កើត​ស្រែង​ដោះស្រាយ​ម៉េច​ល្អ?​

  • 2024-01-16 12:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​គ្នា​យើង​ធ្លាប់​កើត​ស្រែង​ឬ​អត់? ស្រែង​ជា​ជំងឺ​សើ​ស្បែក​ម្យ៉ាង​ដែល​បង្ក​ឡើង​ដោយ​ពពួក​មេរោគ​ផ្សិត​នៅ​លើ​ស្បែក។ ជំងឺ​ស្រែង​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ និង​ស្ទើរ​គ្រប់​កន្លែង​នៃ​រាង​កាយ​។ ទីតាំង​លើ​រាង​កាយ​ដែល​ងាយ​កើត​ស្រែង​ជាង​គេ​គឺ​កន្លែង​មាន​ផ្នត់​ស្បែក មាន​បែក​ញើស​ច្រើន និង​មិន​សូវ​ត្រូវ​ពន្លឺ​ព្រះអាទិត្យ។ ទាំង​តាំង​ទាំង​នោះ​មាន​ដូច​ជា​ក្រលៀន​ ក្លៀក ចង្វែក​គូទ និង​ចន្លោះ​ម្រាមដៃ ឬ​ជើង​ជា​ដើម​។ នេះ​បើ​តាម​សំណេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត​។​​

រោគ​សញ្ញា​របស់​ជំងឺ​ស្រែង​គ្នា​យើង​អាច​ងាយ​សម្គាល់​ដោយ​មាន​សភាព​រមាស់ ​ហើយ​យើង​អាច​សង្កេត​ឃើញ​ជុំ​វិញ​កន្លែង​រមាស់​មាន​រាង​ជា​រង្វង់ ឬ​ពងក្រពើ ព្រម​ជាមួយ​នឹង​ការ​មាន​ក្រមរ ស្រកា​លើ​ស្បែក ហើយ​គែម​រង្វង់​មាន​ឡើង​ក្រហម និង​គែម​ខ្ពស់​ជាង​ស្បែក​ផ្នែក​ក្នុង​រង្វង់​។

​ជំងឺ​ស្រែង​អាច​ឆ្លង​តាម​រយៈ​ការ​ប៉ះ​ផ្ទាល់​រវាង​ស្បែក និង​ស្បែក​ជាមួយ​អ្នក​ដែល​មាន​មេរោគ​ផ្សិត ឬ​ការ​ប៉ះ​ផ្ទាល់​ជាមួយ​សត្វ​ដែល​ផ្ទុក​មេរោគ​ផ្សិត​។ ដូច​គ្នា​ដែរ ការ​ប៉ះ​ផ្ទាល់​ជាមួយ​សម្ភារៈ​​ផ្សេង​របស់​អ្នក​មាន​ជំងឺ​ស្រែង​​ក៏​អាច​ឆ្លង​គ្នា​បាន​ដែរ។ សម្ភារៈ​ទាំង​នោះ​មាន​ដូច​ជា​សម្លៀក​បំពាក់ កន្សែង មួក ស្រោម​ដៃ ស្រោម​ជើង និង​ទ្រនាប់​ជើង​ជា​ដើម​។​

ការ​ព្យាបាល​ជំងឺ​ស្រែង​គឺ​អាច​ប្រើ​ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា​មួយ​ចំនួន​ដែល​អាច​រក​ទិញ​បាន​នៅ​តាម​ឱសថ​ស្ថាន​ស្រប​ច្បាប់។ ប៉ុន្តែ​ជំងឺ​ស្រែង​ខ្លះ​ទៀត​ត្រូវ​ការ​ព្យាបាល​ដោយ​គ្រូពេទ្យ​សើស្បែក​។ គ្រូពេទ្យ​អាច​វិនិច្ឆ័យ​រោគ​ដោយ​ពិនិត្យ​នឹង​ភ្នែក​ទៅ​តាម​សញ្ញា​ដែល​ចេញ​លើ​ស្បែក​។ ក្រៅ​ពី​នេះ គ្រូពេទ្យ​អាច​កោស​យក​ក្រមរ​តាម​គែម​នោះ​យក​ទៅ​ពិនិត្យ​ដោយ​មីក្រូទស្សន៍​ដោយ​ប្រើ​សូលុយស្យុង(KOH) ដើម្បី​វិភាគ​រក​មើល​មេរោគ​ផ្សិត។ ដូច​គ្នា​ដែរ គ្រូ​ពេទ្យ​ក៏​អាច​ច្រឹប​យក​ស្បែក​ដែល​សង្ស័យ​ថា​មាន​ស្រែង​យក​ទៅ​វិភាគ​ផង​ដែរ។ ​នេះ​បើ​តាម​សំណេរ​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត​។​

ដូច​គ្នា​ក្នុង​ករណី​សង្ស័យ​ថា​កើត​ជំងឺ​ស្រែង​គូរ​ស្វែង​រក​ការ​ពិគ្រោះ​យោបល់​ពី​គ្រូពេទ្យ​ឯកទេស​សើស្បែក ដើម្បី​បាន​ការ​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​បាន​ទាន់​ពេល​វេលា​ប្រកប​ដោយ​សុវត្ថិ​ភាព​។

ប្រភព៖ CDC | ប្រភព ប្រែសម្រួល៖ សុខា