អ្នកមានបញ្ហាលើសសម្ពាធឈាមគួរប្រយ័ត្នចំពោះអាហារទាំងនេះ
- 2023-10-14 23:57:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកមានបញ្ហាលើសសម្ពាធឈាមគួរប្រយ័ត្នចំពោះអាហារទាំងនេះ
លើសសម្ពាធឈាមគឺនៅពេលមួយដែលសម្ពាធឈាមរបស់យើងឡើងដល់កម្រិត១៤០/៩០ ឬខ្ពស់ជាងនេះ។ បញ្ហាលើសឈាមអាចនឹងបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរបើសិនជាមិនបានទទួលការព្យាបាលត្រឹមត្រូវ។
អ្នកមានបញ្ហាលើសសម្ពាធឈាមអាចនឹងមិនមានចេញរោគសញ្ញាអ្វីនោះទេ ហើយមានតែការវាស់សម្ពាធឈាមប៉ុណ្ណោះដែលអាចដឹងពីបញ្ហានេះបាន។ កត្តាប្រឈមនៃបញ្ហាលើសសម្ពាធឈាមមានដូចជាវ័យកាន់តែច្រើន ហ្សែន ធាត់លើសទម្ងន់ មិនសូវមានសកម្មភាពរាងកាយ ចូលចិត្តញ៉ាំហារប្រៃ និងផឹកគ្រឿងស្រវឹងច្រើនជាដើម។
បើសិនគ្នាយើងមានបញ្ហាលើសសម្ពាធឈាមគួរអនុវត្តតាមការណែនាំរបស់គ្រូពេទ្យឲ្យបានត្រឹមត្រូវ។ ដូចគ្នាដែរ ការកម្រិតការញ៉ាំអាហារមួយចំនួន ក៏គួរធ្វើដូចគ្នា។
ប្រភេទអាហារបង្កសម្រាប់គ្នាយើងខ្លះយល់ថាស្រួលញ៉ាំ ឬចម្អិនលឿនជាដើម។ ប៉ុន្តែអាហារទាំងនេះភាគច្រើនសម្បូរទៅដោយជាតិសូដ្យូម ដែលអ្នកមានបញ្ហាលើសសម្ពាធឈាមគួរចៀសវាងអាហារប្រភេទនេះ។ ក្នុងករណីគ្នាយើងមានការចាំបាច់ត្រូវការញ៉ាំអាហារប្រភេទនេះ គួរស្វែងរកអាហារបង្កកណាដែលមានសូដ្យូមត្រឹម៦០០មិល្លីក្រាម ឬតិចជាងនេះ។
ដំឡូងបំពង (chips) ពោតលីង(pop corn) សុទ្ធតែមានកម្រិតសូដ្យូមខ្ពស់។ ជាក់ស្ដែងដំឡូងបំពងប្រហែល២៨ក្រាម អាចមានសូដ្យូមចន្លោះពី៥០ទៅ២០០មិល្លីក្រាម។ បើគ្នាយើងចង់ញ៉ាំគួរស្វែងរកអាហារដែលមានកម្រិតសូដ្យូមទាបជាងនេះ។
អាហារជ្រក់ដូចជាគីមឈី ស្ពៃជ្រក់ សុទ្ធតែជាអាហារសម្បួរដោយសូដ្យូម។ ជាក់ស្ដែងជ្រក់៨៥ក្រាម មានផ្ទុកសូដ្យូមប្រហែល៩០០មិល្លីក្រាម។ បើសិនជាយើងមានបញ្ហាលើសសម្ពាធឈាម គួរកម្រិតការញ៉ាំអាហារប្រភេទនេះ។
ទឹកប៉េងប៉ោះកញ្ចប់ចំណុះជិតមួយកូនពែង(៣ភាគ៤) អាចមានផ្ទុកសូដ្យូមរហូតដល់៦៦០មិល្លីក្រាម។ បើគ្នាយើងត្រូវការញ៉ាំទឹកប៉េងប៉ោះ គួរស្វែងរកផលិតផលណាដែលមានកម្រិតសូដ្យូមទាប។
ការផឹកគ្រឿងស្រវឹងច្រើនក៏មិនល្អសម្រាប់អ្នកមានបញ្ហាសម្ពាធឈាមខ្ពស់ដែរ។ ដូចគ្នាការកម្រិតការញ៉ាំគ្រឿងស្រវឹងឲ្យនៅតិចបំផុតគឺជារឿងចាំបាច់សម្រាប់អ្នកមានបញ្ហាលើសសម្ពាធឈាម។ សម្រាប់បុរសមិនគួរញ៉ាំស្រាបៀរលើសពីពីរកំប៉ុងក្នុងមួយថ្ងៃ ហើយស្រ្តីមិនគួរលើសពីមួយកំប៉ុងក្នុងមួយថ្ងៃ។