តើមនុស្សចាស់គួរទទួលទានអាហាររូបត្ថម្ភអ្វីខ្លះដើម្បីមានសុខភាពល្អ?

  • 2023-10-13 23:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុខភាព គឺជារឿងសំខាន់ចំពោះមនុស្សគ្រប់រូប មិនថាប្រុសស្រី ក្មេងឬចាស់។ យ៉ាងណាមិញ កាលណាវ័យកាន់តែចាស់ទៅ រាងកាយយើងកាន់តែមានការផ្លាស់ប្តូរ ដែលធ្វើឲ្យយើងមានតម្រូវការថាមពល (កាឡូរី) កាន់តែទាប។

ដូច្នេះ វាមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយការញ៉ាំច្រើន ក្នុងករណីយើងធ្វើសកម្មភាពតិច។ ក្រៅពីនេះ ការជ្រើសរើសអាហារូបត្ថម្ភត្រឹមត្រូវ និងសម្បូរដោយសារធាតុចិញ្ចឹមពិតជាមានអត្ថប្រយោជន៍សម្រាប់សុខភាពរបស់មនុស្សវ័យ​ចំណាស់។

ខាងក្រោមជាប្រភេទអាហារដែលល្អសម្រាប់មនុស្សចាស់ និងជួយឲ្យពួកគាត់មានសុខភាពល្អ និងរឹងមាំ៖

អាហារសុខភាពត្រូវបានបែងចែកជា ៥ក្រុមអាហារសំខាន់ៗ៖

  • ផ្លែឈើ និងបន្លែ
  • ដំឡូង នំប៉័ង អង្ករ ប៉ាស្តា និងអាហារម្សៅផ្សេងៗទៀត
  • ទឹកដោះគោ និងផលិតផលមានទឹកដោះគោ
  • សណ្តែក គ្រាប់ធញ្ញជាតិ ត្រី ស៊ុត និងប្រូតេអ៊ីនផ្សេងៗទៀត
  • ប្រេងសណ្តែក

ក្រៅពីនេះមនុស្ស​វ័យ​ចំណាស់​គួរញ៉ាំអាហារដែលសម្បូរសារធាតុចិញ្ចឹមដូចខាងក្រោមផង​ដែរ៖

កាល់ស្យូម

ជំងឺពុកឆ្អឹង គឺជាបញ្ហាសុខភាពឈានមុខគេមួយ ដែលកើតឡើងលើមនុស្សចាស់ ជាពិសេសស្ត្រី។ នេះជាជំងឺដែលដង់ស៊ីតេឆ្អឹងធ្លាក់ចុះ និងធ្វើឲ្យហានិភ័យនៃការបាក់ឆ្អឹងកើនឡើង។

ប្រភពដ៏ល្អនៃជាតិកាល់ស្យូមគឺជាផលិតផលទឹកដោះគោ ដូចជាទឹកដោះគោ ឈីស និងទឹកដោះគោជូរ។ យើងគួរជ្រើសរើសប្រភេទផលិតផលទឹកដោះគោ ដែលមានជាតិខ្លាញ់ទាប។ ក្រៅពីនេះ កាល់ស្យូមក៏មាន​នៅក្នុងត្រី បន្លែបៃតងដូចជា ខាត់ណាខៀវ ស្ពៃក្តោប សណ្តែកសៀង និងតៅហ៊ូជាដើម។

ជាតិដែក

មនុស្សវ័យចំណាស់​គួរញ៉ាំអាហារសម្បូរជាតិដែកច្រើន ដើម្បីជួយរក្សាទុកជាតិដែកឲ្យមាននៅក្នុងខ្លួន។ ប្រភពជាតិដែកដ៏ល្អបំផុត គឺសាច់ក្រហម។ ជាតិ​ដែក​ក៏​មាន​នៅក្នុង គ្រាប់ធញ្ញជាតិ ត្រីសម្បូរខ្លាញ់ ស៊ុត នំបុ័ង និងបន្លែបៃតងជាដើម។

វីតាមីន C

អាហារ និងភេសជ្ជៈសម្បូរវីតាមីន C នឹងជួយឱ្យរាងកាយស្រូបយកជាតិដែក ដូច្នេះយើង​អាចញ៉ាំផ្លែឈើ បន្លែ ឬទឹកផ្លែឈើ ជាមួយនឹងអាហារសម្បូរជាតិដែក។ វីតាមីន C មាននៅក្នុងផ្លែក្រូច បន្លែបៃតង ម្ទេសប្លោក ប៉េងប៉ោះ និងដំឡូងជាដើម។

វីតាមីន A

ការញ៉ាំវីតាមីន A ច្រើនពេក អាចបង្កើនហានិភ័យនៃការបាក់ឆ្អឹង។ ថ្លើមសត្វ គឺជាប្រភពសម្បូរវីតាមីន A ដូច្នេះអ្នកគួរចៀសវាងការញ៉ាំថ្លើម ឬផលិតផលថ្លើមដូចជាប៉ាតេច្រើនជាងម្តងក្នុងមួយសប្តាហ៍។

អាស៊ីតហ្វូលិក

អាហារដែលមានអាស៊ីតហ្វូលិកជួយរក្សាសុខភាពក្នុងវ័យកាន់តែចាស់។ ប្រភពនៃអាស៊ីតហ្វូលិក គឺបន្លែបៃតង អង្ករសម្រូប និងនំបុ័ង ជាដើម។

វីតាមីន D

វីតាមីន D គឺជាវីតាមីនដ៏សំខាន់សម្រាប់មនុស្សគ្រប់រូបក្នុងការជួយអភិវឌ្ឍ និងថែរក្សាឆ្អឹង ធ្មេញ និងសាច់ដុំឱ្យមានសុខភាពល្អ។ យើង​អាច​ទទួលបានវីតាមីន D ពីប្រភពសំខាន់ៗចំនួនបី៖

  • ពន្លឺព្រះអាទិត្យ
  • ចំណីអាហារ
  • ថ្នាំបំប៉នវីតាមីន D សម្រាប់មនុស្សវ័យ​ចំណាស់​គ្រូពេទ្យ​អាច​ណែ​នាំ​ឲ្យ​ញ៉ាំ វីតាមីនD និងកាល់ស្យូម ដើម្បីការពារសុខភាពឆ្អឹង និងប្រឆាំងនឹងជំងឺពុកឆ្អឹង។
ប៉ូតាស្យូម

នៅពេលយើង​កាន់តែចាស់ តម្រងនោមក៏កាន់តែបាត់បង់សមត្ថភាពដកប៉ូតាស្យូមចេញពីឈាម ដូច្នេះយើងគួរចៀសវាង ការប្រើថ្នាំបំប៉នដែលមានសារធាតុប៉ូតាស្យូម លុះត្រាតែមានការណែនាំពីគ្រូពេទ្យ។

គ្រប់​គ្នា​ត្រូវដឹងថា «គ្មានអាហារតែមួយមុខណាអាចផ្តល់សារធាតុចិញ្ចឹមទាំងអស់ដែលយើងត្រូវការនោះទេ»

ដូច្នេះវាជារឿងសំខាន់ក្នុងការរួមបញ្ចូលអាហារជាច្រើនប្រភេទនៅក្នុងរបបអាហារសម្រាប់មនុស្សវ័យ​ចំណាស់​ ដើម្បីឲ្យពួកគាត់ទទួលបាននូវរបបអាហារដែលមានសុខភាពល្អ និងមានតុល្យភាព។

ប្រភព៖ NiDirect អត្ថបទដោយ៖ សុលក្ខិណា

អត្ថបទពេញនិយម