កូនស្រីទើបកើតមានធ្លាក់ទឹករំអិលសៗ តើគួរឲ្យបារម្ភអត់?
- 2023-12-02 01:57:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនស្រីទើបកើតមានធ្លាក់ទឹករំអិលសៗ តើគួរឲ្យបារម្ភអត់?
ទារកភេទស្រីទើបកើតអាចមានធ្លាក់ទឹករំអិលសៗតិចតួចគឺជារឿងធម្មតា ហើយបញ្ហានេះអាចកើតមានលើទារិកាអាយុចន្លោះពីពីរថ្ងៃទៅអាយុ១០ថ្ងៃ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត សយ បញ្ញា ឯកទេសកុមារ និងទារកនៃមន្ទីរសម្ភពរ៉ូស។
បើតាមលោកវេជ្ជបណ្ឌិត ទារិកាអាចមានធ្លាក់ទឹករំអិលសៗតាមប្រដាប់ភេទ ឬករណីកម្រខ្លះអាចមានលាយឈាមតិចតួចផង។ ការធ្លាក់ទឹករំអិលសៗនេះអាចកើតឡើងនៅចន្លោះពីថ្ងៃទីពីរដល់ថ្ងៃទី១០បន្ទាប់ពីកើត។
លោកវេជ្ជបណ្ឌិតពន្យល់ថា៖ «អាការៈហ្នឹងរាប់ថាជាអាការៈធម្មតាដែលវាកើតមានឡើងតែម្ដងទេក្នុងរវាងពីថ្ងៃទីពីរដល់ថ្ងៃទី១០ហ្នឹង ហើយវានឹងបាត់ទៅវិញដោយខ្លួនឯងអត់មានទាមទារការពិនិត្យ ការព្យាបាលអ្វីជាពិសេសទេ»។
លោកវេជ្ជបណ្ឌិតបន្ថែមថាជាធម្មតាទារកភេទស្រីពេលនៅក្នុងពោះម្ដាយបានទទួលអ័រម៉ូនភេទស្រីមួយភាគធំពីម្ដាយ បូកផ្សំនឹងការផលិតអ័រម៉ូនភេទស្រីដោយខ្លួនឯងផង ទើបពេលទារកភេទស្រីកើតមកមានឡើងដោះ ហើយមានធ្លាក់រំអិលសបន្តិចបន្តួច។
យ៉ាងណាលោកវេជ្ជបណ្ឌិតបញ្ជាក់ថាបើសិនជាទារិកាមានអាការធ្លាក់ឈាមច្រើន អូសបន្លាយយូរថ្ងៃ និងមានអាការៈស្លេកស្លាំង គឺចាត់ទុកថាជាអាការៈមិនធម្មតា និងទាមទារឲ្យប៉ាម៉ាក់នាំកូនទៅជួបគ្រូពេទ្យដើម្បីបានពិនិត្យរកមូលហេតុត្រឹមត្រូវ និងព្យាបាលទាន់ពេលវេលា។