អ្នកជំងឺទឹកនោមផ្អែមអាចមានបញ្ហាឈឺនិងរលាកក្រពះ
- 2024-01-16 12:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំងឺទឹកនោមផ្អែមអាចមានបញ្ហាឈឺនិងរលាកក្រពះ
អ្នកមានជំងឺទឹកនោមផ្អែមអាចកើតមានបញ្ហាឈឺ និងរលាកក្រពះ។ តើអាការៈនេះកើតឡើងបានយ៉ាងដូចម្ដេច? អំឡុងពេលរំលាយអាហារជាទូទៅក្រពះរបស់យើងបានបញ្ចេញអាស៊ីតទៅលើអាហារដែលយើងបានញ៉ាំ ហើយសាច់ដុំក្រពះធ្វើចលនារុញអាហារទាំងនោះទៅកាន់ពោះវៀនតូច។ បើសិនជាយើងមានបញ្ហាឈឺ និងរលាកក្រពះ ក្រពះរបស់យើងនឹងត្រូវការពេលយូរក្នុងការបញ្ជូនអាហារ។ ពេលខ្លះយើងមានបាក់តេរីច្រើនពេក ឬអាហារច្រើនពេកក្នុងក្រពះ ក៏បង្កឲ្យមានការស្ទះ។ បញ្ហាឈឺ និងរលាកក្រពះច្រើនកើតដោយសារតែការខូចខាតប្រព័ន្ធប្រសាទបង្កដោយជំងឺទឹកនោមផ្អែម។ ជាទូទៅមានអ្នកជំងឺទឹកនោមផ្អែមម្នាក់ក្នុងចំណោម១០ទៅ២០នាក់អាចមានបញ្ហានេះ។
រោគសញ្ញានៃបញ្ហានេះអាចមានផ្សេងៗគ្នា ប៉ុន្តែអ្វីដែលអាចនិយាយជារួមមានដូចជាក្រហាយទ្រូង ចង្អោរ ក្អួត និងមានអារម្មណ៍ឆាប់ឆ្អែតជាងធម្មតា។ ការណ៍នេះអាចធ្វើឲ្យអ្នកជំងឺញ៉ាំអាហារតិចជាងធម្មតា ដោយសារតែការញ៉ាំអាហារច្រើនអាចធ្វើឲ្យអ្នកជំងឺមានអារម្មណ៍មិនស្រួលក្នុងខ្លួន។ អ្នកជំងឺអាចមានអាការៈហើមពោះ ស្រកទម្ងន់ និងអាចមានបញ្ហាពិបាកគ្រប់គ្រងកម្រិតជាតិស្ករផងដែរ។
អ្នកជំងឺទឹកនោមផ្អែមអាចដឹងថាខ្លួនមានបញ្ហានេះបានយ៉ាងដូចម្ដេង? បើសិនជាមានចេញសញ្ញាដូចបានរៀបរាប់ខាងលើ អ្នកជំងឺគួរពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។ គ្រូពេទ្យក៏អាចធ្វើតេស្តមួយចំនួនដើម្បីដឹងថាអ្នកជំងឺមានបញ្ហាស្ទះអាហារនៅក្នុងក្រពះឬអត់ ឬដើម្បីដឹងថាតើត្រូវការពេលយូរប៉ុនណាទើបក្រពះអាចបញ្ចេញអាហារទាំងនោះអស់។
តើព្យាបាលបញ្ហានេះបែបណា? ទីមួយអ្នកជំងឺទឹកនោមផ្អែមត្រូវព្យាយាមគ្រប់គ្រងកម្រិតជាតិស្ករឲ្យបានល្អ ដូចជាការកែប្រែកម្រិតដូសអាំងស៊ុយលីន ឬថ្នាំ ទៅតាមការណែនាំរបស់គ្រូពេទ្យ។ ចំណុចមួយទៀតគឺកែប្រែរបបអាហារ។ ចំណុចនេះមានន័យថាអ្នកជំងឺលែងត្រូវញ៉ាំអាហារបីពេលទៀតហើយ គឺត្រូវញ៉ាំអាហារឲ្យបានច្រើនដង តែក្នុងចំនួនតិច។ អ្នកជំងឺអាចប្តូរពីការញ៉ាំអាហារបីពេលទៅជាប្រាំមួយពេលវិញក្នុងមួយថ្ងៃ។ ការញ៉ាំតិចក្នុងមួយពេលៗជួយឲ្យក្រពះទទួលអាហារបានតិច និងងាយរំលាយ។ ញ៉ាំអាហារតិចក៏មិនសូវធ្វើឲ្យអ្នកជំងឺតឹងពោះដូចគ្នា។ អ្នកជំងឺក៏ត្រូវញ៉ាំទឹកឲ្យបានច្រើន និងញ៉ាំអាហារណាដែលងាយរំលាយ។ ដូចគ្នាដែរ អ្នកជំងឺគួរចៀសវាងអាហារដែលមានជាតិខ្លាញ់ និងសរសៃខ្ពស់ដោយសារអាហារទាំងនេះមានការរំលាយយឺត។
ក្រៅពីនេះ បើសិនជាការកែប្រែរបបអាហារមិនបានផលល្អ គ្រូពេទ្យក៏អាចផ្ដល់ថ្នាំឲ្យអ្នកជំងឺប្រើដើម្បីជួយដល់ការរំលាយអាហារបានលឿន ឬជួយបំបាត់អាការៈចង្អោរ តែបើថ្នាំទាំងនោះធ្វើទុក្ខ អ្នកជំងឺត្រូវផ្ដល់ដំណឹងទៅគ្រូពេទ្យ។