សញ្ញាទាំងនេះបញ្ជាក់ថាអ្នកជំងឺទឹកនោមផ្អែមកំពុងធ្លាក់ចុះជាតិស្ករ
- 2023-11-30 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញាទាំងនេះបញ្ជាក់ថាអ្នកជំងឺទឹកនោមផ្អែមកំពុងធ្លាក់ចុះជាតិស្ករ
គ្នាយើងមួយចំនួនប្រហែលជាអាចគិតថាអ្នកមានជំងឺទឹកនោមផ្អែមតែងតែមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់។ ប៉ុន្តែមិនដូចនេះទេ អ្នកជំងឺទឹកនោមផ្អែមក៏អាចប្រឈមនឹងការធ្លាក់ចុះកម្រិតជាតិស្ករក្នុងឈាមផងដែរ។ ការធ្លាក់ចុះកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកជំងឺទឹកនោមផ្អែមក៏អាចបង្កគ្រោះថ្នាក់ដល់អ្នកជំងឺបានដូចគ្នា។
នៅពេលអ្នកមានជំងឺទឹកនោមផ្អែមមានកម្រិតជាតិស្ករក្នុងឈាមនៅក្រោម៧០មិល្លីក្រាមក្នុងមួយដេស៊ីលីត្រ (70mg/dL) គឺអ្នកជំងឺកំពុងមានបញ្ហាធ្លាក់ចុះជាតិស្ករ ប៉ុន្តែអ្នកជំងឺម្នាក់ទៅម្នាក់អាចមានកម្រិតនេះផ្សេងគ្នា។ ដូចនេះការប្រឹក្សាជាមួយគ្រូពេទ្យពីកម្រិតជាតិស្ករគឺជារឿងចាំបាច់។
ហេតុដូចនេះហើយអ្នកមានជំងឺទឹកនោមផ្អែមគួរយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះសញ្ញានៃការធ្លាក់ចុះនៃកម្រិតជាតិស្ករក្នុងឈាម។ ពេលកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះ អ្នកជំងឺអាចញ៉ាំទឹកផ្លែឈើ ឬស្ករគ្រាប់ដើម្បីបំពេញជាតិស្ករឡើងវិញ ឬបើធ្ងន់ធ្ងរ សាច់ញាតិត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ។
សញ្ញាព្រមានដំបូងៗសម្រាប់អ្នកជំងឺទឹកនោមផ្អែមដែលធ្លាក់ចុះជាតិស្ករក្នុងឈាមមានដូចជា ស្លេកស្លាំង វិលមុខ ធេងធោង ញ័រ បែកញើស ឃ្លាន ឬចង្អោរ បេះដូងលោតញាប់ ពិបាកផ្ចង់អារម្មណ៍ ថប់បារម្ភ ស្ពឹកអវយវៈ អណ្ដាត និងឈឺក្បាលជាដើម។
ចំណែករោគសញ្ញានៅពេលយប់វិញមានដូចជាបែកញើសសើមអាវ យល់សប្ដិអាក្រក់ និងអស់កម្លាំងជាដើម។
ដោយឡែកសម្រាប់រោគសញ្ញាធ្ងន់ធ្ងរវិញអាចមានដូចជាវង្វេង ពិបាកនិយាយ ព្រិលភ្នែក ពិបាកញ៉ាំអាហារ ឬផឹកទឹក ខ្សោយសាច់ដុំ និងងងុយដេកជាដើម។
កម្រិតជាតិស្ករអ្នកជំងឺទឹកនោមផ្អែមធ្លាក់ចុះខ្លាំងអាចបណ្ដាលឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជាប្រកាច់ ឬសន្លប់ ដែលទាមទារឲ្យមានការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ដើម្បីបង្ការបញ្ហានេះ អ្នកមានជំងឺទឹកនោមផ្អែមត្រូវតាមដានកម្រិតជាតិស្ករក្នុងឈាមរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យ។ មួយវិញទៀតអ្នកជំងឺមិនត្រូវរំលងពេលញ៉ាំអាហារ ឬអាហារសម្រន់ឡើយ ពោលគឺត្រូវញ៉ាំឲ្យបានទៀងពេល។ ដូចគ្នាដែរ បើសិនជាអ្នកជំងឺចង់ញ៉ាំគ្រឿងស្រវឹង គូរកម្រិតការញ៉ាំ និងត្រូវញ៉ាំអាហារក្នុងពេលញ៉ាំគ្រឿងស្រវឹងនោះដែរ។