ហេតុអ្វីប្រេះបបូរមាត់ពេលរដូវធ្លាក់ខ្យល់ត្រជាក់?
- 2023-11-28 03:27:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីប្រេះបបូរមាត់ពេលរដូវធ្លាក់ខ្យល់ត្រជាក់?
មិនមែនជារឿងចម្លែកអ្វីទេនៅពេលរដូវរងា គ្នាយើងមួយចំនួនជួបបញ្ហាប្រេះបបូរមាត់នោះ។ អាកាសធាតុត្រជាក់ បូករួមទាំងមានខ្យល់បក់រំភើយៗ និងបរិយាកាសខាងក្រៅស្ងួតទៀតនោះ គឺជាមូលហេតុធ្វើឲ្យបបូរមាត់មានសភាពតឹង និងស្ងួត ឬប្រេះ។
មួយវិញទៀតស្បែកត្រង់បបូរមាត់មានសភាពស្ដើងជាងស្បែកនៅកន្លែងផ្សេងទៀតនៃរាងកាយ ហើយស្បែកត្រង់បបូរមាត់ងាយស្ងួតលឿនជាងកន្លែងផ្សេងដល់តែ១០ដងឯងនោះ។ ហេតុនេះហើយនៅរដូវរងា ស្បែកត្រង់បបូរមាត់ងាយស្ងួតនិងប្រេះជាងកន្លែងផ្សេង។
ថ្វីបើខែរងាអាចធ្វើឲ្យបបូរមាត់ងាយប្រេះក៏ពិតមែនតែយើងក៏មានវិធីមួយចំនួនដើម្បីការពារដែរ។
ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់៖ បើរាងកាយយើងខ្វះជាតិទឹក នឹងធ្វើឲ្យបបូរមាត់កាន់តែងាយប្រេះ។ ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់មានផលល្អចំពោះសុខភាពស្បែក រួមទាំងស្បែកត្រង់បបូរមាត់ផងដែរ។
ប្រើក្រែមលាបមាត់៖ ក្រែមលាបមាត់ដែលមានផ្ទុកសារធាតុ petrolatum ប្រេងក្រអូប ឬglycerin ជួយការពារបបូរមាត់បានដែរ។ សារធាតុទាំងនេះអាចជួយទប់សំណើម និងជួយព្យាបាលការប្រេះបបូរមាត់ផងដែរ។
ហាមលិឍមាត់៖ គ្នាយើងប្រហែលជាយល់ថាការលិឍបបូរមាត់អាចជួយបន្សើមបបូរមាត់បាន តែមិនដូចនេះទេ។ ការលិឍបបូរមាត់បែរជាធ្វើឲ្យបបូរមាត់ស្ងួតទៅវិញទេ។ ទឹកមាត់អាចធ្វើឲ្យបបូរមាត់ស្ងួតកាន់តែលឿន ព្រោះថាទឹកមាត់ជាប្រភេទអង់ស៊ីមសម្រាប់រំលាយអាហារ ហើយបើវានៅលើបបូរមាត់នឹងធ្វើឲ្យស្បែកបបូរមាត់ស្ងួតកាន់តែលឿន។