អាកាសធាតុក្ដៅអាចបង្កឲ្យកើតចែងថ្ងៃ នេះជាគន្លឹះដោះស្រាយ
- 2024-03-14 12:53:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាកាសធាតុក្ដៅអាចបង្កឲ្យកើតចែងថ្ងៃ នេះជាគន្លឹះដោះស្រាយ
ចែងថ្ងៃជាប្រភេទនៃជំងឺស្បែកម្យ៉ាងដែលអាចនាំឲ្យស្កៀប និងរមាស់។ ជំងឺនេះច្រើនកើនទៅពេលមានអាកាសធាតុក្ដៅ។ ក្រៅពីស្កៀបរមាស់ ចែងថ្ងៃអាចចេញអាការៈផ្សេងទៀតដូចជាប្រែពណ៌ស្បែក និងមានឡើងកន្ទួលៗតូចៗជាដើម។
ចែងថ្ងៃអាចកើតលើស្បែកនៅគ្រប់កន្លែង ប៉ុន្តែកន្លែងដែលមានផ្នត់ស្បែកដូចជានៅត្រង់ក ក្លៀក និងនៅកៀនភ្លៅ គឺងាយកើតជាងទីតាំងដទៃ។
ចែងថ្ងៃកើតឡើងដោយសារតែការស្ទះញើសនៅត្រង់រន្ធរោមខ្លាំង។ អ្នកដែលធ្វើការនៅក្រោមកម្ដៅថ្ងៃខ្លាំង ឬមានសំណើមងាយនឹងកើតបញ្ហានេះ។ ជាទូទៅចែងថ្ងៃមិនមានជាបញ្ហាសុខភាពធ្ងន់ធ្ងរនោះទេ ហើយវានឹងបាត់ទៅវិញនៅពេលអាកាសធាតុចុះត្រជាក់។ យ៉ាងណាបញ្ហានេះក៏រំខានដល់ការរស់នៅរបស់យើងផងដែរ បើសិនជាយើងជាអ្នកបែកញើសច្រើន។ គន្លឹះមួយចំនួននេះអាចជួយសម្រួលអាការៈបាន។
ទឹកកកឬក្រណាត់ត្រជាក់ គឺជួយសម្រួលដល់អាការៈស្កៀបលើស្បែក។ ជ្រលក់ក្រណាត់ក្នុងទឹកត្រជាក់ ឬខ្ចប់ជាមួយទឹកកកដាក់ស្អំលើកន្លែងមានចែងថ្ងៃ នោះវានឹងជួយកាត់បន្ថយការឈឺចាប់ និងបញ្ហាស្កៀបរមាស់បាន។
អាការៈរមាស់ ឬឈឺផ្សារដោយសារចែងថ្ងៃអាចនឹងថយចុះពេលស្បែកចុះត្រជាក់។ ដូចនេះការងូតទឹកត្រជាក់ក៏អាចជួយដោះស្រាយបញ្ហានេះបានដែរ។ ក្រោយងូតទឹករួចត្រូវជូតសម្អាតខ្លួនថ្នមៗឲ្យបានស្អាតល្អ បើស្បែកនៅសើម នោះនឹងអាចនាំឲ្យមានអាការៈស្កៀបរមាស់វិញមិនខាន។
ប្រទាលកន្ទុយក្រពើ មានសារធាតុប្រឆាំងនឹងការរលាក ដែលអាចជួយធ្វើឲ្យស្បែកចុះត្រជាក់ និងការពារការឆ្លងរោគ។ យកសាច់ប្រទាលលាបលើស្បែកមានចែងថ្ងៃ អាចជួយកាត់បន្ថយបញ្ហាស្កៀបរមាស់ ឬឈឺចាប់។
ចែងថ្ងៃអាចនឹងបាត់ទៅវិញ ក្រោយពីយើងបានប្រើប្រាស់វិធីព្យាបាលបែបធម្មជាតិទាំងនេះពីរបីថ្ងៃ។ ប៉ុន្តែបើចែងថ្ងៃមិនបាត់ទៅវិញ ហើយថែមទាំងចេញរោគសញ្ញាដូចជាឡើងហើម និងមានការឈឺចាប់កាន់តែខ្លាំង យើងគួរស្វែងរកការព្យាបាលពីគ្រូពេទ្យ។