អាហារ​គួរ​ចៀសវាង ឬ​កាត់​បន្ថយ​ពេល​អាកាស​ធាតុ​ក្ដៅ​

  • 2024-03-11 13:15:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​ការ​រក្សា​ជាតិ​ទឹក​ក្នុង​រាង​កាយ​ឲ្យ​បាន​ល្អ​គឺ​ជា​រឿង​ចាំ​បាច់​មួយ​ក្នុង​ពេល​ដែល​អាកាស​ធាតុ​កំពុង​ឡើង​កម្ដៅ​។ ក្រៅ​ពី​ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ យើង​ក៏​គួរ​យក​ចិត្ត​ទុក​ដាក់​លើ​អាហារ​មួយ​ចំនួន​ដែរ។ អាហារ​ខ្លះ​ជួយ​បន្ថែម​ជាតិ​ទឹក​ដល់​រាង​កាយ ខណៈ​អាហារ​ខ្លះ​ទៀត​ធ្វើ​ឲ្យ​រាង​កាយ​ឡើង​កម្ដៅ​ និង​ងាយ​បាត់​បង់​ជាតិ​ទឹក​ទៅ​វិញ​។ អីចឹង​តើ​អាហារ​ណា​ខ្លះ​គួរ​ចៀស​វាង ឬ​កាត់​បន្ថយ​ការ​ញ៉ាំ​?​

អាហារ​ប្រៃ​

​ញ៉ាំ​អាហារ​មាន​ជាតិ​ប្រៃ​ខ្ពស់​ អាច​នាំ​ឲ្យ​មាន​ផល​​មិន​ល្អ​លើ​សុខ​ភាព​ រួម​មាន​ដូច​ជា​ហើម​ពោះ ឡើង​សម្ពាធ​ឈាម និង​ជំងឺ​បេះដូង​ជា​ដើម​។ បន្ថែម​ពី​នេះ​ការ​ញ៉ាំ​អាហារ​ប្រៃ ឬ​មាន​សូដ្យូម​ខ្ពស់​​ក៏​អាច​ធ្វើ​ឲ្យ​តម្រង​នោម​ដំណើរ​ការ​មិន​បាន​ល្អ និង​ធ្វើ​ឲ្យ​រាង​កាយ​បាត់​បង់​ជាតិ​ទឹក​។ ការណ៍​នេះ​មាន​ន័យ​ថា​រាង​កាយ​នឹង​រុញ​ច្រាន​ទឹក​ចេញ​ពី​កោសិកា។ ដូច​នេះ គួរ​កាត់​បន្ថយ​អំបិល​ក្នុង​របប​អាហារ​។​

កាហ្វេ និង​តែ

បើ​ចង់​រក្សា​ជាតិទឹក​ក្នុង​រាង​កាយ​បាន​ល្អ គួរ​កាត់​បន្ថយ​ការ​​ញ៉ាំ​កាហ្វេ​ក្ដៅ ឬ​តែ​ក្ដៅ​​ក្នុង​ពេល​អាកាស​ធាតុ​កំពុង​តែ​ឡើង​កម្ដៅ​។​​ ការ​ញ៉ាំ​តែ​ក្ដៅ និង​កាហ្វេ​ក្ដៅ​អាច​ធ្វើ​ឲ្យ​រាង​កាយ​យើង​ឡើង​កម្ដៅ និង​​រំខាន​ដល់​ការ​រំលាយ​អាហារ​។ ​ ​

​អាហារ​ហឹរ

ជា​ធម្មតា​​ក្នុង​រដូវ​ក្ដៅ គឺ​មានការ​ណែនាំ​ឲ្យ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ហឹរ​។ អាហារ​ហឹរ​អាច​ជំរុញ​ឲ្យ​រាង​កាយ​បញ្ចេញ​កម្ដៅ​ ដែល​​ជា​លទ្ធផល​ធ្វើ​ឲ្យ​រាង​កាយ​បញ្ចេញ​ញើស​ច្រើន​ បាត់​បង់​ជាតិ​ទឹក និង​អាច​ធ្លាក់​ខ្លួន​ឈឺ​ក៏​មាន​។

​ពពួក​អាហារ​ចៀន និង​ Fast Food

ពពួក​អាហារ​ទាំង​នេះ​ គឺ​មិន​សូវ​ល្អ​ចំពោះ​សុខ​ភាព​ស្រេច​ទៅ​ហើយ​បើ​យើង​ញ៉ាំ​ច្រើន ឬ ញឹកញាប់​ មិន​ថា​ពេល​ណា​នោះ​ទេ​។ ប៉ុន្តែ​សម្រាប់​ពេល​មាន​អាកាស​ធាតុ​ក្ដៅ អាហារ​ទាំង​នេះ​ក៏​មិន​គួរ​ញ៉ាំ ឬ​គួរ​កាត់​បន្ថយ​ការ​ញ៉ាំ​ទើប​ជា​រឿង​ល្អ ព្រោះ​ថា​អាហារ​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​រាង​កាយ​បាត់​បង់​ជាតិ​ទឹក​ ព្រម​ទាំង​ពិបាក​រំលាយ​អាហារ​ទៀត​ផង​។

ប្រភព៖ ប្រភព ប្រែសម្រួល៖ សុខា

អត្ថបទពេញនិយម