កើតស្រែងដោះស្រាយម៉េចល្អ?
- 2024-01-16 12:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កើតស្រែងដោះស្រាយម៉េចល្អ?
គ្នាយើងធ្លាប់កើតស្រែងឬអត់? ស្រែងជាជំងឺសើស្បែកម្យ៉ាងដែលបង្កឡើងដោយពពួកមេរោគផ្សិតនៅលើស្បែក។ ជំងឺស្រែងអាចកើតលើមនុស្សគ្រប់វ័យ និងស្ទើរគ្រប់កន្លែងនៃរាងកាយ។ ទីតាំងលើរាងកាយដែលងាយកើតស្រែងជាងគេគឺកន្លែងមានផ្នត់ស្បែក មានបែកញើសច្រើន និងមិនសូវត្រូវពន្លឺព្រះអាទិត្យ។ ទាំងតាំងទាំងនោះមានដូចជាក្រលៀន ក្លៀក ចង្វែកគូទ និងចន្លោះម្រាមដៃ ឬជើងជាដើម។ នេះបើតាមសំណេរនៅលើទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
រោគសញ្ញារបស់ជំងឺស្រែងគ្នាយើងអាចងាយសម្គាល់ដោយមានសភាពរមាស់ ហើយយើងអាចសង្កេតឃើញជុំវិញកន្លែងរមាស់មានរាងជារង្វង់ ឬពងក្រពើ ព្រមជាមួយនឹងការមានក្រមរ ស្រកាលើស្បែក ហើយគែមរង្វង់មានឡើងក្រហម និងគែមខ្ពស់ជាងស្បែកផ្នែកក្នុងរង្វង់។
ជំងឺស្រែងអាចឆ្លងតាមរយៈការប៉ះផ្ទាល់រវាងស្បែក និងស្បែកជាមួយអ្នកដែលមានមេរោគផ្សិត ឬការប៉ះផ្ទាល់ជាមួយសត្វដែលផ្ទុកមេរោគផ្សិត។ ដូចគ្នាដែរ ការប៉ះផ្ទាល់ជាមួយសម្ភារៈផ្សេងរបស់អ្នកមានជំងឺស្រែងក៏អាចឆ្លងគ្នាបានដែរ។ សម្ភារៈទាំងនោះមានដូចជាសម្លៀកបំពាក់ កន្សែង មួក ស្រោមដៃ ស្រោមជើង និងទ្រនាប់ជើងជាដើម។
ការព្យាបាលជំងឺស្រែងគឺអាចប្រើថ្នាំមិនត្រូវការវេជ្ជបញ្ជាមួយចំនួនដែលអាចរកទិញបាននៅតាមឱសថស្ថានស្របច្បាប់។ ប៉ុន្តែជំងឺស្រែងខ្លះទៀតត្រូវការព្យាបាលដោយគ្រូពេទ្យសើស្បែក។ គ្រូពេទ្យអាចវិនិច្ឆ័យរោគដោយពិនិត្យនឹងភ្នែកទៅតាមសញ្ញាដែលចេញលើស្បែក។ ក្រៅពីនេះ គ្រូពេទ្យអាចកោសយកក្រមរតាមគែមនោះយកទៅពិនិត្យដោយមីក្រូទស្សន៍ដោយប្រើសូលុយស្យុង(KOH) ដើម្បីវិភាគរកមើលមេរោគផ្សិត។ ដូចគ្នាដែរ គ្រូពេទ្យក៏អាចច្រឹបយកស្បែកដែលសង្ស័យថាមានស្រែងយកទៅវិភាគផងដែរ។ នេះបើតាមសំណេរនៅលើទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ដូចគ្នាក្នុងករណីសង្ស័យថាកើតជំងឺស្រែងគូរស្វែងរកការពិគ្រោះយោបល់ពីគ្រូពេទ្យឯកទេសសើស្បែក ដើម្បីបានការធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានទាន់ពេលវេលាប្រកបដោយសុវត្ថិភាព។