ទាំងនេះជាកត្តា​បង្ក​​ហានិភ័យ​ជំងឺ​ខ្សោយ​បេះដូង​លើ​ស្រ្តី

  • 2023-11-05 04:21:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ជា​ទូទៅ​គេ​ដឹង​​ថា​កត្តា​ហានិភ័យ​ដែល​អាច​​នាំ​ឲ្យ​មាន​ជំងឺ​បេះ​ដូង​មាន​ដូច​ជា​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ និង​លើស​​កូលេស្តេរ៉ូល​ជា​ដើម​ ​ដែល​បញ្ហា​ទាំង​នេះ​ប៉ះពាល់​ទាំង​លើ​បុរស និង​ស្រ្តី​។ យ៉ាងណា​បច្ចុប្បន្ន​មាន​​ការ​ស្រាវ​ជ្រាវ​បន្ថែម និង​រក​ឃើញ​ថា​កត្តា​មួយ​ចំនួន​ទៀត​​មាន​និន្នាការ​ប្រឈម​ខ្ពស់​ដោយ​ផ្អែម​លើ​ភេទ​​។​

លើស​កូលេស្តេរ៉ូល​៖ កូលេស្តេរ៉ូល​ខ្ពស់​​អាច​បង្ក​ហានិភ័យ​កើត​ជំងឺ​បេះដូង​ទាំង​បុរស និង​ស្រ្តី។ កម្រិត​កូលេស្តេរ៉ូល​ល្អ​ចុះ​ទាប អាច​បង្ក​ហានិភ័យ​លើ​ស្រ្តី​ខ្ពស់​ជាង​បុរស​ចំពោះ​បញ្ហា​ជំងឺ​បេះដូង​នៅ​វ័យ​៦៥​ឆ្នាំ​ឡើង​។

ជំងឺ​ទឹក​នោម​ផ្អែម​៖ ស្រ្តី​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​អាច​ប្រឈម​នឹង​ការ​វិវត្ត​ទៅ​កើត​ជំងឺ​បេះ​ដូង​ខ្ពស់​ជា​បុរស​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ដូច​គ្នា​ពី​ពីរ​ទៅ​បួន​ដង​។

លើស​សម្ពាធ​ឈាម​៖ ស្រ្តី​មាន​បញ្ហា​លើស​សម្ពាធ​ឈាម​​ចាប់​ពី​វ័យ​៦០​ឆ្នាំ​ឡើង ក៏​មាន​អត្រា​ប្រឈម​ខ្ពស់​ក្នុង​ការ​វិវត្ត​ទៅ​ជា​ជំងឺ​បេះ​ដូង​ខ្ពស់​ជាង​បុរស​ផង​ដែរ។ ការណ៍​នេះ​អាច​មក​ពីក្រោយ​អស់​រដូវ​ស្រ្តី​មាន​រំញោច​ខ្លាំង​ទៅ​នឹង​សូដ្យូម (អំបិល) ។ ដូច​នេះ​ស្រ្តី​ក្នុង​វ័យ​នេះ​គួរ​កម្រិត​ការ​ញ៉ាំ​អាហារ​ប្រៃ​ដើម្បី​រក្សា​សុខ​ភាព​ឲ្យ​បាន​ល្អ​។​

អស់​រដូវ​៖ ​អ័រម៉ូន​អឺស្រ្តូហ្សែន​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​។ ប៉ុន្តែ​ជា​ធម្មជាតិ​ក្រោយ​អស់​រដូវ ឬ​ក្រោយ​ស្រ្តី​វះកាត់​ក្រពេញ​អូវែ​ចេញ​ ក៏​ធ្វើ​ឲ្យ​កម្រិត​អ័រម៉ូន​អឺស្រ្តូហ្សែន​ធ្លាក់​ចុះ​។ ដូច​នេះ​ហើយ​ទើប​ស្រ្តី​អាច​ប្រឈម​នឹង​បញ្ហា​ដុំ​កំណក​ឈាម បញ្ហា​សរសៃ​វ៉ែន​ និង​កូលេស្តេរ៉ូល​ខ្ពស់​។

ធាត់​លើស​ទម្ងន់​៖ ស្រ្តី​​មាន​ការ​ប្រឈម​ខ្ពស់​នឹង​ការ​ធាត់​លើស​ទម្ងន់​ពេល​អស់​រដូវ​។ ដូច​គ្នា​ដែរ ក្រោយ​អស់​រដូវ​ក៏​ទំនង​ជា​អាច​មាន​ឡើង​ខ្លាញ់​ក្បាល​ពោះ​ដូច​គ្នា​។​ ការ​​មាន​ខ្លាញ់​ក្បាល​ពោះ​នេះ អ្នក​ស្រាយ​ជ្រាវ​ជា​ច្រើន​​លើក​ឡើង​ថា​មាន​ទំនាក់​ទំនង​នឹង​ជំងឺ​បេះ​ដូង​។ បញ្ហា​ធាត់​លើស​ទម្ងន់​ក៏​ធ្វើ​ឲ្យ​ស្រ្តី​មាន​ហានិភ័យ​​​ខ្ពស់​ក្នុង​ការ​ជួប​បញ្ហា​គាំង​បេះដូង​ផង​ដែរ​។​

មិន​សូវ​មាន​សកម្ម​ភាព​រាង​កាយ​៖ ការ​ហាត់​ប្រាណ ឬ​បញ្ចេញ​កម្លាំង​ពល​កម្ម​ជា​ប្រចាំ​ទំនង​ជា​ជួយ​ស្រ្តី​កាត់​បន្ថយ​ជំងឺ​បេះ​ដូង​បាន​ខ្ពស់​ជាង​បុរស​។ ​ប៉ុន្តែ​ការសិក្សា​នៅ​អាមេរិក​រក​ឃើញ​​ថា​ស្រ្តី​ម្នាក់​ក្នុង​ចំណោម​បួន​នាក់​មិន​ធ្វើ​លំហាត់​ប្រាណ​ទាល់​តែ​សោះ ហើយ​មាន​តែ​មួយ​ភាគ​បួន​ប៉ុណ្ណោះ​ដែល​បាន​ហាត់​ប្រាណ​ជា​ប្រចាំ​ និង​ត្រឹម​ត្រូវ​។

ប្រភព៖ Cleveland Clinic ប្រែសម្រួល៖ សុខា

អត្ថបទពេញនិយម