរិមាណ​អំបិល​បាន​កាន់​តែ​តិច នោះ​យើង​ក៏​បាន​កាត់​បន្ថយ​បញ្ហា​ប្រឈម​នឹង​ការ​ឡើង​សម្ពាធ​ឈាម​ ហើយ​នាំ​ឲ្យ​យើង​អាច​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ដូច​គ្នា​។ អាហារ​សម្បូរ​​អំបិល​មាន​ដូច​ជា​អាហារ​កំប៉ុង អាហារ​ Fast Food នំ​កញ្ចប់ និង​អាហារ​ជ្រក់​ជា​ដើម​។

ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​មុខ​

ផ្លែ​ឈើ​ជា​ច្រើន​ប្រភេទ​មាន​ផ្ទុក​ជាតិ​សរសៃ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ទំនង​ជា​អាច​កាត់​បន្ថយ​ការ​រលាក​ ព្រម​ទាំង​អាច​ការពារ​បញ្ហា​ដុំ​កំណក​ឈាម​ និង​ជួយ​ដល់​សុខ​ភាព​បេះ​ដូង​ផង​ដែរ។ ការ​សិក្សា​រក​ឃើញ​​ថា​ញ៉ាំ​ផ្លែ​ឈើ និង​បន្លែ​ដែល​មាន​វីតាមីន​ C អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​បញ្ហា​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។

ដូច​គ្នា​ដែរ បន្លែ​ក៏​មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន​ជា​ច្រើន​មុខ រ៉ែ​ច្រើន​ប្រភេទ និង​ជាតិ​សរសៃ​ទៀត​ផង​។ ការសិក្សា​កន្លង​មក​រក​ឃើញ​ថា​ ជាតិ​សរសៃ​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម និង​បញ្ចុះ​កម្រិត​កូលេស ដែល​បញ្ហា​ទាំង​នេះ​អាច​បង្ក​ហានិភ័យ​ឲ្យ​មាន​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។

លំហាត់​ប្រាណ​

ការ​ធ្វើ​លំហាត់​ប្រាណ​មិន​ត្រឹម​តែ​ជួយ​ដល់​សុខ​ភាព​ទូទៅ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​ឲ្យ​ស្រក​ទម្ងន់ បញ្ចុះ​សម្ពាធ​ឈាម និង​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ដែរ។ បើ​យើង​មិន​អាច​ទៅ​ក្លឹប​ហាត់​ប្រាណ យើង​អាច​ហាត់ប្រាណ​ក្នុង​ទម្រង់​​ដូច​ជា​ដើរ រត់​ត្រឹក​ៗ ឬ​ជិះ​កង់ ឲ្យ​បាន​បួន​ទៅ​ប្រាំ​ដង​ក្នុង​មួយ​សប្ដាហ៍ និង​ម្ដងៗ​បាន​យ៉ាង​តិច​៣០​នាទី​។

ក្រៅ​ពី​អ្វី​ទាំង​នេះ ការ​កម្រិត​ការ​ផឹក​គ្រឿង​ស្រវឹង ការ​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ល្អ ក៏​ដូច​ជា​ការ​ឈប់​ជក់​បារី គឺ​សុទ្ធ​តែ​រួម​ចំណែក​ក្នុង​ការ​បង្ការ​បញ្ហា​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។​​​​ ​​

ប្រភព៖ Harvard ប្រែសម្រួល៖ សុខា