តើគួរញ៉ាំអាហារពេលល្ងាចនៅម៉ោងណាល្អចំពោះសុខភាព?
- 2024-02-04 03:24:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើគួរញ៉ាំអាហារពេលល្ងាចនៅម៉ោងណាល្អចំពោះសុខភាព?
ការពន្យារពេលញ៉ាំអាហារពេលព្រឹក និងញ៉ាំអាហារពេលល្ងាចយប់ជ្រៅពេកអាចឲ្យមានបញ្ហាដល់សុខភាពបេះដូង ហើយស្រ្តីទំនងជាមានផលប៉ះពាល់ខ្លាំងជាងបុរស។ ការសិក្សាមួយចំនួនរកឃើញថាការឆាប់ញ៉ាំអាហារពេលព្រឹក និងឆាប់ញ៉ាំអាហារពេលល្ងាចមានផលល្អចំពោះរាងកាយក្នុងការធ្វើមេតាប៉ូលិស។
ការសិក្សាមួយធ្វើឡើងនៅប្រទេសបារាំងលើមនុស្សវ័យជាមធ្យម៤២ឆ្នាំ ចំនួន ១០៣ ៣៨៩នាក់ និងមានប្រហែល៨០ភាគរយជាស្រ្តី។ ការសិក្សានេះធ្វើឡើងរយៈពេលប្រាំពីរឆ្នាំទាក់ទងនឹងម៉ោងពេលញ៉ាំអាហាររបស់អ្នកទាំងនោះ។
ការសិក្សារកឃើញថាអ្នកដែលពន្យារម៉ោងញ៉ាំអាហារពេលព្រឹកមានទំនាក់ទំនងនឹងការកើនឡើងហានិភ័យនៃជំងឺបេះដូង។ ដូចគ្នាដែរសម្រាប់អ្នកដែលពន្យារការញ៉ាំអាហារពេលល្ងាចក្រោយម៉ោង៩យប់មានហានិភ័យនៃជំងឺបេះដូង២៨ភាគរយខ្ពស់ជាងអ្នកញ៉ាំអាហារពេលល្ងាចមុនម៉ោង៨។ ការសិក្សាក៏បានបញ្ជាក់ដែរថាស្រ្តីមានហានិភ័យខ្ពស់ជាងបុរសចំពោះបញ្ហានេះ។
បន្ថែមពីនេះការសិក្សារកឃើញដែរថាការទុកពោះឲ្យនៅទទេកាន់តែយូរនៅពេលយប់ គឺមានទំនាក់ទំនងនឹងថយចុះហានិភ័យកើតជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងប្រភេទជំងឺបេះដូងផ្សេងទៀត។ មួយវិញទៀត ការទុកពោះឲ្យនៅទទេយូរនៅពេលយប់នេះ មិនមានផលប៉ះពាល់សុខភាព ឬមានហានិភ័យនៃជំងឺបេះដូង ឬជំងឺសរសៃឈាមបេះដូងនោះដែរ។
ដូចនេះហើយ ការសិក្សានេះបានផ្ដល់ជាអនុសាសន៍ថាយើងគួរកុំពន្យារម៉ោងញ៉ាំអាហារពេលព្រឹក ហើយគួរញ៉ាំអាហារពេលល្ងាចឲ្យបានឆាប់ដែរ ដើម្បីបានគុណប្រយោជន៍ចំពោះសុខភាពបេះដូង។