តិចនិក​សំខាន់​ៗ​ជួយ​ស្រ្តី​វ័យ​អស់​រដូវ​ការពារ​សុខ​ភាព​បេះដូង

  • 2023-12-24 00:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រ្តី​ក្នុង​វ័យ​អស់​រដូវ​អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​បេះដូង​ជាង​​កាល​នៅ​វ័យ​បន្ត​ពូជ​។ ​អ័រម៉ូន​អឺស្រ្តូហ្សែន​​ជួយ​ការពារ​​សុខភាព​បេះដូង ប៉ុន្តែ​នៅ​ពេល​អស់​រដូវ​អ័រម៉ូន​មួយ​ប្រភេទ​នេះ​ក៏​ធ្លាក់​ចុះ​ដែរ។ ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​ស្រ្តី​ក្រោយ​អស់​រដូវ​មាន​ហានិភ័យ​កើត​ជំងឺ​បេះដូង​កើន​ឡើង​។ ដើម្បី​ការពារ​សុខ​ភាព​បេះដូង ស្រ្តី​ក្រោយ​អស់​រដូវ​គួរ​អនុវត្ត​គន្លឹះ​សំខាន់​ៗ​មួយ​ចំនួន​នេះ។​

ហាត់​ប្រាណ​ជា​ប្រចាំ៖ ការ​ហាត់​ប្រាណ​ដូច​ជា​ជិះកង់ ដើរ រត់​ត្រឹកៗ ឬ​ហែល​ទឹក សុទ្ធ​តែ​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព ក្រៅពី​ជួយ​ដល់​សុខ​ភាព​បេះដូង ក៏​អាច​ជួយ​ពង្រឹង​សាច់ដុំ និង​សុខភាព​ឆ្អឹង។ ការ​ហាត់​ប្រាណ​គួរ​ធ្វើ​ឲ្យ​បាន​យ៉ាង​តិច​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​។

ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខ​ភាព​៖ ​អាហារ​ដែល​ល្អ​ចំពោះ​សុខ​ភាព​បេះដូង​មាន​ដូច​ជា​បន្លែ ផ្លែ​ឈើ គ្រាប់​ផ្លែ​ឈើ សាច់​គ្មាន​ខ្លាញ់ និង​ខ្លាញ់​ល្អ។ ដូច​គ្នា​ដែរ ស្រ្តី​ស្ថិត​ក្នុង​វ័យ​នេះ​ក៏​គួរ​កាត់​បន្ថយ​ញ៉ាំ​អាហារ​ប្រៃ ឬ​អាហារ​មាន​ខ្លាញ់​ចម្រាញ់​ច្រើន​។

​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​ល្អ​៖ ក្នុង​វ័យ​នេះ​ស្រ្តី​ត្រូវ​យក​ចិត្ត​ទុក​ដាក់​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​នៅ​ល្អ​​មិន​ឲ្យ​ធាត់​លើស​ទម្ងន់​។ ការ​រក្សា​ទម្ងន់​​ឲ្យ​នៅ​ល្អ​បាន​គឺ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ និង​ការ​ហាត់​ប្រាណ​។ ការ​ឡើង​គីឡូ​ខ្លាំង និង​មាន​ខ្លាញ់​នៅ​ក្បាល​ពោះ​ច្រើន​អាច​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ជំងឺ​បេះដូង​កាន់​តែ​ខ្ពស់​ដែរ។

ឈប់ជក់​បារី និង​កម្រិត​ការ​ផឹក​គ្រឿង​ស្រវឹង៖ ការ​ជក់​បារី គឺ​ជា​កត្តា​ធំ​មួយ​ដែល​នាំ​ឲ្យ​មាន​ជំងឺ​បេះដូង។ ដូច​គ្នា​ដែរ ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​អាច​នាំ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​បង្ក​ជំងឺ​ដល់​បេះដូង​។ ឈប់​ជក់​បារី និង​កម្រិត​ការ​ផឹក​គ្រឿង​ស្រវឹង​ជា​ជម្រើស​ល្អ​សម្រាប់​សុខ​ភាព​។

ឆែក​សុខ​ភាព​ជា​ប្រចាំ៖ ការ​ពិនិត្យ​សុខ​ភាព​បាន​ទៀង​ទាត់ អាច​ជួយ​ឲ្យ​យើង​ដឹង​ពី​ស្ថាន​ភាព​ទូទៅ​នៃ​រាង​កាយ​។ គ្រូពេទ្យ​អាច​តាម​ដាន​លើ​សម្ពាធ​ឈាម ជាតិ​ខ្លាញ់ និង​កត្តា​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ជា​ដើម។ ក្រៅពី​នេះ បើ​មាន​សញ្ញា​ណា​មួយ​គួរ​ឲ្យ​សង្ស័យ​ យើង​អាច​ឲ្យ​គ្រូពេទ្យ​ដឹង​បាន​ទាន់​ពេល​វេលា។​

ប្រភព៖ ប្រភព ប្រែសម្រួល៖ សុខា

អត្ថបទពេញនិយម