តើមានអ្វីកើតឡើង បើយើងរួមភេទពេលពពោះ?

  • 2024-03-24 00:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​រួម​ភេទ​ពេល​ពពោះ ​គឺ​មាន​សុវត្ថិភាព​​ចំពោះ​ស្រ្តី និង​កូន​ក្នុង​ផ្ទៃ។ ការ​រួម​ភេទ​មិន​អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​មាន​ការ​ណែ​នាំ​ពី​គ្រូពេទ្យ ដោយសារ​ស្រ្តី​ជា​ម្ដាយ​មាន​កត្តា​ប្រ​ឈម​ណា​មួយ​។ ជា​ទូ​ទៅ​ស្រ្តី​កំពុង​ពពោះ​មិន​អាច​មាន​ការ​បង្ក​កំណើត​ទី​ពីរ​ទេ បើ​ទោះ​ជា​មាន​មេ​ជីវិត​ឈ្មោល​ចូល​ទៅ​ក្នុង​ទ្វារមាស​ពេល​រួម​ភេទ​ក៏​ដោយ​។​​

​តើ​មេ​ជីវិត​ឈ្មោល​ទៅ​ណា​ពេល​ចូល​ក្នុង​ទ្វារ​មាស​ហើយ?​

​មនុស្ស​ជា​ច្រើន​បាន​បារម្ភ​ថា​មេ​ជីវិត​ដែល​ដៃគូ​ខាង​ប្រុស​បញ្ចេញ​ទៅ​ក្នុង​រាង​កាយ​ដៃ​គូ​ខាង​ស្រី អាច​រំខាន ឬ​ប៉ះពាល់​ដល់​ការ​លូត​លាស់​របស់​កូន​ក្នុង​ផ្ទៃ​។ អ្នក​ខ្លះ​យល់​ថា​ការ​រួម​ភេទ​អាច​បង្ក​ឲ្យ​មាន​របួស​ដល់​កូន​ក្នុង​ផ្ទៃ​ទៀត​ផង​។

ទឹក​កាម​និង​មេ​ជីវិត​ឈ្មោល​ដែល​ចូល​ទៅ​ក្នុង​រាង​កាយ​ស្រ្ដី​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ​នោះ​ទេ។ ទឹក​កាម​ទាំង​នោះ​ភាគ​ច្រើន​ចេញ​មក​ក្រៅ​ពេញ​តាម​ទ្វារ​មាស​ក្រោយ​រួម​ភេទ​។

សុក ថង់​ទឹក​ភ្លោះ និង​ភ្នាស​គ្រប​មាត់​ស្បូន ជួយ​ការពារ​ទារក​ក្នុង​ផ្ទៃ​ជា​ប្រព័ន្ធ និង​កំណត់​បាន​យ៉ាង​ជាក់​លាក់​ថា​អ្វី​ដែល​អាច​ឆ្លង​កាត់​បាន និង​មិន​អាច​ចូល​ទៅ​បាន​។ ហេតុ​នេះ​មេ​ជីវិត​មិន​អាច​ចូល​ទៅ​ខាង​ក្នុង​ស្បូន​បាន​ទៀត​ទេ​។ ដូច​គ្នា​ដែរ កូន​ក្នុង​ផ្ទៃ​ក៏​មិន​អាច​ប៉ះ​ជា​មួយ​នឹង​លិង្គ​របស់​ដៃគូ​ខាង​ប្រុស​ដែរ​ពេល​រួម​ភេទ។ ​

