​អ្វី​ជា​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម?

  • 2024-02-10 00:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​សិន​ជា​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា​យើង​​មាន​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ ​នោះ​មាន​ន័យ​ថា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង​គឺ​ខ្ពស់​ជាង​ធម្មតា តែ​មិន​ទាន់​ខ្ពស់​ដែល​ត្រូវ​ចាត់​ចូល​ជា​ជំងឺ​ទឹក​នោម​ផ្អែម។​

​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​អាច​នាំ​ឲ្យ​យើង​ជួប​បញ្ហា​សុខ​ភាព​ផ្សេង​ទៀត​​ដែរ​ដូច​​ជំងឺ​បេះដូង និង​​បញ្ហា​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ បើ​យើង​ថែទាំ​សុខ​ភាព​មិន​បាន​ល្អ​។ តើ​យើង​គួរ​ធ្វើ​ម៉េច​បើ​មាន​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម?

អ្វី​ជា​​ដើម​ចម​នាំ​ឲ្យ​មាន​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម?​

​លំពែង​របស់​យើង​បញ្ចេញ​អ័រម៉ូន​ម្យ៉ាង​ហៅ​ថា​អាំងស៊ុយលីន​ពេល​យើង​ញ៉ាំ​អាហារ ដោយ​នាំ​យក​ជាតិ​ស្ករ​ពី​ឈាម​ចូល​ទៅ​ក្នុង​កោសិកា​នៃ​រាង​កាយ និង​ត្រៀម​ទុក​សម្រាប់​ជា​ប្រភព​ថាមពល​ផង​។ ​ដំណើរ​ការ​នេះ​ហើយ ដែល​អាំងស៊ុលីន​ជួយ​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង​។​

មូលហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម និង​ជំងឺ​ទឹក​នោម​ផ្អែម គឺ​ប្រហាក់​ប្រហែល​គ្នា បើ​ទោះ​បី​ជា​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​គឺ​ជា​ដំណាក់​កាល​ដំបូង​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​។ ​ការណ៍​ដែល​ប្រហាក់​ប្រហែល​គ្នា​នោះ​គឺ ភាព​សាំ​អាំងស៊ុយលីន ដែល​វា​កើត​ឡើង​នៅ​ពេល​ដែល​រាង​កាយ​​ឆ្លើយ​តប​មិន​បាន​ត្រឹម​ត្រូវ​ទៅ​នឹង​អាំងស៊ុយ​លីន​។ មួយ​ទៀត​ គឺ​ការ​រំខាន​ដល់​ការ​ធ្វើ​មេតាប៉ូលិស។ ការ​កើន​ឡើង​នៃ​ការ​រំខាន​នេះ​នឹង​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង និង​ធ្វើ​ឲ្យ​មាន​​ភាព​សាំ​អាំង​ស៊ុយលីន​ដែរ។​

កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​សម្រាប់​អ្នក​សុខ​ភាព​ធម្មតា​ពេល​មិន​ទាន់​ញ៉ាំ​អី គឺ​​ខ្ពស់​បំផុត​ត្រឹម​៩៩​មិល្លីក្រាម/ដេស៊ីលីត្រ​ឈាម​​ (99mg/dL)។ ​ចំណែក​អ្នក​មាន​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ពេល​មិន​ទាន់​ញ៉ាំ​អាហារ​ចន្លោះ​ពី​១០០​ទៅ​១២៥មិល្លីក្រាម/ដេស៊ីលីត្រ​ឈាម​​ (100-125mg/dL) ហើយ​បើ​លើស​ពី​នេះ​ គឺ​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​យើង​។​

​តើ​គួរ​ការពារ​ខ្លួន​បែប​ណា​​បើ​រក​ឃើញ​ថា​មាន​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម?

ស្ថាប័ន​ CDC អាមេរិក​បាន​លើក​ឡើង​ថា​បើ​សិន​ជា​យើង​អាច​ស្រក​ទម្ងន់​បាន​​៥ភាគរយ​នៃ​ទម្ងន់​ខ្លួន​ដែល​យើង​មាន​បច្ចុប្បន្ន​​ដែល​កំពុង​លើស​ទម្ងន់​នោះ គឺ​យើង​ពិត​ជា​អាច​កាត់​បន្ថយ​ហានិភ័យ​វិវត្ត​ខ្លួន​ទៅ​ជា​មាន​ជំងឺ​ទឹក​នោម​ផ្អែម​។​ ​ ​ជាមួយ​គ្នា​ដែរ​ ​ការ​ជក់​បារី និង​ការ​មាន​ស្រ្តេស​​ខ្លាំង​ជា​ប្រចាំ​ ក៏​អាច​រួម​ចំណែក​ឲ្យ​យើង​វិវត្ត​ទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ដែរ។ ការ​កែ​ប្រែ​បែប​បទ​រស់​នៅ​មួយ​ចំនួន​ជួយ​ការពារ​យើង​ពី​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​។

​អ្វី​ដែល​យើង​គួរ​ធ្វើ​គឺ​ញ៉ាំ​អាហារ​សម្បូរ​ដោយ​បន្លែ ផ្លែ​ឈើ ដែល​​ជា​ប្រភព​នៃ​ជាតិ​សរសៃ កម្រិត​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ផ្អែម ឬ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម ព្រម​ទាំង​ឈប់​ជក់​បារី បើ​យើង​ជា​អ្នក​ជក់​បារី។ ក្រៅពី​នេះ ការ​ហាត់​ប្រាណ​បាន​ត្រឹម​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ក៏​រួម​ចំណែក​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​នេះ​ដែរ​។​

ប្រភព៖ healthline ប្រែសម្រួល៖ សុខា

អត្ថបទពេញនិយម