ការញ៉ាំស៊ុតមានផលល្អ ឬមិនល្អចំពោះសុខភាពបែបណា?
- 2023-10-08 08:43:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការញ៉ាំស៊ុតមានផលល្អ ឬមិនល្អចំពោះសុខភាពបែបណា?
ស៊ុតមានផ្នែកស និងលឿង ដែលផ្នែកទាំងពីរនេះមានសារជាតិចិញ្ចឹមផ្សេងៗគ្នា តែមានសារសំខាន់ដូចគ្នាចំពោះរាងកាយ។ អ្នកខ្លះអាចគិតថាញ៉ាំស៊ុតអាចធ្វើឲ្យឡើងកូលេស្តេរ៉ូល តែការពិតវាជាកូលេស្តេរ៉ូលល្អ ដែលជួយកម្ចាត់កូលេស្តេរ៉ូលអាក្រក់ ហើយជួយដល់សុខភាពបេះដូង។
ជាទូទៅស៊ុតជាអាហារដែលល្អ មានតម្លៃធូរថ្លៃ ដែលមានជាប្រភពប្រូតេអ៊ីន និងសារជាតិចិញ្ចឹមច្រើន។ យ៉ាងណា អ្នកខ្លះក៏ជឿដែរថាស៊ុតផ្នែកពណ៌លឿងអាចធ្វើឲ្យយើងប្រឈមនឹងជំងឺបេះដូង? បើអីចឹងតើស៊ុតមានគុណប្រយោជន៍ និងផលប៉ះពាល់បែបណា?
ស៊ុតមានពីរផ្នែកសំខាន់គឺផ្នែកស និងផ្នែកលឿង។ ផ្នែកស ភាគច្រើនផ្ទុកប្រូតេអ៊ីន ហើយផ្នែកលឿងសម្បូរដោយសារជាតិចិញ្ចឹម។
មូលហេតុចម្បងដែលពីដើមឡើយគេគិតថាស៊ុតអាចប៉ះពាល់សុខភាពក៏ដោយសារតែផ្នែកលឿងនៃស៊ុតសម្បូរដោយកូលេស្តេរ៉ូល។ ការសិក្សាជាច្រើនបានភ្ជាប់កូលេស្តេរ៉ូលទៅនឹងជំងឺបេះដូង។ កាលពីឆ្នាំ១៩៦១ សមាគមសុខភាពបេះដូងអាមេរិកបានណែនាំឲ្យកម្រិតការញ៉ាំអាហារមានកូលេស្តេរ៉ូល ព្រមជាមួយនឹងអង្គការសុខភាពអន្តរជាតិជាច្រើនទៀតក៏ណែនាំដូចគ្នានេះដែរ។
ជាច្រើនទសវត្សក្រោយមកការញ៉ាំស៊ុតក៏បានធ្លាក់ចុះយ៉ាងខ្លាំងនៅលើពិភពលោក។ មនុស្សជាច្រើនបានជ្រើសរើសញាំស៊ុតដែលគេធ្វើឡើងគ្មានកូលេស្តេរ៉ូល ដោយជឿថាជាជម្រើសល្អសម្រាប់សុខភាព។
ស៊ុតមានកូលេស្តេរ៉ូលខ្ពស់ ដែលកូលេស្តេរ៉ូលនេះស្ថិតក្នុងកម្រិតស្តង់ដាររបស់របបអាហារជនជាតិអាមេរិកកាំង។ ស៊ុតមួយទម្ងន់៥០ក្រាមមានកូលេស្តេរ៉ូលប្រហែល២០៥មិល្លីក្រាម។ គិតមកដល់បច្ចុប្បន្នកម្រិតកូលេស្តេរ៉ូលដែលណែនាំឲ្យញ៉ាំមាន៣០០មិល្លីក្រាមក្នុងមួយថ្ងៃ។ យ៉ាងណា មកទល់នឹងពេលបច្ចុប្បន្ននេះ អង្គការសុខភាពនៅតាមប្រទេសជាច្រើនលែងណែនាំឲ្យរឹតត្បិតការញ៉ាំកូលេស្តេរ៉ូលដូចពេលមុនទៀតដែរ។
ជាការពិតពេលយើងញ៉ាំស៊ុត ឬអាហារសម្បូរកូលេស្តេរ៉ូលផ្សេងទៀត ថ្លើមនឹងបន្ថយការផលិតកូលេស្តេរ៉ូលដែរ។ ជាលទ្ធផលកូលេស្តេរ៉ូលក្នុងឈាមរបស់យើងអាចនឹងនៅដដែល ឬកើនឡើងតិចតួច តែនៅរក្សាកម្រិតលំនឹងរវាងកូលេស្តេរ៉ូលល្អ និងអាក្រក់ដដែល។ កូលេស្តេរ៉ូល គឺជាសារធាតុចាំបាច់សម្រាប់ភ្នាសកោសិកាក្នុងរាងកាយដែលមានសារសំខាន់សម្រាប់ការរស់រានមានជីវិត។
ការសិក្សាមួយចំនួនបានរកឃើញថាការញ៉ាំស៊ុតមួយ ឬពីរគ្រាប់ក្នុងមួយថ្ងៃមិនបានធ្វើឲ្យមានការប្រែប្រួលកម្រិតកូលេស្តេរ៉ូលក្នុងរាងកាយនោះទេ ហើយក៏មិនបង្កហានិភ័យកើតជំងឺបេះដូងដែរ។ ដូចគ្នាដែរការញ៉ាំស៊ុតក្នុងកម្រិតនេះក៏មិនបង្កឲ្យមានកូលេស្តេរ៉ូលអាក្រក់ ឬឡើងជាតិខ្លាញ់លើអ្នកមានបញ្ហាលើសទម្ងន់ ឬអ្នកត្រៀមកើតជំងឺទឹកនោមផ្អែមនោះដែរ។
ជាមួយគ្នានេះដែរ មានការសិក្សាដោយប្រើវិធីសាស្រ្តអង្កេតលើមនុស្សជាង២៦ម៉ឺននាក់ ក៏មិនបានរកឃើញទេថាការញ៉ាំស៊ុតមានទំនាក់ទំនងនឹងជំងឺបេះដូង ឬបញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាលនោះដែរ។