អ្នកមាន​បញ្ហាលើសសម្ពាធឈាមគួរប្រយ័ត្នចំពោះអាហារទាំងនេះ​

  • 2023-10-14 23:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លើស​សម្ពាធ​ឈាម​គឺ​នៅ​ពេល​មួយ​ដែល​សម្ពាធ​ឈាម​របស់​យើង​ឡើង​ដល់​កម្រិត១៤០/៩០ ឬ​ខ្ពស់​ជា​ង​នេះ​។ បញ្ហា​លើស​ឈាម​អាច​នឹង​បង្ក​ជា​បញ្ហា​សុខ​ភាព​ធ្ងន់ធ្ងរ​បើ​សិន​ជា​មិន​បាន​ទទួល​ការ​ព្យាបាល​ត្រឹម​ត្រូវ។​

អ្នក​មាន​បញ្ហា​លើស​សម្ពាធ​ឈាម​អាច​នឹង​មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​នោះទេ ហើយ​មាន​តែ​ការ​វាស់​សម្ពាធ​ឈាម​ប៉ុណ្ណោះ​ដែល​អាច​ដឹង​ពី​បញ្ហា​នេះ​បាន​។ កត្តា​ប្រឈម​នៃ​បញ្ហា​​លើស​សម្ពាធ​ឈាម​មាន​ដូច​ជា​វ័យ​កាន់​តែ​ច្រើន​ ហ្សែន ធាត់​លើស​ទម្ងន់ មិន​សូវ​មាន​សកម្ម​ភាព​រាងកាយ ចូល​ចិត្ត​ញ៉ាំ​ហារ​ប្រៃ និង​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជា​ដើម​។​

បើ​សិន​គ្នា​យើង​មាន​បញ្ហា​លើស​សម្ពាធ​ឈាម​គួរ​អនុវត្ត​តាម​ការ​ណែ​នាំ​របស់​គ្រូពេទ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ។ ដូច​គ្នា​ដែរ​ ការ​កម្រិត​ការ​ញ៉ាំ​អាហារ​មួយ​ចំនួន ក៏​គួរ​ធ្វើ​ដូច​គ្នា​។

អាហារ​បង្កក​

ប្រភេទ​អាហារ​បង្ក​សម្រាប់​គ្នា​យើង​ខ្លះ​យល់​ថា​ស្រួល​ញ៉ាំ ឬ​ចម្អិន​លឿន​ជា​ដើម។ ប៉ុន្តែ​អាហារ​ទាំង​នេះ​ភាគ​ច្រើន​សម្បូរ​ទៅ​ដោយ​ជាតិ​សូដ្យូម ដែល​អ្នក​មាន​បញ្ហា​លើស​សម្ពាធ​ឈាម​គួរ​ចៀស​វាង​អាហារ​ប្រភេទ​នេះ។ ក្នុង​ករណី​គ្នា​យើង​មាន​ការ​ចាំ​បាច់​ត្រូវ​ការ​ញ៉ាំ​អាហារ​ប្រភេទ​នេះ គួរ​ស្វែង​រក​អាហារ​បង្កក​ណា​ដែល​មាន​សូដ្យូម​ត្រឹម​៦០០​មិល្លីក្រាម ឬ​តិច​ជាង​នេះ​​។​​

អាហារ​សម្រន់​មាន​ជាតិអំបិល​ខ្ពស់

ដំឡូង​បំពង (chips) ពោត​លីង​(pop corn) សុទ្ធតែ​មាន​កម្រិត​សូដ្យូម​ខ្ពស់។ ជាក់​ស្ដែង​ដំឡូង​បំពង​ប្រហែល​២៨​ក្រាម អាច​មាន​សូដ្យូម​​ចន្លោះ​ពី​៥០​ទៅ​២០០​មិល្លីក្រាម​។ បើ​គ្នា​យើង​ចង់​ញ៉ាំ​គួរ​ស្វែង​រក​អាហារ​ដែល​មាន​កម្រិត​សូដ្យូម​ទាប​ជាង​នេះ។​

អាហារ​ជ្រក់

អាហារ​ជ្រក់​ដូច​ជា​គីមឈី ស្ពៃ​ជ្រក់ សុទ្ធតែ​ជា​អាហារ​សម្បួរ​ដោយ​សូដ្យូម។ ជាក់ស្ដែង​ជ្រក់​៨៥​ក្រាម មាន​ផ្ទុក​សូដ្យូម​ប្រហែល​៩០០​មិល្លីក្រាម​។ បើ​សិន​ជា​យើង​​មាន​បញ្ហា​លើស​សម្ពាធ​ឈាម គួរ​កម្រិត​ការ​ញ៉ាំ​អាហារ​ប្រភេទ​នេះ។​

ទឹក​ប៉េងប៉ោះ ឬ​ទឹក​ជ្រលក់​

​ទឹក​ប៉េង​ប៉ោះ​កញ្ចប់​​ចំណុះ​ជិត​មួយ​កូន​ពែង​​(៣ភាគ៤) អាច​មាន​ផ្ទុក​សូដ្យូម​រហូត​ដល់​៦៦០​មិល្លីក្រាម។ បើ​គ្នា​យើង​ត្រូវ​ការ​ញ៉ាំ​ទឹក​ប៉េងប៉ោះ គួរ​ស្វែង​រក​ផលិត​ផល​ណា​ដែល​មាន​កម្រិត​សូដ្យូម​ទាប​។​

គ្រឿង​ស្រវឹង

​ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ក៏​មិនល្អ​សម្រាប់​អ្នក​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ដែរ​។ ដូច​គ្នា​ការ​កម្រិត​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ឲ្យ​នៅ​តិច​បំផុត​គឺ​ជា​រឿង​ចាំ​បាច់​សម្រាប់​អ្នក​មាន​បញ្ហា​លើស​សម្ពាធ​ឈាម​។ សម្រាប់​បុរស​មិន​គួរ​ញ៉ាំ​ស្រាបៀរ​លើស​ពី​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ ហើយ​ស្រ្តី​មិន​គួរ​លើស​ពី​មួយ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​។​

ប្រភព៖ webmd ប្រែសម្រួល៖ សុខា

អត្ថបទពេញនិយម