ការ​ប្រែ​ប្រួល​អ័រម៉ូន​អាចប៉ះពាល់សុខភាពស្បែកបែបណា?

  • 2023-11-23 00:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ័រម៉ូន​ប្រែ​ប្រួល​កើត​ឡើង​នៅ​ពេល​កម្រិត​អ័រម៉ូន​មួយ ឬ​ច្រើន​មាន​តិច​ពេក ឬ​ច្រើន​ពេក​នៅ​ក្នុង​រាង​កាយ​។ ការ​ប្រែ​ប្រួល​នេះ​អាច​ប៉ះពាល់​ដល់​សុខភាព​ទូទៅ។ ​អ័រម៉ូន​គឺ​ជា​សារធាតុ​គីមី​ដែល​ផលិត​​ដោយ​ក្រពេញ​នៅ​ក្នុង​ប្រព័ន្ធ​អង់ដូគ្រីន​ ដែល​អាច​ធ្វើ​ដំណើរ​តាម​ចរន្ត​ឈាម​ទៅ​កាន់​ជាលិកា និង​សរីរាង្គ​ផ្សេងៗ ពាំ​នាំ​សារ​ប្រាប់​ដល់​សរីរាង្គ​ទាំង​នោះ​ថា​ត្រូវ​ធ្វើ​អ្វី​ខ្លះ និង​ត្រូវ​ធ្វើ​នៅ​ពេល​ណា​។​

​តួនាទី​របស់​អ័រម៉ូន​

អ័រម៉ូន​អឺស្រ្តូហ្សែន​៖ ​អ័រម៉ូន​អឺស្រូហ្សែន ឬ​គេ​និយម​ហៅ​ថា​អ័រម៉ូន​ភេទ​ស្រី​ ដើរតួ​សំខាន់​ក្នុង​ការ​គ្រប់​គ្រង​ជាតិ​ទឹក​​ ឬ​សំណើម​លើ​​ស្បែក ជំរុញ​ការ​ផលិត​ខូឡាជែន និង​គាំទ្រ​ដល់​សុខ​ភាព​ទូទៅ​ផ្សេង​ទៀត​។ អ័រម៉ូន​ប្រភេទ​នេះ​ជួយ​ឲ្យ​ស្បែក​មាន​សភាព​ទន់​រលោក និង​ក្មេង​ជាង​វ័យ​។​

អ័រម៉ូន​ប្រូជេស្តេរ៉ូន​៖ អ័រម៉ូន​មួយ​ប្រភេទ​នេះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​គ្រប់​គ្រង​លើ​វដ្ដ​រដូវ​ និង​ត្រៀម​ខ្លួន​សម្រាប់​ការ​មាន​ផ្ទៃពោះ។ ជា​មួយ​គ្នា​នេះ​ដែរ អ័រម៉ូន​នេះ​ក៏​មាន​ឥទ្ធិពល​លើ​ការ​ផលិត​ខ្លាញ់​ក្នុង​ស្បែក​ផង​ដែរ​។​

អ័រម៉ូន​តេស្តូស្តេរ៉ូន​៖ ជា​ទូទៅ​គេ​ហៅ​អ័រម៉ូន​នេះ​ថា​អ័រម៉ូន​ភេទ​ប្រុស ប៉ុន្តែ​រាង​កាយ​ស្រ្តី​ក៏​ផលិត​អ័រម៉ូន​នេះ​ដែរ​។ អ័រម៉ូន​នេះ​មាន​​ឥទ្ធិពល​លើ​ការ​ផលិត​ខ្លាញ់​ ហើយ​បើ​សិន​ជា​ស្រ្តី​មាន​បញ្ហា​អតុល្យភាព​អ័រម៉ូន​មួយ​ប្រភេទ​នេះ​អាច​ធ្វើ​ឲ្យ​កើត​មុន​បាន​ដែរ​។

​ចំពោះ​មុន​អ័រម៉ូន​ ឬ​គេ​ស្គាល់​ថា​ជា​មុន​កើត​លើ​មនុស្ស​ពេញ​វ័យ​ ច្រើន​កើត​លើ​អ្នក​មាន​អាយុ​ចន្លោះ​ពី​២០ ទៅ​​៥០​ឆ្នាំ​។ មុន​ប្រភេទ​នេះ​មាន​កើត​លើ​មុខ លើ​ខ្នង ស្មា និង​ទ្រូង​។ មុន​អ័រម៉ូន​កើត​ឡើង​ពី​ការ​កើន​ឡើង​ខ្លាំង​នៃ​ខ្លាញ់​ក្នុង​ក្រពេញ​ខ្លាញ់​។

មុន​អ័រម៉ូន​អាច​កើត​​ទាំង​លើ​​បុរស និង​ស្រ្តី ប៉ុន្តែ​ភាគច្រើន​កើត​លើ​ស្រ្តី ​ស្រ្តី​មាន​ផ្ទៃពោះ និង​ស្រ្តី​ជិត​ដល់​វ័យ​អស់​រដូវ​។ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​មុន​អ័រម៉ូន យើង​ត្រូវ​សម្អាត​ស្បែក​ឲ្យ​បាន​ស្អាត​ជានិច្ច ផ្លាស់​ប្ដូរ​របប​អាហារ ឬ​ត្រូវ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​បាន​ទទួល​ការ​ព្យាបាល​ត្រឹម​ត្រូវ​ដូច​ជា​ការ​ព្យាបាល​ដោយ​ឡាស៊ែ​ជា​ដើម។

ប្រភព៖ Cleveland Clinic ប្រែសម្រួល៖ សុខា

អត្ថបទពេញនិយម