តើ​ស្រ្តី​មាន​ផ្ទៃ​ពោះ​អាច​បង្ក​កំណើត​ទី​ពីរ​ទេ​?​

ទោះ​បី​ជា​មាន​ការ​រួម​ភេទ មាន​មេ​ជីវិត​ចូល​ទៅ​ក្នុង​ទ្វារ​មាស​ស្រ្តី​ទៀត​ក្ដី តែ​ឱកាស​នៃ​ការ​បង្ក​កំណើត​ទី​ពីរ​មិន​​ទំនង​ជា​អាច​កើត​មាន​ទៀត​ទេ។ ការ​បង្ក​កំណើត​ទីពីរ​ ឬ Superfetation ​លើ​មនុស្ស​មិន​ងាយ​នឹង​កើត​មាន​ទេ។ កន្លង​មក​ការ​បង្ក​កំណើត​ពីរ​ដង​បែប​នេះ គឺ​មាន​តែ​លើ​ប្រភេទ​សត្វ​ដែល​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ​ផ្សេង​ទៀត​ដែល​មិន​មែន​ជា​មនុស្ស​ ដោយ​សារ​តែ​មាន​ហេតុ​ផល​ផ្សេង​ៗ​ជា​ច្រើន។​ ហើយ​ជាក់​ស្ដែង​ក្នុង​កំណត់​ត្រា​វេជ្ជ​សាស្រ្ត​របស់​មនុស្ស​ជាតិ​មាន​ករណី​មនុស្ស​ស្រី​អាច​បង្ក​កំណើត​​ទី​ពីរ​បន្ទាប់​ពី​មាន​ផ្ទៃ​ពោះ​ហើយ​នោះ​គឺ​មាន​មិន​ដល់​១០​ករណី​នោះ​ទេ។​

​ចំពោះ​មនុស្ស​មិន​អាច​កើត​មាន​រឿង​នេះ ទី​មួយ​ដោយសារ​តែ​ពេល​បង្ក​កំណើត​ ឬ​ពេល​ស្រ្តី​ចាប់​ផ្ដើម​មាន​​ផ្ទៃពោះ​ ដំណើរ​ការ​ធ្លាក់​មេ​ជីវិត​នឹង​ត្រូវ​បិទ​ដោយសារ​អ័រម៉ូន​ជាក់​លាក់​មួយ​ចំនួន​។ ចំណុច​មួយ​ទៀត បើ​ទោះ​ជា​ស្រ្តី​អាច​មាន​ឱកាស​ធ្លាក់​មេ​ជីវិត​ញី​ទាំង​ដែល​កំពុង​មាន​ផ្ទៃពោះ ក៏​មេ​ជីវិត​ឈ្មោល​មិន​អាច​ចូល​ទៅ​ជួប​មេ​ជីវិត​ញី​បាន​ដែរ ដោយសារ​តែ​មាន​ភ្នាស​គ្រប​មាត់​ស្បូន​រា​រាំង​មិន​ឲ្យ​មាន​ការ​ជួប​គ្នា​រវាង​មេ​ជីវិត​ញី និង​ឈ្មោល​បាន​ដែរ។​ ភ្នាស​​នេះ​ក៏​មាន​នាទី​ទប់​ស្កាត់​ការ​ចម្លង​បាក់តេរី និង​មេរោគ​មួយ​ចំនួន​ផ្សេង​ទៀត​ដែរ​។

​ថ្វី​បើ​ការ​រួម​ភេទ​ពេល​ពពោះ​សុវត្ថិភាព ប៉ុន្តែ​យើង​ក៏​ត្រូវ​ដឹង​ដែរ​ថា​ ជំងឺ​កាម​រោគ​នៅ​តែ​អាច​ឆ្លង​បាន​ ដូច​នេះ​ត្រូវ​មាន​វិធានការ​ការពារ​ឲ្យ​បាន​ត្រឹម​ត្រូវ​ពេល​រួម​ភេទ​។ ប្រឹក្សា​ជាមួយ​គ្រូពេទ្យ បើ​សិន​ជា​យើង​បារម្ភ​ពី​បញ្ហា​ផ្សេងៗ​ទាក់ទង​នឹង​កូន​ក្នុង​ផ្ទៃ ឬ​ការ​រលូត​កូន​​ ពេល​មាន​ការ​រួម​ភេទ​កើត​ឡើង​​។

ប្រភព៖ healthline ប្រែសម្រួល៖ សុខា