ហេតុអ្វីស្រីៗងាយនឹងប្រឈមបញ្ហាថប់បារម្ភ ឬបាក់ទឹកចិត្តខ្ពស់ជាងបុរស?
- 2023-10-04 08:58:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីស្រីៗងាយនឹងប្រឈមបញ្ហាថប់បារម្ភ ឬបាក់ទឹកចិត្តខ្ពស់ជាងបុរស?
ការសិក្សាមួយចំនួនបានរកឃើញពីភាពខុសគ្នារវាងបុរស និងស្រ្តីទាក់ទងនឹងបញ្ហាថប់បារម្ភ និងបាក់ទឹកចិត្ត។ ការសិក្សារកឃើញថាស្រ្តីងាយនឹងមានបញ្ហាទាំងនេះខ្ពស់ជាងបុរស។ ការសិក្សាទ្រង់ទ្រាយធំមួយធ្វើឡើងកាលឆ្នាំ២០១៧ បានរកឃើញថាស្រ្តីមានទំនោរទៅរកបញ្ហាថប់បារម្ភ ឬបាក់ទឹកចិត្តពីរដងខ្ពស់ជាងបុរស។ តាមរយៈការសិក្សាគេរកឃើញថាកត្តាមួយចំនួនបានធ្វើឲ្យស្រ្តីងាយប្រឈមនឹងបញ្ហាផ្លូវចិត្តបែបនេះ។
ស្រ្តីក្នុងវ័យបន្តពូជដែលមានអាយុចន្លោះពី២៥ទៅ៤៤ឆ្នាំ អ័រម៉ូនបានដើរតួយ៉ាងសំខាន់ក្នុងការធ្វើឲ្យមានបញ្ហាថប់បារម្ភ ឬបាក់ទឹកចិត្ត។
អ័រម៉ូនដូចជាអឺស្រ្តូហ្សែន និងប្រូជេស្តេរ៉ូន មានឥទ្ធិពលលើសេរ៉ូតូនីន ដែលជាភ្នាក់ងារគីមីនៃអារម្មណ៍ល្អដែលជំរុញឲ្យស្រ្តីមានអារម្មណ៍រីករាយ។ ប៉ុន្តែនៅពេលដែលអ័រម៉ូនអឺស្រ្តូហ្សែន និងប្រូជេស្តេរ៉ូនធ្លាក់ចុះ សេរ៉ូតូនីន ក៏ធ្លាក់ចុះដូចគ្នា ដែលអាចនាំឲ្យស្រ្តីមួយចំនួនប្រឈមបញ្ហាបាក់ទឹកចិត្ត។ កត្តាអាយុកាន់តែច្រើន កត្តាជំងឺជាក់លាក់មួយចំនួន និងកត្តាបញ្ហាតំណពូជ គឺជាដើមចមនាំឲ្យអ័រម៉ូនទាំងនេះធ្លាក់ចុះ។
ក្នុងបរិបទសង្គមមួយចំនួនមនុស្សស្រីត្រូវទទួលការរឹតត្បិតលើសិទ្ធិសេរីភាពជាងបុរស ឬក្មេងប្រុស។ សង្គមខ្លះមានប្រពៃណី ទំនៀមទម្លាប់តឹងរឹងលើនារីភេទ ដែលនាំឲ្យនារីបាត់បង់នូវឱកាសក្នុងការចូលរួម ឬបញ្ចេញមតិជាដើម។ ការសិក្សារកឃើញថាស្រ្តីដែលស្ថិតក្នុងបរិបទសង្គមមួយដែលរឹតត្បិតខុសពីបុរសបែបនេះក៏ប្រឈមនឹងបញ្ហាបាក់ទឹកចិត្ត ឬថប់បារម្ភដែរ។
ដូចគ្នាដែរ ស្រ្តីមួយចំនួនផ្សេងទៀតនៅពេលឈប់ធ្វើការនិងក្លាយជាម្ដាយ និងមេផ្ទះក្រោយរៀបការ ក៏មិនសូវទទួលបានការឲ្យតម្លៃពីសង្គម ឬក្រុមមួយចំនួន ដែលការមិនឲ្យតម្លៃលើតួនាទីស្រ្តីក្នុងគ្រួសារបែបនេះក៏ជាចំណែកមួយធ្វើឲ្យស្រ្តីមានបញ្ហាថប់បារម្ភដែរ។ ជាងនេះទៅទៀតបើស្រ្តីក្លាយជាភរិយា មានទាំងកូន ហើយបន្តធ្វើការក្រៅទៀននោះ ក៏កាន់តែមានសម្ពាធដែរ ដោយសារស្រ្តីពិបាកបែងចែងថាខ្លួនមានតួនាទីអ្វីឲ្យប្រាកដ។
តើស្រ្តីគួរធ្វើបែបណា? ដើម្បីដោះស្រាយបញ្ហានេះ ស្រ្តីគ្មានអ្វីក្រៅពីការស្វែងរកជំនួយពីដៃគូ ឬអ្នកជំនាញនោះទេបើករណីនេះបង្កការរំខានដល់ជីវិតប្រចាំថ្ងៃ។ ក្រៅពីនេះ ស្រ្តីត្រូវយកចិត្តទុកដាក់លើខ្លួនឯងបន្ថែមទៀតដូចជាឆ្លៀតហាត់ប្រាណ ញ៉ាំអាហារល្អៗចំពោះសុខភាព និងគេងឲ្យបានគ្រប់គ្រាន់ជាដើម។
ស្រ្តីយើងគួរដឹងដែរថាការគ្រប់គ្រងបញ្ហាថប់បារម្ភ និងបញ្ហាបាក់ទឹកចិត្តគឺត្រូវការពេលវេលា និងវិធីសាស្រ្តត្រឹមត្រូវដែលខ្លួនយើងអាចទទួលយកបាន និងមានភាពអត់ធ្មត់។ ក្រៅពីនេះកុំស្ទាក់ស្ទើរក្នុងការស្វែងរកជំនួយពីមិត្តភក្ដិ ដៃគូ ឬគ្រូពេទ្យជំនាញ។