តន្រ្តីអាចសម្រួលអាការៈឈឺក្បាលប្រកាំង?
- 2024-01-27 00:16:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តន្រ្តីអាចសម្រួលអាការៈឈឺក្បាលប្រកាំង?
អ្នកមានបញ្ហាឈឺក្បាលប្រកាំងមួយចំនួនមានរំញោចទៅនឹងសំឡេង ហើយដើម្បីកុំឲ្យអាការៈឈឺក្បាលកាន់តែខ្លាំង អ្នកទាំងនោះត្រូវនៅឆ្ងាយពីសំឡេងរំខានទាំងនោះ។ ប៉ុន្តែអ្នកមានបញ្ហាឈឺក្បាលប្រកាំងខ្លះទៀតបែរជាទទួលផលល្អពីសំឡេងតន្ត្រីទៅវិញ។ ការស្ដាប់តន្រ្ដីបានជួយឲ្យអ្នកមានជំងឺប្រកាំងមួយចំនួនបានធូរស្រាល។
ថ្វីបើមិនទាន់មានការសិក្សាបានស៊ីជម្រៅក៏ដោយ ក៏មានមនុស្សមួយចំនួនបានរកឃើញថាតន្រ្តីបានជួយឲ្យអ្នកមានអាការៈឈឺក្បាលប្រកាំងបានធូរស្បើយពីការឈឺចាប់។
ការសិក្សាតូចមួយក្នុងឆ្នាំ២០២១ លើអ្នកចូលរួមជាមនុស្សពេញវ័យ២០នាក់ ដែលជាអ្នកមានជំងឺឈឺក្បាលប្រកាំង បានរកឃើញថា ៥០ភាគរយនៃអ្នកចូលរួមមានអាការៈឈឺក្បាលតិចជាងមុនក្រោយបានស្ដាប់តន្ត្រីបីខែជាប់ៗគ្នា។ ប្រហាក់ប្រហែលគ្នានេះដែរ កាលពីឆ្នាំ២០១៣ ការសិក្សាលើក្មេងៗដែលមានជំងឺឈឺក្បាលប្រកាំង ក៏បានរកឃើញដែរថា២០ភាគរយនៃកុមារទាំងនោះបានថយចុះនៃចំនួនដងនៃអាការៈប្រកាំងដែលកើតលើពួកគេ ក្រោយទទួលការព្យាបាលតាមរយៈតន្រ្តី។
ការសិក្សាដែលមានច្រើនគឺការសិក្សាអំពីតន្ត្រី និងបញ្ហាស្រ្តេស។ ការសិក្សាបានរកឃើញថាតន្រ្តីបានជួយកាត់បន្ថយស្រ្តេស ខណៈដែលស្ត្រេសជាដើមចមនៃការនាំឲ្យមានអាការៈឈឺក្បាលនៃអ្នកជំងឺឈឺក្បាលប្រកាំងរហូតដល់៧០ភាគរយ។
សំឡេងតន្ត្រីបែបក្លាសិក (Classic) ឬបែប Jazz ឬសំឡេងធម្មជាតិ ដូចជាសំឡេងចាប ទឹកហូរ ទំនងជាមិនសូវមានបញ្ហាជាមួយអ្នកមានជំងឺឈឺក្បាលប្រកាំងនោះទេ។ សំឡេងដែលអ្នកមានជំងឺឈឺក្បាលប្រកាំងគួរចៀសវាងបំផុតនោះគឺសំឡេងទាំងឡាយណាដែលមានលក្ខណៈបុកខ្លាំងៗ រន្ថើនខ្លាំង ឬសំឡេងខ្លាំងៗដូចសំឡេងស៊ីផ្លេរថយន្តជាដើម។ យ៉ាងណា អ្នកជំងឺត្រូវសម្គាល់ខ្លួនឯងដែរថាសំឡេងណាមួយធ្វើឲ្យអាការៈកាន់តែធ្ងន់ធ្ងរ និងត្រូវចៀសវាងពីសំឡេងទាំងនោះ។