តំបន់សេដ្ឋកិច្ចវាយនភណ្ឌពិសេស បំណងក្រសោបទីផ្សារម៉ូដនិងសម្លៀកបំពាក់សាកល
- 2023-11-02 06:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តំបន់សេដ្ឋកិច្ចវាយនភណ្ឌពិសេស បំណងក្រសោបទីផ្សារម៉ូដនិងសម្លៀកបំពាក់សាកល
វិនិយោគទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដោយបណ្ដាក្រុមហ៊ុនធំៗជួរមុខ ជាង ៥ពាន់លានដុល្លារ ក្នុងការជំរុញផលិតភាពផ្នែកផ្គត់ផ្គង់សំលៀកបំពាក់ និងសម្ភារៈកីឡា ទៅទីផ្សារពិភពលោក តាមរយៈគម្រោង “វាយនភណ្ឌនិងតំបន់ហ្វេសិនថ្មី”។
ចក្ខុវិស័យនៃការផ្ដួចផ្ដើមគម្រោង “វាយនភណ្ឌនិងតំបន់ហ្វេសិនថ្មី” ប្រចាំក្រុងហ្គួយកាង គឺវាយុទ្ធនាការផ្គត់ផ្គង់សម្លៀកបំពាក់និងផលិតផលកីឡា រាប់ចាប់ពី ទារក ក្មេង មនុស្សធំពេញវ័យ ការច្នៃម៉ូដល្បីៗ លក់ក្នុងតម្លៃខ្ពស់ ដើម្បីប្រកួតប្រជែងជាមួយយីហោក្រៅស្រុកល្បីៗផ្សេងទៀត ដូចជា Nike, Adidas ឬPuma ជា ព្រោះយីហោប៉ុន្មាននេះ តែងតែឈានមុខគេ សឹងរាល់ព្រឹត្តិការណ៍កីឡាទៅហើយ។
ក្រៅពីមហិច្ឆតាធំ រដ្ឋបាលចិនសម្រេចបោះទីតាំងតំបន់សេដ្ឋកិច្ចពិសេសនៅក្រុងហ្គួយកាង របស់ខេត្តក្វាងស៊ី ដោយឈរលើកត្តាសំខាន់ៗ ៤យ៉ាង៖
កត្តាភូមិសាស្ត្រ៖ រដ្ឋាភិបាលចិនបានចាត់ទុកខេត្តហ្គួងស៊ី(ក្វាងស៊ី) និងបណ្ដាក្រុងស្រុកនានាក្នុងខេត្តនេះជាភូមិសាស្ត្រយុទ្ធសាស្ត្រ រាប់ពីធនធានក្នុងខេត្ត រយៈចម្ងាយសម្រាប់ដឹកជញ្ជូនឆ្លងប្រទេស ពិសេសមកកាន់បណ្ដាប្រទេសនានាក្នុងអាស៊ាន ពិភពលោក និង បណ្ដាទីតាំងខឿនសេដ្ឋកិច្ចក្នុងស្រុកដូចជា ហ្គងតុង ហុងកុង និងម៉ាកាវជាដើម។
កត្តាកម្លាំងពលកម្ម៖ នេះជាចំណុចស្លាប់រស់របស់សង្វាក់ផលិតកម្មរបស់បណ្ដារោងចក្រសហគ្រាសនានា។ ពលកម្មច្បាស់ណាស់ ពួកគេត្រូវការធនធានក្នុងស្រុក(ក្នុងតំបន់ស្រាប់) ជាកម្លាំងគោល ទាំងលើការចំណាយទាបជាង និងសន្សំសំចៃច្រើន។ របាយប្រជាជនរបស់ហ្គួងកាង មានជាង ៥លាននាក់ គ្រប់គ្រាន់អាចឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រាសនានាបាន។
