គន្លឹះ២ សំខាន់សម្រាប់ថែទាំស្បែកអ្នកស្ថិតក្នុងវ័យខ្ទង់២០ឆ្នាំ
- 2023-11-12 03:28:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះ២ សំខាន់សម្រាប់ថែទាំស្បែកអ្នកស្ថិតក្នុងវ័យខ្ទង់២០ឆ្នាំ
សម្រាប់គ្នាយើងទាំងឡាយណាកំពុងស្ថិតក្នុងវ័យ២០ឆ្នាំ ទម្លាប់ថែទាំស្បែកឲ្យបានល្អពិតជាមានសារសំខាន់ណាស់។ ការជ្រើសរើសវិធីថែទាំស្បែកក្នុងវ័យនេះអាចជះឥទ្ធិពលដល់ស្ថានភាពស្បែកនៅពេលក្រោយទៀត។ ខាងក្រោមនេះជាគន្លឹះសំខាន់ពីរសម្រាប់អ្នកក្នុងវ័យខ្ទង់២០ឆ្នាំគួរយកចិត្តទុកដាក់។
ដើម្បីឲ្យស្បែកមើលទៅឃើញថាស្រស់ថ្លា គ្រូពេទ្យឯកទេសខាងសើស្បែកបានណែនាំឲ្យប្រើផលិតពីរប្រភេទនេះប្រចាំថ្ងៃ។
១. ផលិតផលលាងសម្អាតមានកម្រិតស្រាល
ពេលយើងជ្រើសរើសផលិតផលលាងសម្អាតផ្ទៃមុខ គឺត្រូវជ្រើសរើសឲ្យត្រូវទៅតាមប្រភេទស្បែកមុខ។ ឧទាហរណ៍ថាស្បែកមុខរបស់យើងងាយនឹងឡើងមុន ដូចនេះគួរជ្រើសរើសផលិតផលណាដែលអាចលាងជម្រះជាតិខ្លាញ់បាន។ ចំណែកអ្នកមានស្បែកមុខស្ងួតវិញគួរប្រើផលិតផលណាដែលអាចផ្ដល់សំណើម។
ដើម្បីទទួលបានលទ្ធផលល្អពីផលិតផលលាងសម្អាតស្បែកមុខ យើងត្រូវលាងសម្អាតមុខឲ្យបានពីរដងក្នុងមួយថ្ងៃ គឺពេលភ្ញាក់ពីគេង និងមុនចូលគេង និងពេលខ្លះបើបែកញើសច្រើនក៏គួរលាងសម្អាតមុខចេញដែរ។
២. ប្រើផលិតផលការពារកម្ដៅថ្ងៃ
គ្រប់ពេលដែលយើងចេញក្រៅផ្ទះ ឬអគារនៅពេលថ្ងៃ មិនថាដើរ ឬជិះរថយន្ត គឺស្បែករបស់យើងនឹងត្រូវនឹងកាំរស្មីព្រះអាទិត្យដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពស្បែក។
បើសិនជាយើងចេញត្រូវថ្ងៃ យើងត្រូវចេះការពារស្បែក។ យើងត្រូវលាបគ្រីមការពារកម្ដៅថ្ងៃនៅលើផ្ទៃមុខ និងស្បែក ដែលមិនគ្របដោយសម្លៀកបំពាក់។ ការលាបគ្រីមការពារកម្ដៅថ្ងៃនេះ គួរធ្វើឲ្យបាន១៥នាទីមុនចេញក្រៅ។
ដូចទៅនឹងផលិតផលលាងសម្អាតមុខដែរការជ្រើសរើសគ្រីមការពារកម្ដៅថ្ងៃក៏ត្រូវធ្វើឡើងទៅតាមប្រភេទស្បែកដែរ។ បើសិនជាគ្នាយើងមានស្បែកជាប្រភេទស្បែកខ្លាញ់ គួរជ្រើសរើសផលិតផលណាដែលមានសរសេរថា « non-comedogenic ឬ won’t clog pores(មិនស្ទះរន្ធរោម)» ដែលមានសរសេរនៅលើសម្បកផលិតផល។
វ័យខ្ទង់២០ឆ្នាំ គឺជាពេលវេលាសំខាន់ក្នុងការចាប់ផ្ដើមថែរក្សាស្បែកជាប្រចាំ និងបង្កើតទម្លាប់ថែទាំស្បែកល្អ។ បើសិនជាគ្នាយើងមិនច្បាស់ថាត្រូវប្រើផលិតផលណាមួយសម្រាប់ស្បែករបស់ខ្លួន គួរស្វែងរកការប្រឹក្សាជាមួយគ្រូពេទ្យឯកទេសស្បែក។ៗ