តើការដាក់កងក្នុងស្បូន ធ្វើឲ្យធាត់ងាយរបូតធ្លាយស្បូន ហើយពិបាកមានកូនដែរទេ?

  • 2024-04-23 02:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើការដាក់កងនៅក្នុងស្បូនធ្វើឲ្យស្ត្រីធាត់ដែរឬ? ហើយពេលដែលស្ត្រីអុកគូទខ្លាំង ធ្វើឲ្យវាធ្លាយចេញស្បូនដែរទេ? ហើយវាបង្ករបញ្ហាសុខភាពអ្វីខ្លះដល់ស្ត្រីទេ ចុះពេលឈប់ប្រើតើធ្វើឲ្យស្ត្រីមានកូនដែរទេ?

កងគឺជាវិធីពន្យាកំណើតមួយដែលសុវត្ថភាពខ្ពស់សម្រាប់ស្ត្រី ព្រោះ៖

១ វាមិនមានសារធាតុអកម៉ូន ដែលធ្វើឲ្យមានបំរែបម្រួលដល់ស្ត្រីនោះទេ

២ មានប្រសិទ្ធភាពខ្ពស់ សម្រាប់ស្ត្រីក្នុងការពន្យាកំណើត

៣ នៅពេលដែលស្ត្រីដាក់ម្តង អាចទប់បានរយៈពេល៥ទៅ១០ឆ្នាំ។

ដូចនេះងាយឲ្យស្ត្រីធ្វើការសម្រេចចិត្តយ៉ាងជាក់លាក់។ ប៉ុន្តែវាក៏អាចមានផលរំខានមួយដែរគឺ នៅពេលដែលមានការដាក់កងក្នុងស្បូន នៅពេលដែលមានការរួមភេទ អាចប៉ះខ្សែរ ព្រោះខ្សែរនេះត្រូវបានបង្កប់នៅក្នុងទ្វាមាសរបស់ស្ត្រី។ បើកាលណាវាមានផលរំខាននៅក្នុងការរួមភេទ ស្ត្រីអាចទៅប្តូរកងថ្មីបានដោយទៅពិភាក្សាជាមួយគ្រូពេទ្យ។ចំណុចមួយទៀតដែលស្ត្រីមួយចំនួនតែងតែបោះបង់កងចោលនោះគឺ ធ្វើឲ្យគាត់ធាត់ ហើយមករដូវច្រើន ហើយមានពេលខ្លះមានការធ្លាក់ឈាមខុសពីពេលមករដូវ ។

កងមានសារធាតុម្យ៉ាងមិនមែនអកម៉ូន តែវាធ្វើឲ្យស្ត្រីមានបំរែបម្រួលតិចតួច តែវាមិនប៉ះពាល់សុខភាពនោះទេ។ ពេលខ្លះស្ត្រីមានរដូវច្រើន ដូចនេះប្រសិនបើការមករដូវនោះមិនធ្វើឲ្យប៉ះពាល់ដល់កំលាំង មិនធ្វើឲ្យគាត់បាត់បង់សកម្មភាពប្រចាំថ្ងៃ គាត់អាចធ្វើការបានធម្មតា នោះហៅថាការមិនមែនមករដូវច្រើននោះទេ។ មួយវិញទៀតប្រសិនបើកងបានធ្វើឲ្យស្ត្រីធាត់ គឺស្ត្រីអាចតាមដានគីឡូរបស់ខ្លួនឯងប្រចាំខែ ហើយត្រូវងាកមកមើលការហូបចុករបស់ខ្លួនឯងវិញ តើការហូបរាល់ថ្ងៃបានត្រឹមត្រូវហើយឬនៅ ប្រសិនបើស្ត្រីហូបខុសពីអ្វីដែលត្រូវធ្វើ នោះស្ត្រីត្រូវបន្ថយការហូបចុករាល់ថ្ងៃវិញ។ កង មិនធ្វើឲ្យស្ត្រីធាត់នោះទេ តែវាធ្វើឲ្យស្ត្រីមានចំណង់អាហារច្រើនជាងមុន។

ផ្ទុយទៅវិញ ស្ត្រីតាមដានគីឡូរបស់ខ្លួនឯងពីមួយខែទៅមួយខែ ឃើញថាឡើងគីឡូខុសប្រក្រតី បើទោះជាស្ត្រីតមរបបអាហារយ៉ាងណាក្តី ពេលនោះស្ត្រីអាចនៅមានជម្រើសមួយទៀតគឺការដកកងចេញ។ នៅពេលដែលយើងដកកងចេញ សារធាតុទាំងអស់ដែលមានក្នុងខ្លួនវានិងបញ្ចេញអស់ពីក្នុងខ្លួនក្នុងរយៈពេល២៤ម៉ោង ដូចនេះវាមិនមានសល់សារធាតុអ្វីនៅក្នុងខ្លួនទៀតនោះទេ ហើយសម្រាប់ការចង់មានកូនក៏ធម្មតាឡើងវិញដែរ អាចមានក្នុងរយៈពេល៣ទៅ៤ខែបន្ទាប់ពីដកកងចេញ អ្នកខ្លះក៏អាចមានកូនក្នុងខែបន្ទាប់ក៏មាន។

ដូចនេះចំណុចមួយទៀត ស្ត្រីគួរយល់ដឹងដែរ មុននិងចង់ដាក់កងក្នុងស្បូន ស្ត្រីត្រូវពិនិត្យសុខភាពជាមុនសិន ថាតើយើងមានមេរោគនៅទ្វាមាសដែរទេ តើមាត់ស្បូនរបស់ស្ត្រីមានរលាកនិងដំបៅទេ បើមិនមានមានន័យថាស្ត្រីអាចដាក់បានហើយ។ ផ្ទុយទៅវិញបើស្ត្រីមិនបានពិនិត្យសុខភាពបានត្រឹមត្រូវ ហើយដាក់កងចូល នោះវាអាចចម្លងរោគពីមាត់ស្បូន ទៅដល់តួស្បូន៕

ប្រភព៖Rose

អត្ថបទ៖ Tep Sovannmoly