កត្តាទឹក៖ ការដឹកជញ្ជូនជារឿងសំខាន់បំផុតមួយក្រៅពីសង្វាក់ផលិតកម្មក្រោយស្របតាមនិងទទួលបានការគាំទ្រពីរដ្ឋាភិបាល ដើម្បីផ្គត់ផ្គង់និងចែកចាយទៅទីផ្សារនានា។ ហ្គួយកាងរបស់ខេត្តក្វាងស៊ី ជាទីអំណោយផលខ្លាំងលើផ្លូវទឹកសម្រាប់ដឹកជញ្ជូន ព្រោះទីនេះ ផ្លូវទឹករបស់ទន្លេភាគខាងលិច (West River) ជាទន្លេធំលំដាប់ទី២នៅចិន ដែលជាដង្ហើមដ៏សំខាន់ក្នុងការកាត់បន្ថយថ្លៃដឹកជញ្ជូន។
កត្តាដី៖ គម្រោងមួយចំនួននៅក្រុងហ្គួយកាង ជាការផ្លាស់ទីរបស់ក្រុមហ៊ុនដែលដំណើរការរួចហើយមួយចំនួន បូកបញ្ជូលជាមួយក្រុមហ៊ុនថ្មីថ្មោងខ្លះ ដោយមើលឃើញពីវិសាលភាពធំអាចអភិវឌ្ឍបាន និងផ្ទៃដីទំនេរច្រើន (៧ ១៣២គីឡូម៉ែត្រការ៉េ) ដែលអាចប្រមូលផ្ដុំក្រុមហ៊ុនរាប់រយ មកដាក់ជាប់ៗគ្នា បង្កើតជាតំបន់សេដ្ឋកិច្ចពិសេសតាមផ្នែកបាន។
ចក្ខុវិស័យលេចចេញដោយផែនការសកម្មភាព ចិនបានកំណត់ថា ប្រើពេល ១ឆ្នាំ រៀបចំតំបន់សេដ្ឋកិច្ចពិសេសនេះឲ្យកកើត។ ប្រើពេល ៣ឆ្នាំ ដើម្បីពង្រីកឲ្យកាន់តែធំ និង ៥ឆ្នាំ បន្តបង្កើនផលិតកម្មនិងទំហំវិនិយោគពីក្រុមហ៊ុន ២៥៩ ក្នុងកញ្ចប់ទឹកប្រាក់ជាង ៥ពាន់លានដុល្លារ ឲ្យដល់ ១៥ពាន់លានដុល្លារអាមេរិក។ ហើយ ១០ឆ្នាំ បន្តអភិវឌ្ឍ គុណនឹង២ទៀត (៣០ពាន់លានដុល្លារអាមេរិក) ។
ជាឧទាហរណ៍ស្របតាមគោលដៅ ចង់ឲ្យវិស័យវាយនភណ្ឌរបស់ហ្គួយកាងឈានដល់លំដាប់កំពូល ទីនេះ នឹងក្លាយជាទីផលិតនិងផ្គត់ផ្គង់សម្លៀកបំពាក់ល្អផ្ដាច់គេនៅចិន (គុណភាពល្អបំផុត និងលក់ក្នុងតម្លៃថ្លៃបំផុត) និងបន្ដប្រកួតប្រជែងជាមួយបណ្ដាជើងខ្លាំងម៉ាកធំៗផ្សេងៗទៀតលើឆាក អន្តរជាតិ ក្នុងដំណើរទស្សនកិច្ចរបស់តំណាងសារព័ត៌មានពីកម្ពុជា នៅក្នុងហាងតាំងលក់របស់ Guangxi Zhongjian Sports បានដាក់លក់សម្លៀកបំពាក់មានដល់ជាង ១០០ដុល្លារក្នុងមួយអាវកីឡា ឬខោកីឡា ក៏មាន។
តើ ៥ឆ្នាំក្រោយ ឫ១០ឆ្នាំក្រោយ យីហោសម្លៀកំពាក់ ឬសំលៀកបំពាក់កីឡារបស់ចិន អាចដើរតួជំនួសយីហោធំៗលើពិភពលោកបានកម្រិតណាដែរ?
Link : https://bit.ly/49gbUh5
អត្ថបទដោយ : iChet
ប្រភព៖shenglufashion.com