ទាំងនេះជាកត្តាបង្កហានិភ័យជំងឺខ្សោយបេះដូងលើស្រ្តី
- 2023-11-05 04:21:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាំងនេះជាកត្តាបង្កហានិភ័យជំងឺខ្សោយបេះដូងលើស្រ្តី
ជាទូទៅគេដឹងថាកត្តាហានិភ័យដែលអាចនាំឲ្យមានជំងឺបេះដូងមានដូចជាបញ្ហាសម្ពាធឈាមខ្ពស់ និងលើសកូលេស្តេរ៉ូលជាដើម ដែលបញ្ហាទាំងនេះប៉ះពាល់ទាំងលើបុរស និងស្រ្តី។ យ៉ាងណាបច្ចុប្បន្នមានការស្រាវជ្រាវបន្ថែម និងរកឃើញថាកត្តាមួយចំនួនទៀតមាននិន្នាការប្រឈមខ្ពស់ដោយផ្អែមលើភេទ។
លើសកូលេស្តេរ៉ូល៖ កូលេស្តេរ៉ូលខ្ពស់អាចបង្កហានិភ័យកើតជំងឺបេះដូងទាំងបុរស និងស្រ្តី។ កម្រិតកូលេស្តេរ៉ូលល្អចុះទាប អាចបង្កហានិភ័យលើស្រ្តីខ្ពស់ជាងបុរសចំពោះបញ្ហាជំងឺបេះដូងនៅវ័យ៦៥ឆ្នាំឡើង។
ជំងឺទឹកនោមផ្អែម៖ ស្រ្តីមានជំងឺទឹកនោមផ្អែមអាចប្រឈមនឹងការវិវត្តទៅកើតជំងឺបេះដូងខ្ពស់ជាបុរសដែលមានជំងឺទឹកនោមផ្អែមដូចគ្នាពីពីរទៅបួនដង។
លើសសម្ពាធឈាម៖ ស្រ្តីមានបញ្ហាលើសសម្ពាធឈាមចាប់ពីវ័យ៦០ឆ្នាំឡើង ក៏មានអត្រាប្រឈមខ្ពស់ក្នុងការវិវត្តទៅជាជំងឺបេះដូងខ្ពស់ជាងបុរសផងដែរ។ ការណ៍នេះអាចមកពីក្រោយអស់រដូវស្រ្តីមានរំញោចខ្លាំងទៅនឹងសូដ្យូម (អំបិល) ។ ដូចនេះស្រ្តីក្នុងវ័យនេះគួរកម្រិតការញ៉ាំអាហារប្រៃដើម្បីរក្សាសុខភាពឲ្យបានល្អ។
អស់រដូវ៖ អ័រម៉ូនអឺស្រ្តូហ្សែនជួយកាត់បន្ថយហានិភ័យជំងឺបេះដូង។ ប៉ុន្តែជាធម្មជាតិក្រោយអស់រដូវ ឬក្រោយស្រ្តីវះកាត់ក្រពេញអូវែចេញ ក៏ធ្វើឲ្យកម្រិតអ័រម៉ូនអឺស្រ្តូហ្សែនធ្លាក់ចុះ។ ដូចនេះហើយទើបស្រ្តីអាចប្រឈមនឹងបញ្ហាដុំកំណកឈាម បញ្ហាសរសៃវ៉ែន និងកូលេស្តេរ៉ូលខ្ពស់។
ធាត់លើសទម្ងន់៖ ស្រ្តីមានការប្រឈមខ្ពស់នឹងការធាត់លើសទម្ងន់ពេលអស់រដូវ។ ដូចគ្នាដែរ ក្រោយអស់រដូវក៏ទំនងជាអាចមានឡើងខ្លាញ់ក្បាលពោះដូចគ្នា។ ការមានខ្លាញ់ក្បាលពោះនេះ អ្នកស្រាយជ្រាវជាច្រើនលើកឡើងថាមានទំនាក់ទំនងនឹងជំងឺបេះដូង។ បញ្ហាធាត់លើសទម្ងន់ក៏ធ្វើឲ្យស្រ្តីមានហានិភ័យខ្ពស់ក្នុងការជួបបញ្ហាគាំងបេះដូងផងដែរ។
មិនសូវមានសកម្មភាពរាងកាយ៖ ការហាត់ប្រាណ ឬបញ្ចេញកម្លាំងពលកម្មជាប្រចាំទំនងជាជួយស្រ្តីកាត់បន្ថយជំងឺបេះដូងបានខ្ពស់ជាងបុរស។ ប៉ុន្តែការសិក្សានៅអាមេរិករកឃើញថាស្រ្តីម្នាក់ក្នុងចំណោមបួននាក់មិនធ្វើលំហាត់ប្រាណទាល់តែសោះ ហើយមានតែមួយភាគបួនប៉ុណ្ណោះដែលបានហាត់ប្រាណជាប្រចាំ និងត្រឹមត្រូវ។