ផល​វិបាក​ភ្នែក​ឡើង​បាយ​ អាច​ធ្វើ​ឲ្យ​មើល​​លែង​ឃើញ

  • 2024-03-10 02:11:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភ្នែក​ឡើង​បាយ​​ជា​ជំងឺ​មួយ​ដែល​អាច​ព្យាបាល​ជាសះស្បើយ និង​អាច​ជួយ​ឲ្យ​អ្នក​ជំងឺ​អាច​មើល​ឃើញ​ច្បាស់​ឡើង​វិញ​តាម​រយៈ​ការ​​វះ​កាត់​ដោយ​គ្រូពេទ្យ​ឯកទេស​។ ប៉ុន្តែ​បើ​សិន​ជា​ទុក​មិន​ព្យាបាល ​ឬ​ព្យាបាល​មិន​បាន​ត្រឹម​ត្រូវ​​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ងងឹត​ភ្នែក​ទាំង​ស្រុង​បាន​។

អ្វី​ជា​ជំងឺ​ភ្នែក​ឡើង​បាយ?​

បើ​តាម​​​សំណេរ​របស់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ​ភ្នែក​ឡើង​បាយ​ជា​ជំងឺ​មួយ​ដែល​កើត​លើ​កែវ​ភ្នែក​ស្ថិត​នៅ​ពីក្រោយ​កូន​ក្រមុំ​ ដោយ​កែវ​ភ្នែក​ដែល​មាន​សភាព​ថ្លា​ច្បាស់​បែរ​ជា​មាន​ភាព​ស្រអាប់ ឬ​ឡើង​ពណ៌ស​។ ការ​ឡើង​បែប​នេះ​ធ្វើ​ឲ្យ​ពន្លឺ និង​រូប​ភាព​​មិន​អាច​ឆ្លង​កាត់​ទៅ​ចំកន្លែង​ចាប់​រូប​ភាព​នៅ​បាត​ភ្នែក​បាន ទើប​ធ្វើ​ឲ្យ​គំហើញ​មាន​ការ​ថយ​ចុះ​។

រោគ​សញ្ញា​ភ្នែក​ឡើង​បាយ​

បើ​តាម​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ដែល អាការៈ និង​រោគ​សញ្ញា​ភ្នែក​ឡើង​បាយ​​ចម្បង​គេ​គឺ​ធ្វើ​ឲ្យ​គំហើញ​​មាន​​ការ​ថយ​ចុះ​បន្តិច​ម្ដងៗ​។ ក្រៅ​ពី​នេះ​នៅ​មាន​អាការៈ​ផ្សេង​ទៀត​ដូច​ជា៖

  • មើល​ឃើញ​បាន​ច្បាស់​បន្តិច​តែ​ពេល​នៅ​ក្នុង​ម្លប់ ឬ​ពេល​រសៀល
  • មើល​ឃើញ​បែក​ផ្សែង និង​ស្រវាំង​ភ្នែក​ជាង​ធម្មតា​ពេល​ត្រូវ​ពន្លឺ​ថ្ងៃ​ខ្លាំង ឬ​មាន​ពន្លឺ​ចាំង​ចំ​ភ្នែក​នៅ​ពេល​យប់​
  • កូន​ក្រមុំ​​មាន​ពណ៌ស និង​​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ​
  • ករណី​ស្រាល​អ្នក​ជំងឺ​មើល​ឆ្ងាយ​មិន​ច្បាស់​ ដោយ​អាច​ត្រូវ​ផ្លាស់​ប្ដូរ​វ៉ែន​តា​ញឹក​ញាប់​
  • ករណី​ធ្ងន់​កម្រិត​បាយ​ឡើង​ស្រអាប់​ខ្លាំង​ អ្នក​ជំងឺ​មិន​អាច​មើល​ឃើញ​ច្បាស់​ទាំង​ឆ្ងាយ និង​ជិត​

មូលហេតុ​បង្ក​

មូល​ហេតុ​បង្ក​ឲ្យ​ភ្នែក​ឡើង​បាយ​មាន​ច្រើន​យ៉ាង ដូច​ជា​កត្តា​វ័យ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​រលាក​ប្រស្រី​ភ្នែក​ ការ​ប៉ះទង្គិច ឬ​របួស​លើ​គ្រាប់​ភ្នែក​ជា​ដើម។ ក្រៅពី​នេះ​ការ​ធ្វើ​ការ​ក្រោម​កម្ដៅ​ថ្ងៃ​ខ្លាំង​ញឹក​ញាប់ ក៏​ជា​កត្តា​ប្រឈម​ដែរ​។ បន្ថែម​ពី​នេះ​ ការ​ប្រើ​ប្រាស់​ថ្នាំ​បន្តក់​ភ្នែក​ហួស​កម្រិត ចំពោះ​អ្នក​ជំងឺ​រលាក​ភ្នែក ឬ​ភ្នែក​ក្រហម ក៏​អាច​បណ្ដាល​ឲ្យ​ឡើង​បាយ​នេះ​ដែរ។ នេះ​បើ​តាម​ប្រភព​ពី​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ដែល​បាន​សរសេរ​លើ​ហ្វេក​ប៊ុក​ផេក​របស់​ខ្លួន​ដដែល​។​​

​ ​សម្រាប់​អ្នក​មាន​រោគ​សញ្ញា​គួរ​ឲ្យ​សង្ស័យ​ថា​កើត​ជំងឺ​នេះ គួរ​ស្វែង​រក​ការពិគ្រោះ និង​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ​នៅ​តាម​មន្ទីរ​ពេទ្យ​ដែល​មាន​គ្រូពេទ្យ​ឯកទេស​ច្បាស់​លាស់​។ ការ​ទុក​មិន​ព្យាបាល ឬ​ព្យាបាល​មិន​បាន​ត្រូវ​អាច​​ធ្វើ​ឲ្យ​ងងឹត​ភ្នែក​ទាំង​ស្រុង រលាក​ឈឺ​ចុក​ចាប់​ក្នុង​ភ្នែក និង​ឈឺ​ក្បាល​ខ្លាំង ឬ​អាច​ឈាន​ដល់​រលាក​បាត​ភ្នែក ឬ​របើក​បាត​ភ្នែក​។

ប្រភព៖ ប្រភព ប្រែសម្រួល៖ សុខា

អត្ថបទពេញនិយម