ស្វែងយល់អំពីជំងឺសើសែ្បកមួយចំនួន ដែលកើតលើកេ្មងតូចៗ!

  • 2024-06-17 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រភេទជំងឺសើស្បែក មួយចំនួននេះ អាចកើតលើកេ្មងតូចៗ! យើងតែងតែរំពឹងថា ស្បែកកូនក្មេងជាស្បែកផូរផង់រលោងហ្មត់ ប៉ុនែ្តជាញឹកញាប់ក្មេងងាយប្រឈមនឹងបញ្ហាសែ្បកដូចមនុស្សធំដែរ ដោយសារស្បែកគឺជាសរីរាង្គដែលប្រឈមដោយផ្ទាល់ជាមួយបរិស្ថាន។ ជំងឺស្បែកមួយចំនួនធំដែលកើតលើក្មេងតូចតែស្រួចស្រាល ហើយជារឿយៗ អាចជាសះស្បើយដោយខ្លួនឯងដោយមិនបន្សល់ទុកនូវស្លាកស្នាមអ្វីទាំងអស់។

តស់ មកសែ្វងយល់ពីជំងឺស្បែកមួយចំនួនដែលកើតលើកេ្មងតូច ដូចខាងក្រោមនេះ៖

១. Vernix caseosa: កំអែលខ្លាញ់ស្អិតពណ៌ស ឬ ពណ៌ប្រផេះ អាចមាននៅលើសែ្បកក្មេងដែលទើបកើត ដែលមានតួនាទីចូលរួមការពារទារកប្រឈមនឹងបរិស្ថានជុំវិញ។ ស្ថានភាពសែ្បកនេះនឹងវិលមករកភាពធម្មតាដោយខ្លួនឯង។

២. Sebaceous hyperplasia: ការរីកត្រដែតនៃក្រពេញខ្លាញ់នៅលើ ច្រមុះ ថ្ពាល់ ពុកមាត់ និងថ្ងាស់ គេសង្កេតឃើញភាគច្រើននៅលើកេ្មងដែលកើតគ្រប់ខែ កើតឡើងដោយសាររងឥទ្ធិពលអរម៉ូន androgen ពីម្តាយ។ ស្ថានភាពនេះនឹងបាត់ទៅវិញដោយឯកឯង។

៣. Milium (plural Milia): កន្តួលតូចៗពណ៌ស រឹង នៅលើមុខ ខ្លួន ដៃ ជើង ប្រដាប់ភេទ និងក្នុងមាត់ អាចមាននៅលើសែ្បកក្មេងដែលទើបកើត ហើយអាចបាត់ទៅវិញដោយឯកឯង ឬករណីខ្លះត្រូវឆ្កឹះយកចេញដោយបចេ្ចកវិជ្ជាពេទ្យ។

៤. Miliaria: កន្តួលពងទឹកតូចៗ ថ្លា ឬ ក្រហមឈូកលាយជាមួយខ្ទុះ បណ្តាលមកពីសីតុណ្ហភាពកៅ្ត នាំឲ្យកកស្ទះរន្ធញើស។ ករណីនេះសង្កេតឃើញនៅ ថ្ងាស ក ខ្លួន និងកនែ្លងហប់។ ស្ថានភាពនេះអាចបាត់ទៅវិញដោយស្លៀកសំលៀកបំពាក់ត្រជាក់ និងបន្ថយសីតុណ្ហភាពកន្លែងរស់នៅឲ្យត្រជាក់ល្មម។

៥. Toxic erythema of newborn: ស្ថានភាពនេះកើតឡើងលើកេ្មងតូចដែលកើតអត់គ្រប់ខែ ឬទម្ងន់តិចជាង ២៥០០ក្រាម។ សែ្តងឡើងជា កន្តួលសែ្បកក្រហម អាចលាយឡំជាមួយកន្តួលខ្ទុះពណ៌លឿងនៅ មុខ ខ្លួន ដៃជើង លើកលែងបាតដៃបាតជើង។ ជំងឺនេះកើតឡើងដោយមូលហេតុមិនច្បាស់លាស់ ហើយកើតនៅថៃ្ងទី២នៃថៃ្ងចាប់កំណើត និងបាត់ទៅវិញបន្ទាប់ពី១ទៅ៤សប្តាហ៍។

៦. Pityriasis alba: ភាគច្រើនកើតលើកេ្មងតូចដែលមានជំងឺ atopic dermatitis សែ្តងចេញជាបន្ទះសជាមួយក្រមរស្តើង ភាគច្រើនសង្កេតឃើញនៅមុខ ជាពិសេសថ្ពាល់។ ជំងឺនេះអាចជាដោយមិនបាច់ព្យាបាល ឬជៀសវាងបានដោយជៀសកំដៅថៃ្ង។ បើករណីធ្ងន់គួរប្រើប្រាស់ moisturizing cream និង topical steroid ដែលអាចសម្រាលរោគសញ្ញាបាន។

៧. Molluscum contagiosum: បង្កដោយ poxvirus (molluscum contagiosum virus) សង្កេតឃើញកើតលើកេ្មងក្រោមអាយុ១០ឆ្នាំ រស់នៅតំបន់អាកាសធាតុក្តៅ ហើយឆ្លងតាមរយៈការប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលតាមរយៈការប្រើប្រាស់សម្ភារៈរួម។ ជាកន្តួលរឹងមានចំនុចផតកណ្តាល ពណ៌ដូចសែ្បក ឬក្រហមឈូក។ ព្យាបាលដោយ curettage តាមបច្ចេកទេសពេទ្យបានដោយមានប្រសិទ្ធិភាព ដើម្បីបន្ថយការចម្លងរីករាលដាលនៃជំងឺ។

ដូច្នេះ បើប៉ាម៉ាក់មានកូនៗតូច ឬកុមារដែលមានបញ្ហាសែ្បក សូមអញ្ចើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញសើសែ្បកនៅមន្ទីរពេទ្យ ដែលអាចផ្តល់ការប្រឹក្សា និងការព្យាបាលកូនប៉ាម៉ាក់បានត្រឹមត្រូវតាមបច្ចេកវិជ្ជាពេទ្យ ប្រកបដោយប្រសិទ្ធភាព។ ពិសេសសូមកុំធ្វើការប្រើថ្នាំ ឬព្យាបាលដោយខ្លួនឯង នាំឲ្យមានបញ្ហាកើតឡើងបាន។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម