តើអាកាសធាតុក្ដៅប៉ះពាល់សុខភាពអ្នកជំងឺទឹកនោមផ្អែមបែបណា?
- 2024-03-16 01:56:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើអាកាសធាតុក្ដៅប៉ះពាល់សុខភាពអ្នកជំងឺទឹកនោមផ្អែមបែបណា?
រដូវក្ដៅអាចធ្វើឲ្យអ្នកមានជំងឺទឹកនោមផ្អែមជួបបញ្ហាសុខភាពមួយចំនួន។ ការសិក្សារកឃើញថាអាកាសធាតុក្ដៅអាចធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែមមានប្រតិកម្មខ្លាំងទៅនឹងសីតុណ្ហភាពក្ដៅ និងសំណើមក្នុងបរិយាកាស។
អ្នកជំងឺទឹកនោមផ្អែមអាចពិបាកក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ឬអាចប្រឈមខ្ពស់ទៅនឹងការល្ហិតល្ហៃដោយសារសីតុណ្ហភាពក្ដៅ។ ដូចនេះបើសិនជាអាកាសធាតុក្ដៅខ្លាំង អ្នកជំងឺគួរតាមដានកម្រិតជាតិស្កររបស់ខ្លួនឲ្យបានដិតដល់ និងតាមដានរោគសញ្ញាផ្សេងៗដែលអាចកើតមានដោយសារតែសីតុណ្ហភាពក្ដៅនេះផងដែរ ដើម្បីអាចដោះស្រាយបានទាន់ពេលវេលា។
សីតុណ្ហភាពក្ដៅមិនត្រឹមតែធ្វើឲ្យយើងមានអារម្មណ៍ខ្សោះក្នុងខ្លួនប៉ុណ្ណោះទេ តែវាក៏អាចធ្វើឲ្យមានឥទ្ធិពលអវិជ្ជមានលើស្ថានភាពជំងឺទឹកនោមផ្អែមផងដែរ។ ជាក់ស្ដែងអ្នកជំងឺទឹកនោមផ្អែម ងាយនឹងបាត់បង់ជាតិទឹកជាងអ្នកដែលមិនមានជំងឺទឹកនោមផ្អែម។ ខាងក្រោមនេះជាសញ្ញាមួយចំនួនបង្ហាញថាអ្នកជំងឺទឹកនោមផ្អែមកំពុងខ្វះជាតិទឹក។
ការតាមដាន និងដឹងពីវិធីការពារខ្លួនពីផលរំខាននានាដោយសារតែអាកាសធាតុក្ដៅ គឺជារឿងចាំបាច់ដើម្បីធានាថាអ្នកជំងឺទឹកនោមផ្អែមនៅតែមានសុខភាពល្អ។ ខាងក្រោមជាគន្លឹះចាំបាច់មួយចំនួន។
ញ៉ាំទឹកឲ្យបានច្រើន៖ វិធីដែលល្អក្នុងការបង្ការបញ្ហាបាត់បង់ជាតិទឹកក្នុងរាងកាយ គឺការញ៉ាំទឹកឲ្យបានច្រើន។ ប៉ុន្តែមិនគួរញ៉ាំភេសជ្ជៈផ្អែមច្រើន ឬញ៉ាំជំនួសទឹកនោះទេ។
ជៀសវាងការផឹកគ្រឿងស្រវឹង៖ ជាតិអាល់កុលអាចមានឥទ្ធិពលលើការបត់ជើងតូច ដូចនេះការផឹកគ្រឿងស្រវឹងអាចធ្វើឲ្យយើងនោមញឹក និងងាយបាត់បង់ជាតិទឹកក្នុងខ្លួន។
ពិនិត្យជាតិស្ករឲ្យបានញឹកញាប់៖ ជាទូទៅអ្នកជំងឺទឹកនោមផ្អែមតែងតែតាមដានកម្រិតជាតិស្ករក្នុងឈាមរបស់ខ្លួនជាប្រចាំទៅហើយ ប៉ុន្តែអាកាសធាតុក្ដៅអាចធ្វើឲ្យកម្រិតជាតិស្ករកាន់តែងាយប្រែប្រួលចុះឡើង។ ដូចនេះ អ្នកជំងឺទឹកនោមផ្អែមគួរតាមដានអាការៈរបស់ខ្លួន និងតាមដានកម្រិតជាតិស្ករបន្ថែមបើចាំបាច់។